វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ០១ ២០២២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានសម្រេចតម្កល់សេចក្ដីសម្រេចទុកជាបានការពេញទាំងមូល ចំពោះការលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោតចំនួន៥រូប ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការសម្រេចបដិសេធបណ្តឹងតវ៉ានេះ ធ្វើឡើងបន្ទាប់ពីបានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយបណ្ដឹងតវ៉ាពាក់ព័ន្ធ នឹងការលុបឈ្មោះ ប្រជាពលរដ្ឋ ចេញពីបញ្ជីបោះឆ្នោត ដែលមានដើមបណ្ដឹងឈ្មោះ ៖ ១. ដួង វិចិត្រ ភេទប្រុស កើតថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៥៥, ២. អ៊ុន សុគន្ធី ភេទស្រី កើតថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៥៥, ៣. ដួង ចិន្ដាមុនី ភេទស្រីកើតថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៨៦, ៤. ដួង វិរៈ ភេទប្រុស កើតថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៨៨, និង៥. ដួង វិសាល ភេទប្រុស កើតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩៤។ ប្រជាពលរដ្ឋចំនួន ៥ រូបនេះ បានប្ដឹងតវ៉ាទៅនឹងការសម្រេចរបស់ ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់ ដែលបានសម្រេចលុបឈ្មោះរបស់ពួកគាត់ចេញពីបញ្ជីបោះឆ្នោត។
ថ្លែងក្រោយសវនាការជាសាធារណៈ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ បានបញ្ជាក់ថា ចំពោះអ្នកប្ដឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ គ.ជ.ប អ្នកប្ដឹងឬតំណាងអាចប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេចទម្រង់បែបបទ១២០៣។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៥រូបនេះ បានប្ដឹងតវ៉ាទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់ ដែលបានសម្រេចលុបឈ្មោះរបស់ ពួកគាត់ចេញពីបញ្ជីបោះឆ្នោត។
យោងតាមមាត្រា៤៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋទាំង៥រូបខាងលើ ពុំបានបំពេញលក្ខខណ្ឌមានទីលំនៅ ឬទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោតនោះទេ ខណៈ គ.ជ.ប បានយោងតាមមាត្រា៥១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ គឺឈ្មោះប្រជាពលរដ្ឋទាំង៥រូបនេះ ត្រូវបានស្រង់ចូលក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុ ពួកគាត់បានផ្លាស់ប្ដូរទីលំនៅចេញពីសង្កាត់ផ្សារចាស់ទៅសង្កាត់ស្ទឹងមានជ័យទី១៕
Comments