វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១០ ០១ ២០២២
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យក្រសួងអប់រំ ធ្វើការ ពិនិត្យឡើងវិញឱ្យស្របនឹងបរិបទថ្មីៗ ដែលជំរុញការអភិវឌ្ឍន៍សមត្ថភាពនិងការកសាងប្រព័ន្ធអប់រំដ៏រឹងមាំ ដើម្បីធានាផ្តល់សេវាអប់រំ ដែលមានភាពឆ្លើយតបនិងរស់រវើក ជាពិសេសដំណើរការបង្រៀននិងរៀនដែលមានភាពទន់ភ្លន់ និងតាមទម្រង់នៃវិមជ្ឈការ និងវិសហមជ្ឈការ នៃសេវាអប់រំ និង ត្រូវបន្តជំរុញការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក ។
តាមរយៈសារលិខិតក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២២ សម្តេចតេជោបានមាន ប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់យកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សា ដំបូងរបស់ក្មួយៗដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នានៅក្នុងគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ។
សម្តេចតេជោ បានបន្តថា ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២១-២០២២ ទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក សម្តេចសូមលើកឡើង នូវចំណុចមួយចំនួន ដូចជា ក្រសួងអប់រំ ត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនាទានថ្មី គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ ដោយសូមគិតគូរអំពី ជម្រើសនិងអភិវឌ្ឍធនធានបង្រៀននិងរៀនឱ្យបានច្រើនសម្បូរបែប ។
សម្តេចតេជោបានបន្តទៀតថា ត្រូវធ្វើការពិនិត្យឡើងវិញឱ្យស្របនឹងបរិបទថ្មីៗ ដែលតម្រូវឱ្យធ្វើការអភិវឌ្ឍន៍សមត្ថភាព និងការកសាងប្រព័ន្ធ អប់រំដ៏រឹងមាំ ដែលមានភាពរស់រវើក មានគណនេយ្យភាពនិងកាន់តែធានាបាននូវភាពសក្តិសិទ្ធិនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់ លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន រួមបញ្ចូលទាំងប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រូបង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈក្នុងវិស័យអប់រំ, ការបង្កើនប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការអនុវត្តន៍វិមជ្ឈការនិងវិសហមជ្ឈការក្នុងវិស័យអប់រំ, និងការ អភិវឌ្ឍន៍សមត្ថភាពនិងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រង នាយកសាលា និងគ្រូបង្រៀន។ បន្ថែមពីនោះទៀត ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ លើការអប់រំឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្រ្តបង្រៀនថ្មីៗក្នុងសតវត្សរ៍ទី២១និងការផ្តោតលើការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនឹងបណ្ដុះបាននូវអ្នកជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ៕
Comments