អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

 

 

 វិទ្យុជាតិកម្ពុជា ៖ ស៊ីផុន ហ៊ុងគ្រី

 

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សាយ ម៉េងគីម អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរយនាក់ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំមន្ទីរអប់រំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ទោះឋិតក្នុងបរិបទ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈការបង្រៀនផ្ទាល់ និងការបង្រៀនពីចម្ងាយ (អនឡាញ )។ ឯកឧត្តម បានបញ្ជាក់ថា ប្រទេសជាតិមួយ អភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំខ្ពស់ មានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅ ដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា នៅក្នុងគ្រួសារ។ សម្រាប់បវេសនកាលថ្មីនេះ សូមឱ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងត្រូវចៀស ឱ្យឆ្ងាយពីគ្រឿងញៀន។ ក្រៅពីការសិក្សានៅសាលារៀន ក្មួយៗ គួរឆ្លៀតពេលរៀនជំនាញបច្ចេកទេស ធ្វើការដាំដុះបន្លែ ដំណាំហូបផ្លែ និង ចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីជួយសម្រួលបន្ទុកគ្រួសារ និងបង្កើនជំនាញសម្រាប់ខ្លួនឯង។ ឯកឧត្តម ថង សាវុន ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់វិស័យឯកជន សប្បុរសជននានា ដែលបានជួយកសាងបណ្ណាល័យមួយ នៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីនេះ ដែលបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការអានសៀវភៅ។ ម្យ៉ាងវិញទៀត ឯកឧត្តម ក៏បានអំពាវនាវ និងលើកទឹកចិត្ត ឱ្យវិស័យឯកជន វិនិយោគលើវិស័យគ្រឹះស្ថានសិក្សាឯកជនឱ្យបានច្រើនថែមទៀត ដើម្បីលើកកម្ពស់វិស័យអប់រំ នៅក្នុង ខេត្តមណ្ឌលគិរី។

 

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ហើយនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ មន្ទីរសុខាភិបាល នឹងធ្វើការចាក់វ៉ាក់សាំងដូសទី ៣ ជូនសិស្សានុសិស្សនៅវិទ្យាល័យនេះផ្ទាល់តែម្ដង ដូច្នេះសូមក្មួយៗ លោកគ្រូ អ្នកគ្រូ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ សូមមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

 

តាមរបាយការណ៍របស់លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅឆ្នាំកន្លងមក មានសិស្សបឋម សិក្សាសរុប ១៤,៩៥៦នាក់ ស្រី ៧,៥១៧នាក់ សិស្សជនជាតិដើមភាគតិចចំនួន ៥,៩៨៤នាក់ សិស្សមធ្យមសិក្សាបឋមភូមិ មានចំនួន ៣,៤១១នាក់ ស្រី ១,៨២៥នាក់ និងសិស្សមធ្យមសិក្សាទុតិយភូមិចំនួន ១,៧០៦នាក់ ស្រី ៩៣១នាក់៕IMG_20220111_105616_925IMG_20220111_105611_009

Comments

Related posts