យុវជនជាតួអង្គដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៨.០១.២០២២

 

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិ បាលបានចាត់ទុកយុវជនជាតួអង្គដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់ការយល់ដឹងអាហារូបត្ថម្ភ របបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារ ដែលជាការចូលរួមចំណែកកាត់ បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅក្នុងប្រទេសកម្ពុជា ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍នៅក្នុងវគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភស្ដីពី «មូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ » ថា យុវជនមានឱកាសច្រើនក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះដល់ប្រជាពលរដ្ឋ លើការអនុវត្តទម្លាប់ល្អប្រសើរប្រចាំថ្ងៃ ដូចជា ៖ ការបរិភោគអាហារចម្រុះមុខដែលសម្បូរសារជាតិចិញ្ចឹមខ្ពស់ ការបរិភោគអាហារមានជាតិខ្លាញ់ អំបិល និងស្ករតិច ការជំរុញលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនិងអាហារបន្ថែមដល់កុមារ ការហាត់ប្រាណជាប្រចាំ ដើម្បីសុខភាពល្អជាដើម ។ 

    លោកជំទាវវេជ្ជបណ្ឌិតបានបន្តថា យុវជនក៏មានតួនាទីសំខាន់ក្នុងការជួយធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម លើរបបអាហាររបស់ស្ត្រីនិងកុមារនៅសហគមន៍ ដែលជាការរួមចំ ណែកមួយសំខាន់បំផុត ក្នុងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជាផងដែរ ។

សំឡេង ៖« យុវជនកម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យសង្គមវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ពួកគេមិនត្រឹមតែបានចូលរួមរាល់សកម្មភាពទាំងនោះទេ តែក៏បានក្លាយជាអ្នកដឹកនាំក្នុងវិស័យមួយចំនួនផងដែរ ។ ពួកគេជាតួអង្គដ៏សំខាន់មួយក្នុងការជួយជំរុញ ផ្លាស់ប្តូរនិងជាអ្នកដឹកនាំមិនអាចខ្វះបាន ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអាហារូបត្ថម្ភ របបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារ ដើម្បីចូលរួមចំណែកកាត់បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា »។

   លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា បើទោះបីជាយុវជនមានឱកាសចូលរួមស្ទើរតែគ្រប់វិស័យក្នុងសង្គមក៏ដោយ តែយុវជនក៏នៅមានបញ្ហាប្រឈមមួយចំនួន ជាពិសេសបញ្ហាសុខភាពនិងអាហារូប 

ត្ថម្ភ ដូចជាកង្វះមីក្រូសារជាតិ ស្លេកស្លាំង ស្គមស្គាំង និងធាត់ជ្រុល ដែលបណ្តាលមកពីកត្តាចំណេះដឹង និងការផ្លាស់ប្តូរឥរិយាបថលើផ្នែកសុខភាពនិងអាហារូបត្ថម្ភនៅមានកម្រិតនៅឡើយ ។ 

យោងតាមរបាយការណ៍របស់អង្គការសហប្រជាតិកាលពីឆ្នាំ២០១៣ បានបង្ហាញថា ប្រទេសកម្ពុជាមានយុវជនអាយុក្រោម៣០ឆ្នាំ ប្រមាណ ៦៥.៣ភាគរយនៃប្រជាជនសរុប ដែលនេះគឺជាកម្លាំងស្នូលនិងសក្តានុពលមួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ នាពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត ៕IMG_20220118_122622_787IMG_20220118_122620_187

Comments

Related posts