វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនមានគម្រោង ចាក់វ៉ាក់សាំងដល់កុមារអាយុក្រោម១២ ឆ្នាំ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការរីករាលដាលដ៏ខ្លាំងក្លានៃវីរុស Omicron។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
លោកបានបន្តថា ការចាក់វ៉ាក់សាំងក៏នឹងត្រូវបានផ្តល់ជូនដល់មនុស្សវ័យចំណាស់ នៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដ៏ធំ ដែលគ្រប់គ្រងដោយ កងកម្លាំងការពារ ដែលនឹងត្រូវបើកឡើងវិញក្នុងគោលបំណងដើម្បីពន្លឿនល្បឿននៃការចាក់វ៉ាក់សាំងលើកទី ៣ ដល់មនុស្សចាស់។ រដ្ឋាភិបាលបច្ចុប្បន្នកំពុងដាក់ចេញនូវជំហានមួយចំនួន ដើម្បីព្យាយាមទប់ទល់នឹងការរីករាលដាលបន្ថែមទៀតនៃជំងឺកូវីដ-១៩ រួមទាំងវីរុស Omicron ដែលអាចចម្លងបានខ្ពស់។ កាលពីថ្ងៃអង្គារលោក Kishida បានប្រកាសពីការហាមឃាត់ការចូលស្រុករបស់ជនបរទេស នឹងត្រូវបន្ត រហូតដល់ចុងខែកុម្ភៈ។ កាលពីថ្ងៃអាទិត្យ ខេត្តចំនួនបីដែលកំពុងប្រឈមនឹងការរីករាលដាលនៃករណីកូវីដ-១៩ ពីមូលដ្ឋានយោធាសហរដ្ឋ អាមេរិក ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមស្ថានភាពអាសន្នមួយ ដូច្នេះមន្ត្រីក្នុងតំបន់ត្រូវអនុវត្តវិធានការប្រឆាំងមេរោគបន្ថែមទៀត។ វិធានការសម្រាប់កោះ Okinawa និងផ្នែកខ្លះនៃ Yamaguchi និង Hiroshima នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣១ ខែមករា។ យោងតាមតួលេខផ្លូវការឲ្យដឹងថា មានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាង ៦៤០០ ករណីដែលត្រូវបានបញ្ជាក់ទូទាំងប្រទេសកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការឆ្លងកើនឡើងលើសពី ៨,០០០ ករណីកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕
Comments