រដ្ឋមន្រ្តីក្រសួងសាធារណការអំពាវនាវឱ្យ អ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍ ឬម្ចាស់ទូក នាវា ត្រូវបំពាក់នូវសម្ភារៈបរិក្ខារនិងឧបករណ៍សុវត្ថិភាពឱ្យបានគ្រប់គ្រាន់

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ០១ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បាន អំពាវនាវឱ្យអ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍ ឬម្ចាស់ទូក នាវា ត្រូវបំពាក់នូវសម្ភារៈបរិក្ខារនិងឧបករណ៍សុវត្ថិភាពផ្សេងៗឱ្យបានគ្រប់គ្រាន់ ដើម្បីការពារគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖....

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍សំណូមពរដល់អ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍នេះ ក៏ដូចជា ម្ចាស់ទូក ឬ នាវា ត្រូវពិនិត្យលក្ខណៈបច្ចេកទេស ទាំងអ្នកបើកបរទូក ឬនាវា ទាំងអ្នករួមដំណើរ ត្រូវពាក់អាវពោងឱ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក។ ចំណែក អ្នកបើកបរទូក ឬនាវា ត្រូវចេះបញ្ជាទូក ឬនាវាឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងចេះប្រើប្រាស់នូវឧបករណ៍ទាំងនោះ ដើម្បីទទួល ព័ត៌មានអំពីអាកាសធាតុ និងបាតុភូតនានាឱ្យបានស្ទាត់ជំនាញមុននឹងបញ្ជាទូក ឬនាវាក្នុងពេលធ្វើនាវាចរណ៍។

ឯកឧត្ដមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា   ការត្រៀមលក្ខណៈសុវត្ថិភាពទុកជាមុននេះ គឺដើម្បីបង្កើនភាពកកក្តៅដល់ភ្ញៀវដែលជិះលេងកម្សាន្ត មិនបារម្ភពីបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើង។

ឯកឧត្ដមបញ្ជាក់ថា « ទី១ទូកគ្មានបច្ចេកទេសត្រឹមត្រូវ ទី២គ្មានអាវពោងសុវត្ថិភាពគ្រប់គ្នា ជិះទូក១៥០នាក់ ប៉ុន្តែឧទាហរណ៍អាវពោងតែ៥០ គឺមិនបាននោះទេ ជិះ១៥០នាក់ត្រូវមានអាវពោង១៥០ ម្នាក់ៗត្រូវមានអាវពោងមួយ អ៊ីចឹងខ្ញុំសំណូមពរម្ចាស់ទូកនាវាអី រៀបចំឱ្យមានអាវពោងសុវត្ថិភាព ត្រឹមត្រូវ នៅតាមទូករបស់ខ្លួន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ »។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវផងដែរសុំឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣-កុំ ៣-ការពារ និងត្រូវបន្តសម្របបន្ស៊ាំខ្លួន និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ទៅតាមគន្លងប្រក្រតីភាពថ្មី ជាពិសេសចូលរួមទប់ស្កាត់ការរាលដាលមេរោគអូមីក្រុង ដែលជាមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីដ៏កាចសាហាវឱ្យបានជោគជ័យដើម្បីរក្សាជីវិត និងស្តារសេដ្ឋកិច្ច-សង្គម យើងឡើងវិញ៕IMG_20220120_111943_184

Comments

Related posts