អគ្គលេខាធិការអាស៊ាន ប្តេជ្ញាចិត្តជួយក្រសួងការពារជាតិកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឱ្យទទួលបានជោគជ័យ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ០១ ២០២២

 

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតជូនឯកឧត្តម លីម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។ 

សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្នុងនាមម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឱ្យទទួលបានជោគជ័យ។

សម្តេចពិជ័យសេនា បានជម្រាបជូនឯកឧត្តម អគ្គលេខាធិការអាស៊ាន ជ្រាបថា ការធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កម្ពុជាបានរៀបចំកិច្ចប្រជុំចំនួន១៣ និងបានត្រៀមរៀបចំឯកសារ ធនធានមនុស្ស និងមធ្យោបាយផ្សេងៗបានរួចរាល់។ 

ដោយសារប្រទេសកម្ពុជាមានស្ថានភាពល្អក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទើបកម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដែលគ្រោងនឹងរៀបចំនៅទីស្តីការក្រសួងការពារជាតិថ្មីនេះ និងនៅតាមខេត្តមួយចំនួន។

សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាបានរៀបចំឯកសារពាក់ព័ន្ធរួចរាល់ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែមានតម្រូវការធាតុចូលបន្ថែមពីបណ្តាប្រទេសអាស៊ាន ពិសេសពីអគ្គលេធិការដ្ឋានអាស៊ានទៅលើការងារខ្លឹមសារ និងរដ្ឋបាល ដូច នេះ ស្នើឯកឧត្តមអគ្គលេខាធិការអាស៊ានបន្តជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងវិស័យការពារជាតិ ពិសេសឯកសារទស្សនទានចំនួន០៣ “១”កិច្ចសហប្រតិបត្តិការកងទ័ពអាស៊ានទប់ស្កាត់ការឆ្លងដែន នៃជំងឺកូវីដ-១៩ , “២”ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពស្ត្រីអាស៊ាន សន្តិភាព និងសន្តិសុខ និង“៣”បង្កើតកិច្ចសហប្រតិបត្តិការសកលវិទ្យាល័យការពារជាតិអាស៊ាន និងសេចក្តីថ្លែងការណ៍រួម។

សម្តេចពិជ័យសេនា បានបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ កម្ពុជាទើបទទួលបានការស្នើសុំឲ្យរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ រួមមាន រុស្ស៊ី និងជប៉ុន ដូច្នេះសូមស្នើ ឯកឧត្តម អគ្គលេខាធិការដ្ឋានអាស៊ាន ជួយជំរុញ និងសម្របសម្រួលជាមួយប្រទេសដៃគូដទៃទៀត ក្នុងការស្នើសុំរៀបចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ដែលគ្រោងនឹងរៀបចំនៅបំណាច់ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម លីម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចពិជ័យសេនា និងសូមអបអរសាទរចំពោះសម្តេចពិជ័យសេនា ដែលបានក្លាយជាម្ចាស់ផ្ទះប្តូរវេនរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅឆ្នាំ២០២២នេះ។

ក្នុងនាមអគ្គលេខាធិការអាស៊ាន ឯកឧត្តម នឹងបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងវិស័យការពារជាតិ ពិសេសឯកសារទស្សនទានចំនួន០៣ រួមមាន ១-កិច្ចសហប្រតិបត្តិការកងទ័ពអាស៊ានទប់ស្កាត់ការឆ្លងដែននៃជំងឺកូវីដ១៩ -២-ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពស្ត្រីអាស៊ាន សន្តិភាព និងសន្តិសុខ និង“៣”បង្កើតកិច្ចសហប្រតិបត្តិការសកលវិទ្យាល័យការពារជាតិអាស៊ាន និងសេចក្តីថ្លែងការណ៍រួម។

បន្ថែមពីលើនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងចាត់ក្រុមការងារពិសេស០១ក្រុមសហការជាមួយក្រុមការងារក្រសួងការពារជាតិទទួលបន្ទុកកិច្ចការអាស៊ាននេះ។

ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងការពារជាតិកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅឆ្នាំ២០២២ និងបានប្តេជ្ញាចិត្តធ្វើការជាមួយក្រសួងការពារជាតិកម្ពុជា និងសម្របសម្រួលការងារគ្រប់បែបយ៉ាងជាមួយប្រទេសដៃគូទាំងអស់ សំដៅរួមគ្នាជួយរៀបចំកិច្ចប្រជុំឲ្យដំណើរការសម្រេចបានជោគជ័យ៕IMG_20220118_100847_466

Comments

Related posts