រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមអគ្គលេខាធិការអាស៊ាន បានប្តេជ្ញាចិត្តបន្តកិច្ចសហការបន្ថែមទៀត 

 

              វិទ្យុជាតិកម្ពុជា = ស៊ឹង សុផារី ១៩.០១.២០២២

                                        រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមអគ្គលេខាធិការអាស៊ាន បានប្តេជ្ញាចិត្តបន្តកិច្ចសហការគ្នាបន្ថែមទៀត សំដៅឈានទៅសម្រេចឲ្យបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពការងារប្រចាំឆ្នាំផ្សេងទៀតរបស់អាស៊ាន ក្រោមភាពជាប្រធាន អាស៊ានរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព ។ 

ការប្តេជ្ញាបែបនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ដឹកនាំគណៈប្រតិភូក្រសួង ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងសហការី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាននិងសហការី ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការគាំទ្រ និងសម្របសម្រួលយ៉ាងសកម្ម ពីក្រុមការងារលេខាធិការដ្ឋានដល់កិច្ចប្រជុំចង្អៀតឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន កាលពីថ្ងៃទី១១ ខែមករា កន្លងទៅ ដែលបានបញ្ចប់ទៅប្រកបដោយជោគជ័យនិងផ្លែផ្កា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការលើការអនុវត្តន៍នូវគំនិតផ្តួចផ្តើមនានា ដែលស្ថិតក្រោមយុទ្ធសាស្រ្តទូលំទូលាយទាំង៥ ស្ថិតក្រោមក្របខ័ណ្ឌស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន ជាពិសេសការចូលជាធរមាននិងការអនុវត្តន៍ពេញលេញ នូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) ពីភាគីទាំងអស់ និងកិច្ចព្រមព្រៀងផ្សេងៗទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអាស៊ានអំពីបច្ចុប្បន្នភាព ការងារការត្រៀមរៀបចំដើម្បីដឹកនាំកិច្ចប្រជុំនានា ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា និងសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ដែលកម្ពុជា បានស្នើ ក្រោមសមត្ថកិច្ចសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។ 

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោតសរសើរដល់កិច្ចខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់ ឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយផ្តោតសំខាន់លើវិស័យទេសចរណ៍ ជាពិសេសការសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងក៏ដូចជាជួយទ្រទ្រង់លើវិស័យសហគ្រាសធុនតូច និងមធ្យម។

បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានក៏គូសបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ទាក់ទងនឹង បរិវត្តកម្មឌីជីថល ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពធន់រឹងមាំនៃតំបន់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសម្តែងការអបអរសាទរ ចំពោះលទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ាន និងបានបញ្ជាក់ពីការបេ្តជ្ញាបន្តកិច្ចសហការដ៏ល្អប្រសើរ ព្រមទាំងជំហរគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់កម្ពុជា ក្នុងភាពជាប្រធាន អាស៊ានឆ្នាំ២០២២ ។ 

ក្នុងឱកាសនោះដែរ អង្គប្រជុំបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការបន្តអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន បច្ចុប្បន្នភាពនៃការធ្វើសកលភាវូបនីយកម្មអាស៊ាន ការធានានូវរំហូរទំនិញចាំបាច់ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩ និងការធ្វើបច្ចុប្បន្នភាពនៃ សំណើចូលជាសមាជិកអាស៊ាន របស់ទីម័រខាងកើត ៕IMG_20220119_215522_316IMG_20220119_215525_510

Comments

Related posts