វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ គ្រាប់ត្នោតប្រមាណជាង១៤៩៦គ្រាប់ ត្រូវបានយកមកដាំនៅតាមបណ្តោយព្រំតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបរិបូណ៌ ។ យុទ្ធនាការដាំដើមត្នោតនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្ត កំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងកងកម្លាំងទាំងបីប្រភេទ ។
លោក ងិន ហ៊ុន បានឱ្យដឹងថា នៅពេលនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើការបែងចែកគ្រាប់ត្នោតដល់ស្រុកចំនួន៣ គឺស្រុកកំពង់លែង ស្រុកជលគិរី និងស្រុកបរិបូរណ៌ ដែលគ្រោងដាំនៅតាមបណ្តោយព្រំតំបន់បី ដែលមានប្រវែងជាង១៤០គីឡូម៉ែត្រ ។ សម្រាប់ស្រុកបរិបូរណ៌គឺបានចែកគ្រាប់ត្នោតប្រមាណជាង១ម៉ឺន៥ពាន់គ្រាប់ ដែលគ្រោងដាំនៅលើបណ្តោយព្រំតំបន់បី ក្នុងភូមិសាស្ត្រ ស្រុកបរិបូរណ៌ ដែលមានប្រវែងជាង៣៥គីឡូម៉ែត្រ ។ សម្រាប់ថ្ងៃទី១នេះ អាជ្ញាធរស្រុក ខេត្តបានដាំនៅស្រុកបរិបូរណ៌បានចំនួន ១៤៩៦ គ្រាប់ ត្នោត ។ ចំពោះការងារបច្ចេកទេសដាំដុះ ការដាំដើមត្នោត (គ្រាប់ត្នោត) ត្រូវដាំនៅលើខ្សែបន្ទាត់ព្រំរវាងតំបន់២ និងតំបន់៣ ឱ្យបានតាមជួរ ដាំមួយរណ្តៅ ចំនួន៣គ្រាប់ ដោយមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយប្រវែង៧ម៉ែត្រ ចំនួន២ជួរ, ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកសាន់ យូ អភិបាលរងបានឱ្យដឹងថា ការដាំគ្រាប់ត្នោតតាមបណ្តោយព្រំតំបន់នាពេលនេះ គឺធ្វើឡើង ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ ស្គាល់កាន់តែច្បាស់នូវព្រៃលិចទឹកតំបន់បី ដែលជាតំបន់ហាមឃាត់ដាច់ខាត មិនឱ្យបុគ្គលណាមួយចួលមក កាប់ទន្រ្ទាន រានយកដីព្រៃលិចទឹកមកធ្វើជាកម្មសិទ្ធិនោះទេ ហើយនាំគ្នាចូលរួមថែរក្សាព្រៃលិចទឹកដើម្បីជាប្រយោជន៍ដ៏មានតម្លៃ សម្រាប់ ប្រជាពលរដ្ឋយើងទាំងអស់គ្នា ។
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់នេះ កុំជឿលើការញុះញង់ ពីសំណាក់ជនខិលខូច មួយក្តាប់តូច ដែលតែងតែធ្វើការបំផុសចលនាក្នុងការតវ៉ាករណីដកហូតដីព្រៃលិចទឹក ព្រោះដីព្រៃលិចទឹកទាំងនេះ ជាធនធានធម្មជាតិ ជាសម្បត្តិ សាធារណៈ ដែលពុំមានបុគ្គលណាម្នាក់មានសិទ្ធិកាន់កាប់ ឬគ្រប់គ្រងជាឯកជនកម្មសិទ្ធិផ្ទាល់នោះទេ ។ ប្រសិនបើនៅធ្វើសកម្មភាព អាជ្ញាធរមានសមត្ថកិច្ច និងអនុវត្តតាមនីតិវិធីច្បាប់ ៕
Comments