វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តកែប
កែប៖ រសៀលថ្ងៃទី១០ មករា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចាក់បេតុងអារម៉េមួយខ្សែ ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
បើតាមរបាយការណ៍ស្វាគមន៍ របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត ឱ្យដឹងថាៈ ផ្លូវបេតុងមួយខ្សែដែលត្រូវកាត់ខ្សែបូសម្ពោធ ដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនាពេលនេះ មានប្រវែងសរុប ១.២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ៣៣A ទៅកាន់ផ្លូវជាតិលេខ៣៣។ ឯកឧត្តម បញ្ជាក់ថា ខេត្តកែបបច្ចុប្បន្ននេះពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននិងកំពុង ប្រឹងប្រែង កសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីដ្ឋានទេសចរណ៍ តំបន់ឆ្នេរ ឱ្យកាន់តែមានភាពស្រស់ត្រកាល និង អនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកសម្រាកលម្ហែកម្សាន្ត នៅតំបន់ឆ្នេរសមុទ្រខេត្តកែប កាន់តែមានសន្ទុះច្រើនឡើងៗទៅអនាគត ពិសេសពេលនេះ ផ្លូវបេតុងថ្មីនេះ នឹងបម្រើតម្រូវការមមាញឹក ព្រោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ដូចជាភ្ញៀវទេសចរមកពីភ្នំពេញនិងបណ្ដាខេត្តផ្សេងៗ អាចធ្វើដំណើរកាត់ត្រង់ទៅលេងឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារតាមផ្លូវនេះ បានយ៉ាងងាយស្រួល។
មានប្រសាសន៍ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ លើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែ គិតគូរដល់សុខទុក្ខការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភ គ្រប់បែបយ៉ាង ជាក់ស្តែង ថ្ងៃនេះ ក្រោមដំបូលនៃសុខសន្តិភាព ខេត្តកែបរបស់យើង ទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ពិសេស ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាប្រយោជន៍សម្រាប់បម្រើឱ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានភាពងាយស្រួសដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្ស និងជួយសម្រួលការធ្វើចរាចរកសិផល ផលនេសាទ របស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋ កាន់តែធូរធារ រួមចំណែកកាត់បន្ថយភាពក្រីក្រ កាន់តែឆាប់រហ័ស។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បន្ថែមថា ទោះយ៉ាងណា សមិទ្ធផលទាំងនេះ ពុំទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ យើងនឹងខិតខំរួមគ្នាបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានការរីកចម្រើនជឿនលឿនទៅមុខ ដូច្នេះយើងត្រូវតែរួមគ្នារក្សាការពារនូវសុខសន្តិភាព ដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ កុំជឿការញុះញង់ បង្កអសន្តិសុខ និងអនាធិបតេយ្យ ក្នុងសង្គមជាតិ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងបន្ត អនុវត្តនូវវិធានការ បីកុំ បីការពារ ព្រមទាំងទៅទទួលវ៉ាក់សាំង ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដែលកំពុង បំប្លែងខ្លួនថ្មី(អូមីក្រុង)។ បន្ទាប់ពី ផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកចូលរួម នូវក្រមាពោះគោម្នាក់មួយ និងថវិកាម្នាក់១ម៉ឺនរៀលរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានអញ្ជើញកាត់ខ្សែបូ ជានិមិត្តរូបនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ ផ្លូវបេតុងដ៏ស្រស់ស្អាតមួយនេះ៕
Comments