លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំសិក្សា និងចៀសឆ្ងាយពីគ្រឿងញៀន 

 

 

វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

 

កំពង់ឆ្នាំង ÷ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនរលាប្អៀរ ព្រមទាំងមានការ ចូលរួមពីលោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយរិទ្ធ ក្រុមយុវជនកាកបាទក្រហម កម្ពុជា និងអាណាព្យាបាលសិស្សសរុបជាង៣០០នាក់ ។

 

តាមរបាយការណ៍ស្វាគមន៍របស់លោក ខៀវ វុទ្ធី នាយកសាលាបានបញ្ជាក់ឱ្យដឹងថា នៅក្នុងឆ្នាំសិក្សាថ្មី២០២១-២០២២នេះ វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ មានអគារ១២ខ្នង ក្នុងនោះមានអគារសិក្សា៧ខ្នង ស្មើ៤៩បន្ទប់ និងអគារផ្សេងៗមាន៤ខ្នង ស្មើ១១បន្ទប់ ក្នុងនោះគឺ អគារទីចាត់ការ២ខ្នង ស្មើ៦បន្ទប់ អគារកាត់ដេរ ១ខ្នងស្មើ៣បន្ទប់ និងអគារចាស់ទ្រុឌទ្រោម ១ខ្នងស្មើ២បន្ទប់ ហើយមានសិស្សសរុបចំនួន ១៦៩៧នាក់ ស្រី៩៥៥នាក់ ចែកចេញជា៤២ថ្នាក់ ក្នុងនោះមានថ្នាក់ទី៧ ចំនួន៦ថ្នាក់ ថ្នាក់ទី៨ ចំនួន៥ថ្នាក់ ថ្នាក់ទី៩ ចំនួន៤ថ្នាក់ ថ្នាក់ទី១០ ចំនួន១០ថ្នាក់ ថ្នាក់ទី១១ ចំនួន៩ថ្នាក់ និងថ្នាក់ទី១២ ចំនួន៧ថ្នាក់ ។

 

មានប្រសាសន៍ក្នុងឱកាសនោះលោក ស៊្រន សំឫទ្ធី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមនឹងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបញ្ចេញអស់ពីកម្លាំងកាយចិត្ត ក្នុងការខិតខំបង្រៀនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ឱ្យទទួលបាននូវចំណេះដឹង ទាំងអស់គ្នានេះ ទោះជាប្រទេសយើងជួបនូវវិបត្តិនៃជំងឺកូវីដ19 យ៉ាងណាក៏ដោយ។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ដើម្បីឱ្យសមស្របទៅនឹងពាក្យស្លោកមួយឃ្លាថា ៖ `` កុមារជាទំពាំងស្នងឫស្សី `` ចូរក្មួយៗត្រៀមខ្លួន ឱ្យបានល្អ ដើម្បីត្រងត្រាប់ទទួលនូវការណែនាំអប់រំចូលរួមគ្រប់សកម្មភាពបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ ដើម្បីទទួលចំណេះដឹងថ្មី បទពិសោធន៍ និង បំណិនផ្សេងៗ ឈានទៅអភិវឌ្ឍសង្គមជាតិបន្តវេនពីរៀមច្បងរបស់យើង។ទន្ទឹមនឹងនេះសូមប្អូនៗ ក្មួយៗអនុវត្តឱ្យខាងតែបានគោលការណ៍ ប្រតិបត្តិស្តង់ដារ ( SOP) របស់ក្រសួងសុខាភិបាល នូវវិធានការទប់ស្កាត់ជំងឺCOVID-19។ 

 

លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលគ្រឿងញៀននេះធ្វើឱ្យយើង ខូចអនាគត អាប់ឱនកិត្តិយសគ្រួសារ ព្រមទាំងប្រឈមផ្លូវច្បាប់ទៀតផង និងសូមឱ្យក្មួយៗ ប្អូនៗ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ 

 

ក្នុងឱកាសនោះលោក អភិបាលរងខេត្ត ក៏បានផ្ដល់នូវ បណ្ណសរសើរដល់សិស្សានុសិស្ស ប្អូនៗ ក្មួយៗ ដែលរៀនពូកែជាប់ចំណាត់ថ្នាក់ល្អ និង សិស្សជួបការលំបាកនៅក្នុងពិធីនោះផងដែរ៕IMG_20220111_110953_120IMG_20220111_110950_279IMG_20220111_110955_386

Comments

Related posts