រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ការ បង្រៀនសិស្សឱ្យមានចរិត និងចិត្តជាសហគ្រិនភាពក្នុងខ្លួន គឺជារឿងសំខាន់

 

 

វិទ្យជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ០១ ២០២២

 

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យសាលាបឋមសិក្សា និងអនុវិទ្យាល័យសាគូរ៉ា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា លោកគ្រូអ្នកគ្រូមិនត្រឹមតែបង្ហាត់បង្រៀនកូនសិស្សឱ្យក្លាយជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់ ឬបុគ្គលិកក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្រៀនកូនសិស្សឱ្យចេះរកចំណូល ដោយបណ្តុះគំនិតកូនសិស្សឱ្យមានចរិត កាយវិកា និងចិត្តសហគ្រិនភាពក្នុងខ្លួន ហើយនេះគឺជារឿងសំខាន់។

ឯកឧត្តម សាយ សំអាល់ ឱ្យដឹងទៀតថា ដើម្បីឱ្យមានសហគ្រិនភាព ឯកឧត្តមនឹងជួយលើវិស័យសិក្សាមួយចំនួនដល់សិស្សានុសិស្សនៅខេត្តព្រះសីហនុ រួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស គណិតវិទ្យា ឬកម្មវិធីសាលាជំនាន់ថ្មី ដែលសិក្សាលើសិល្បៈ ប្រវត្តិសាស្ត្រ សង្គមជាដើម។ ឯកឧត្តមប្រធានក្រុមការងារបានគូស បញ្ជាក់ឱ្យដឹងទៀតថា ខេត្តព្រះសីហនុជាខេត្តសំខាន់ ជាខេត្តទេសចរណ៍ ជាតំបន់សេដ្ឋកិច្ចពិសេសដែលមានកំពង់ផែ និងអាកាសយានដ្ឋាន ដែលអាចចាត់ទុកថា ជាខេត្តរកចំណូលធំមួយ សម្រាប់ប្រទេសកម្ពុជា ហេតុនេះ អ្នកខេត្តព្រះសីហនុត្រូវតែពូកែទាំងចំណេះ ជំនាញ ហើយអាចប្រើប្រាស់ភាសាយ៉ាង តិច២ភាសា ក្រៅពីភាសាខ្មែរជាភាសាកំណើត ក្នុងនោះភាសាអង់គ្លេសជាភាសាចំណេះដឹង និងភាសាចិនជាភាសាពាណិជ្ជកម្ម ដែលទាំងអស់នេះ គឺផ្តើមចេញពីការអប់រំ។

គួរបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យ និងជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈិន ចាន់ពណ៌ អនុប្រធានក្រុម ការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងព្រះសីហនុ ឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ សមាជិកក្រុមប្រឹក្សាខេត្ត អង្គភាពជុំវិញខេត្ត រដ្ឋបាលសង្តាត់លេខ១ និង លោកគ្រូអ្នកគ្រូជាច្រើនរូបទៀត៕IMG_20220119_105638_873IMG_20220119_105640_622IMG_20220119_105642_959

Comments

Related posts