វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា
(ភ្នំពេញ)៖ ភាគីពាក់ព័ន្ធ បានរួមគ្នាលើកកម្ពស់សុវត្ថិភាពសម្រាប់កម្មករនិយោជិតក្នុងវិស័យ សំណង់ តាមរយៈការពង្រីក វិសាលភាពបេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) គ្របដណ្តប់ឱ្យបានពេញលេញសម្រាប់វិស័យសំណង់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។
ភាគីពាក់ព័ន្ធទាំងនេះរួមមាន អង្គការអន្តរជាតិខាងការងារ (ILO) , សមាគមអ្នកសាងសង់កម្ពុជា (CCA), សហព័ន្ធវិស័យសំណង់អន្តរជាតិ (BWI) និងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានរួមគ្នាពិគ្រោះយោបល់ ស្តីពី “បញ្ហាប្រឈមនៃគ្រោះថ្នាក់ការងារ និង វិសាលភាពបេឡាជាតិសន្តិសុខសង្គម សម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់” ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ សាន់វ៉េ ក្នុងគោលបំណង ១.ជំរុញឱ្យភាគីពាក់ព័ន្ធពង្រឹងការអនុវត្តន៍ស្តង់ដារសុខភាព និងសុវត្ថិភាព នៅកន្លែងការងារឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកន្លែងការងារ, ២.ពង្រីកវិសាលភាពបេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) គ្របដណ្តប់ឱ្យបានពេញលេញ សម្រាប់វិស័យសំណង់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ, ៣.ស្វែងរក និងកំណត់នូវបញ្ហាប្រឈមជាអាទិភាព និងសុំកិច្ចសហការ ដើម្បីជំរុញឲ្យការ អនុវត្តន៍មានប្រសិទ្ធភាពក្នុងការលើកកម្ពស់សុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់, ៤. ផ្សព្វផ្សាយពីផលប៉ះពាល់ នៃ សារធាតុអាសបេស្តូសឱ្យបានទូលំទូលាយ និងបញ្ឈប់ការប្រើប្រាស់សារធាតុអាសបេស្តូសនៅពេលអនាគត និង ៥. បង្កើនទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសហប្រត្តិបត្តិការក្នុងគោលបំណងជំរុញក្របខ័ណ្ឌគោលនយោបាយជាតិ សម្រាប់ការលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករ និយោជិត នៅក្នុងវិស័យសំណង់ឱ្យមានភាពល្អប្រសើរទ្បើង។
ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ បានលើកឡើងថា ផ្អែកតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣ ក្រសួងកំពុងបន្តជំរុញការផ្តោតការយកចិត្តទុកដាក់បន្តទៀត ទៅលើ វិស័យសន្តិសុខសង្គម និងបន្តជំរុញការអភិវឌ្ឍន៍របបសន្តិសុខសង្គមដល់កម្មករនិយោជិតនិងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីត យុទ្ធជន ដោយបន្តការពង្រឹង និងពង្រីកការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ការបន្តពង្រឹង និងពង្រីកការអនុវត្តន៍ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ការជំរុញការរៀបចំ និងដាក់ឱ្យដំណើរការរបបប្រាក់សោធន និងការពង្រឹងការអនុវត្តន៍របបសន្តិសុខសង្គម លើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍សមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាពការផ្តល់សេវា សំដៅលើកកម្ពស់ សុខុមាលភាព និង សាមគ្គីភាពសង្គម ព្រមទាំងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រឲ្យបានជាអតិបរមា។
ឯកឧត្តម បានថ្លែងអំណរគុណដល់ម្ចាស់សហគ្រាសផ្នែកសំណង់ និងព្រៃឈើ ដែលបានខិតខំពង្រឹងការចូលរួមអនុវត្តនូវសេចក្តីណែនាំបន្ថែម របស់ក្រសួងពាក់ព័ន្ធនិងការបង្ការ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុលោមតាមវិធានការសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ និងវិធានការសុខាភិបាលបានយ៉ាងល្អប្រសើរ៕
Comments