សមាគមអាស៊ាននៅតែជាដៃគូដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប

 

              វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី ១៩.០១.២០២២

                                    រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សមាគមអាស៊ាននៅតែជាដៃគូដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប រីឯសហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំទី៣របស់អាស៊ានផងដែរ ។

លោកជំទាវ តឹក រ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ កាលពីពេលថ្មីៗនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក គ្រីស ហាមភ្រី(Chris Humphrey) នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច សហភាពអឺរ៉ុប-អាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលគ្រោងនឹងរៀបចំនៅកម្ពុជា នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ចំពោះការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យ ពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងធុរជនកម្ពុជា និងអឺរ៉ុប ដែលជួយជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារជូន ប្រជាជន។ 

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដែល ជាសេនាធិការ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតបរិយាកាសធុរកិច្ចនិងវិនិយោគល្អ ដោយអនុលោមតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ តាមរយៈការធ្វើកំណែទម្រង់ស្ថាប័ន ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិនានា សម្រាប់កិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ ដែលបទប្បញ្ញត្តិទាំងនេះ នឹងផ្តល់ការការពារសិទ្ធិ រួមទាំងផលប្រយោជន៍ស្របច្បាប់ ដល់ធុរជន និងអ្នកប្រើប្រាស់ទាំងអស់នៅកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន និងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម មានសុទិដ្ឋិនិយមចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការអនុវត្តន៍ស្របតាម សមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការពន្លឿនសមាហរណកម្មតំបន់និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ប្រកបដោយបរិយាប័ន្ន និងចីរភាព។

ជាការឆ្លើយតប លោក គ្រីស ហាមភ្រី (Chris Humphrey) នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានសម្ដែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគល្អ តាមរយៈការធ្វើកំណែទម្រង់ស្ថាប័ន ការកសាងច្បាប់ និងបទប្បញ្ញត្តិនានា កន្លងមក។

លោកនាយកប្រតិបត្តិរំលឹកថា កាលពីឆ្នាំ២០១២ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន លើកទី២ ប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ហើយដើម្បីរក្សាបាននូវភាពជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច សហភាពអឺរ៉ុប-អាស៊ានបន្តទៀត លោកនាយកប្រតិបត្តិ ប្ដេជ្ញាបន្តកិច្ចសហការល្អ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមរៀបចំ កិច្ចប្រជុំ កំពូលខាងមុខនេះ ៕IMG_20220119_215354_965IMG_20220119_215356_103

Comments

Related posts