វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ០១ ២០២២
ភ្នំពេញ ៖ ពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានធ្វើឡើង ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសសប្បាយរីករាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃជ័យជម្នះ ៧ មករា កាលពីថ្ងៃទី១០ ខែមករា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងការរំដោះខេត្តសៀមរាប ។
ថ្លែងក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានមានប្រសាសន៍ថា ស្តូបឈ្នះ ឈ្នះនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព បង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅ ការផ្ដួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទីកន្លែងសម្រាប់មនុស្ស ជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តឧត្តមានជ័យ បញ្ជាក់ពីភាពពិតរបស់កូនខ្មែរ សម័យនេះ និងអំពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ សហការជាមួយ អាជ្ញាធរមូលដ្ឋាន និង ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត គឺត្រូវមានគំនិតផ្តួចផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សម្តេចពិជ័យសេនា ក៏បាន រំឮកឡើងវិញផងដែរ ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះ ឆ្លងកាត់ភ្នក់ភ្លើង សង្រ្គាម និង បង្កភាពមហន្តរាយ ភាពឈឺចាប់ខ្លោចផ្សា របស់ប្រជាជនកម្ពុជាក៏ដូចជាខេត្តឧត្តរមានជ័យ ដែលបានបន្សល់ស្លាកស្នាម នៅមិនទាន់រលុបបាត់អស់នៅឡើយ ។ ការបញ្ចប់ដោយជោគជ័យ ដោយសន្តិវិធីនូវសង្រ្គាម និងការបែកបាក់ជាតិ គឺពិតជាសម្រេចបានមក ដោយការលំបាកបំផុត ក៏ប៉ុន្តែការពារនូវជីវភាព សុខសន្តិភាព និង ការពង្រឹងថែមទៀតនូវវប្បធម៌សន្តិភាព ដែលសម្រេចបានមកនេះ គឺជា ភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា ជាច្រើនជំនាន់មកហើយ ព្រះរាជាណាចក្រកម្ពុជា យើង ពុំធ្លាប់ទទួលបានសន្តិភាពពេញលេញ ដូចសម័យសព្វថ្ងៃនេះទេ ជួនកាលមានការបែកបាក់ទៅជា២ ជា៣ភាគី ដែលនាំឱ្យប្រទេសជាតិ មានជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា សមិទ្ធផលនយោបាយឈ្នះ ឈ្នះ នាំឱ្យប្រទេសជាតិ ទទួលបានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និង ការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និងបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជន ពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូល កម្រិតមធ្យម ៕
Comments