រដ្ឋមន្រ្តីក្រសួងការងារ ណែនាំឱ្យយុវជនដែលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបយកចំណេះវិជ្ជាពីប្រទេសរីកចម្រើន

 

               វិទ្យុជាតិកម្ពុជា÷លោកជួន បូណា

                         ភ្នំពេញ÷រដ្ឋមន្រ្តីក្រសួងការងារ បានណែនាំឱ្យយុវជនដែលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ត្រូវខិតខំសិក្សា រៀនសូត្រ និងក្រេបយកចំណេះវិជ្ជាពីប្រទេសរីកចម្រើន ដើម្បីយកមកអភិវឌ្ឍខ្លួនឯង គ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យតែរីកចម្រើន បន្ថែមទៀត។

ក្នុងឱកាសអនុញ្ញាតឲ្យបេក្ខភាពជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២១-២០២២ ចំនួន១៨នាក់ (ស្រីចំនួន ៨នាក់) ជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាល ចូលជួបសម្តែងការគួរសម និងផ្តល់នូវព័ត៌មានមួយចំនួនពាក់ព័ន្ធ ជាមួយស្ថានភាពបច្ចុប្បន្នថ្មីៗ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តាំផ្ញើដល់ បេក្ខភាពអាហារូបករណ៍ ដែលបានសិក្សានៅប្រទេសអូស្ត្រាលី ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីប្រទេស ដែលមានការរីកចម្រើន លើការបណ្តុះបណ្តាលធនធានមនុស្សមួយនេះ ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ខ្លួន ជាពិសេសចូលរួមសកម្មភាពសង្គម នានា ខណៈដែលរាជរដ្ឋាភិបាលកំពុងត្រូវការធនធានមនុស្សដែលមានសមត្ថភាពជាសសរទ្រូង និងជាអ្នកបន្តវេនរបស់ជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយយុវជន ដោយយុវជនជាសសរទ្រូង ជាអ្នកបន្តវេនរបស់ ជាតិ ផ្តល់ជូននូវឱកាសមាស គឺសន្តិភាព, ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលជំនាញ, ទទួលបានការងារ មុខរបរ, ចូលរួមក្នុងសកម្មភាព សង្គម, ទទួលបានការតែងតាំងតាមសមត្ថភាព និងស្នាដៃជាមួយរូបមន្តរក្សាចាស់បន្ថែមថ្មី ។ ចលនាយុវជន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន និងជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី កំពុងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីអនាគតភ្លឺស្វាងមួយរបស់យុវជន។ នេះជាអ្វីដែលយុវជនជាអ្នកបន្តវេន ត្រូវរៀនសូត្រ។ 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្តី្រ បានសម្តែងនូវការអបអរសាទរចំពោះបេក្ខភាពអាហារូបករណ៍ ដែលទទួលបានការសិក្សានៅប្រទេសអូស្ត្រាលី ដែលអាចចាត់ទុកបានថាជាឱកាសដ៏មានតម្លៃមួយសម្រាប់កូនក្មេងរបស់យើងដែលទទួលបានឱកាសទៅសិក្សានៅប្រទេសដែលមានភាព រីកចម្រើនលើផ្នែកបណ្តុះបណ្តាលធនធានមនុស្សមួយនេះ។ ឯកឧត្តម បញ្ជាក់ថា៖ « នេះជាបរិបទថ្មីប្រចាំជីវិតរបស់ក្មួយៗ គ្រួសារក្មួយៗផ្ទាល់ ពិតជារីករាយ និងសប្បាយចិត្តណាស់ចំពោះក្មួយៗ។ រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានមោទនភាព ដែលបានបង្កើតឱកាសនេះ ជូនដល់ក្មួយៗជាយុវជន។

ឯកឧត្តមជឿជាក់ថា ការសិក្សារបស់ក្មួយនឹងទទួលបានជោគជ័យ ក្លាយជាមនុស្សថ្មីដែលមានសមត្ថភាពខ្ពស់ជាងពេលនេះ។ នេះជាការតបស្នង ដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រឡាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្តល់អាហារូបករណ៍»។ 

គួរបញ្ជាក់ជូនថា អាហារូបករណ៍ Australia Awards គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាពមួយ ដែលត្រូវបានឧបត្ថម្ភដោយ រដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងរួមចំណែកជួយដល់តម្រូវការអភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសជាដៃគូ ដោយស្របតាមកិច្ចព្រមព្រៀង សកល ទ្វេភាគី និងតំបន់។ អាហារូបករណ៍ Australia Awards មានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំង ចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ក៏បានផ្តល់ឱកាសសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍វិជ្ជាជីវៈ ដល់ប្រជាជនកម្ពុជាឲ្យមានទេពកោសល្យ ក្នុងការកសាងអាជីពការងារ ដែលរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍ របស់កម្ពុជា នាពេលអនាគត៕IMG_20220118_115304_592IMG_20220118_115256_002IMG_20220118_115258_799IMG_20220118_115258_799

Comments

Related posts