វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ១០ មករា ២០២២
MC ៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកទឹកចិត្តឲ្យក្រុមការងារនៃគណ:កម្មការផលិតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺ ព្រះចន្ទពេញ បូណ៌មី» រួមសហការគ្នាពីគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យការថតខ្សែភាពយន្តនេះបានល្អ ។ ការលើកទឹកចិត្តបែបនេះក្នុងឱកាសឯកឧត្តម ទទួលជួបឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណ:កម្មការផលិត ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជំរុញនិងលើកទឹកចិត្ត ឱ្យក្រុមការងារនៃគណ:កម្មការផលិតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៌មី» រួមសហការគ្នាពីគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យ ការថតខ្សែភាពយន្តនេះ បានគ្រប់ទិដ្ឋភាពនៃសាច់រឿង មានគុណភាព ល្អ ជាខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត ដើម្បីយកមកចាក់បញ្ចាំងឱ្យប្រជាពលរដ្ឋបានដឹង បានឃើញទាំងអស់គ្នា។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ឹម សុទិត្យា បានជម្រាបជូនពីវឌ្ឍនភាពការងាររបស់ គណ:កម្មការផលិតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺ ព្រះចន្ទពេញបូណ៌មី» ដែលក្រុមការងារបានរៀបចំសម្ភារៈបច្ចេកទេសបានរួចរាល់ស្ទើរតែគ្រប់ចំនួនតាមផែនការនៃការផលិត ដោយគ្រោង ចេញធ្វើការថតសាកល្បង ដើម្បីធ្វើតេស្តសម្ភារៈបច្ចេកទេស និងពណ៌នៃរូបភាព និងការបង្ហាញពីអារម្មណ៍នៃសាច់រឿង ដែលគ្រោងផលិតចំនួន ប្រមាណ៥២ភាគ ក្នុង១ភាគរយ:ពេល ប្រមាណ ៤០ទៅ៤៥នាទី គ្រោងថតរយៈពេល ១៣ខែ ហើយគ្រោងចប់រួចរាល់ទាំងស្រុង ចេញជា ខ្សែភាពយន្ត នាខែឧសភា ឆ្នាំ២០២៣ ។
ឯកឧត្តម ហ៊ឹម សុទិត្យា បន្ដថា ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី គឺជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពី ជីវិតពិតៗ របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុលពត៕
Comments