សម្តេចតេជោណែនាំឱ្យពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានឆាប់រហ័ស ខណៈដែលមេរោគបំប្លែងថ្មីអូមីក្រុងបានឆ្លងចូលក្នុងសហគមន៍

 

               ​ វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១០ ០១ ២០២២

                           ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា បានណែនាំឱ្យពន្លឿនការ ចាក់វ៉ាក់សាំងដូសជំរុញឱ្យបានឆាប់រហ័សដើម្បីសុវត្ថិភាពប្រជាជន ខណៈដែលមេរោគបំប្លែងថ្មីអូមីក្រុងបានឆ្លងចូលក្នុងសហគមន៍ហើយ ។

ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពនៃការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចូលក្នុងសហគមន៍ នៅថ្ងៃទី១០ ខែមករា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មេរោគកូវីដបំប្លែងថ្មីដែលហៅថា អូមីក្រុង បានចាប់ផ្តើមលុកលុយទៅក្នុងសហគមន៍ ដែលថ្ងៃនេះមានការឆ្លង ចូលក្នុងសហគន៍ចំនួន១០ករណី ខណៈកិច្ចការបន្ទាន់គឺពង្រឹងវិធានការការពារ ដើម្បីកុំឱ្យរីករាលដាលធ្ងន់ធ្ងរ ។ សម្តេចតេជោបានបន្តថា ក្នុងស្ថានការណ៍បែបនេះត្រូវតែយកចិត្តទុកដាក់ទៅលើវិធានការការពារឱ្យបានខ្លាំងខ្លាបំផុត នោះគឺការបន្តអនុវត្តន៍នូវវិធានការ៣កុំនិង៣ការពារ ដើម្បីធានាថាសហគមន៍ មានភាពរឹងមាំ។

សម្តេចតេជោក៏បានបទបញ្ជាឱ្យជំរុញល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋឱ្យបានលឿនបំផុត ខណៈដែលគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង បានចែកជូនវ៉ាក់សាំងAstrazeneca និង Moderna ទៅតាមបណ្តាខេត្តរួចហើយ។ប៉ុន្តែសម្រាប់វ៉ាក់សាំង Pfizer គឺចាក់នៅទីក្រុងភ្នំពេញ ដោយយើងមិនមានប្រព័ន្ធសុវត្ថិភាពសម្រាប់ការបញ្ជូន Pfizerនេះ ទៅតាមបណ្តាខេត្តនោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា បើទោះបីជាវ៉ាក់សាំងប្រភេទណាក៏ដោយ តម្រូវការបញ្ហាសំខាន់គឺគ្រូពេទ្យ ត្រូវមានគ្រប់គ្រាន់ ដើម្បីចាក់ បន្ថែមលើនោះអ្វីដែលសំខាន់ទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែពង្រឹងនិងយកចិត្តទុកដាក់ទៅលើការប្រមូលមនុស្ស មកចាក់ឱ្យ បានគ្រប់ៗគ្នានូវដូសជំរុញ ដើម្បីជាវិធានការទប់ស្កាត់ជាមួយនឹងមេរោគបំប្លែងថ្មីនេះ។ បន្ថែមពីនោះទៀត លក្ខខណ្ឌនៃការទទួលបានដូសទី៣ គឺត្រូវអនុវត្តទៅតាមស្តង់ដារ សុខាភិបាលដែលបានបញ្ជាក់ គឺ៤ខែក្រោយពីទទួលដូសទី២ បើមិនដូច្នេះទេគ្រូពេទ្យមិនចាក់ឱ្យនោះទេ។ 

សម្ដេចបញ្ជាក់ថា « ខ្ញុំសូមអំពាវនាវឱ្យប្រញាប់ប្រញាល់អនុវត្តន៍នូវកិច្ចការងារនេះ ដោយប្រមូលផ្តុំក្រុមគ្រូពេទ្យទាំងអស់ ដើម្បីចាប់ផ្តើម ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ដែលមកដល់ពេលនេះយើចាក់បានប្រមាណជិត៤លាននាក់ ប៉ុន្តែយើងនៅប្រមាណ១០លាននាក់ ថែមទៀតដែលមិនទាន់បានចាក់នៅឡើយ ។ដូច្នេះខ្ញុំសូមឱ្យយកចិត្តទុកដាក់ទៅលើការដោះស្រាយបញ្ហានេះបន្ទាន់ ហើយសូមរំលឹកសារជាថ្មី ចំពោះឯកឧត្តម លោកជំទាវ អភិបាលខេត្ត ក៏ដូចជាអស់លោក លោកស្រីអភិបាលស្រុក លោក លោកស្រី ក្រុមប្រឹក្សាឃុំសង្កាត់ ក៏ដូចជាថ្នាក់ភូមិ ត្រូវខិតខំ ដើម្បីបំផុសឱ្យប្រជាពលរដ្ឋយើងទទួលវ៉ាក់សាំងដូសជំរុញ នេះឱ្យខាងតែបាន ដើម្បីធានាថា ប្រទេសរបស់យើងនៅបន្តបើក ទោះបីជា អូមីក្រុង កំពុងលុកលុយចូលសហគមន៍»៕IMG_20220111_114952_462-1

Comments

Related posts