រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានស្នើលេខាធិការដ្ឋានអាស៊ាន បន្តផ្តល់ការគាំទ្រនិងជ្រោមជ្រែង ដល់ដំណើរការជាប្រធានអាស៊ានរបស់កម្ពុជា

 

               វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៩,០១,២០២២

                                       ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើលេខា ធិការដ្ឋានអាស៊ាន បន្តផ្តល់ការគាំទ្រនិងជ្រោមជ្រែង ដល់ដំណើរការជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេសការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន និងការរៀបចំជា Showcase Event មួយ រួមជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីឈានទៅ សម្រេចបាននូវភាពជោគជ័យ និងលទ្ធផលផ្លែផ្កា សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍន៍តំបន់ ប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីអំពីជំនួបសម្តែងការគួសបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន ក្នុងអំឡុងពេល បំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១៦ ដល់ ១៩ ខែមករា ឆ្នាំ ២០២២ បានឱ្យដឹងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានអាស៊ាន បន្តធ្វើកិច្ចសហការលើការរៀបចំខ្លឹមសារ នៃកិច្ចប្រជុំ ក៏ដូចជាកិច្ចការរៀបចំផ្សេងៗទៀត ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋានអាស៊ាន ដែលបានបន្ត កិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់ដំណើរការកសាងសហគមន៍អាស៊ានកន្លងមក ក្នុងគោលដៅសម្រេចបាននូវការធ្វើ សមាហរណកម្មកាន់តែស៊ីជម្រៅ, ស្ថិរភាពនិងភាពធន់ក្នុងតំបន់ តាមរយៈការសម្របសម្រួល និងជំរុញការអនុវត្តន៍គំនិតផ្តួចផ្តើមនានា ជាពិសេស ការផ្តល់សេវាគាំទ្រដល់ប្រធានអាស៊ាន ដើម្បីសម្រេចបាននូវលទ្ធផលផ្លែផ្កាក្នុងអាណត្តិរបស់ខ្លួនជារៀងរាល់ឆ្នាំ ។ 

ជាកិច្ចបញ្ចប់, ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត ដើម្បីឱ្យកម្ពុជាបំពេញភារកិច្ចជាប្រធានអាស៊ាន ឆ្នាំ ២០២២ ប្រកបដោយជោគជ័យ និងដឹកនាំអាស៊ានឆ្ពោះទៅរកសុខសន្តិភាព និងវិបុលភាពជារួម សំដៅបន្តបេសកកម្មក្នុងការកសាង សហគមន៍អាស៊ាន ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ៕IMG_20220119_211701_842

Comments

Related posts