អាស៊ានគាំទ្រឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ខណៈកម្ពុជាចាត់ទុកថាជាឱកាសដ៏ល្អ ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះបន្តវេន លើកទី១២

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ០១ ២០២២

 

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន បានបោះឆ្នោតគាំទ្រប្រទេសឥណ្ឌូណេស៊ី ឱ្យទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី១១ ជំនួសប្រទេសវៀតណាម ដែលបានលុបចោលការងារធ្វើម្ចាស់ផ្ទះ ដោយសារជំងឺរាតត្បាតសកល កូវីដ១៩ ខណៈឯកឧត្តម យី វាសនា តំណាងសម្តេចតេជោ ហ៊ុន សែន ដែលក្លាយជាប្រធានក្រុមប្រឹក្សាកីឡាជនពិការអាស៊ានបន្តវេនបានចាត់ទុកថា នេះគឺជាឱកាសដ៏ល្អ សម្រាប់អត្តពលិកពិការ និងមន្ត្រីបច្ចេកទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន កាលពីពេលថ្មីៗនេះ បានបង្ហាញ ពីកិច្ចប្រជុំបន្ទាន់មួយ ដែលប្រធានភាគច្រើននៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក (NPCs) រៀងៗខ្លួន បានពិភាក្សាអំពីការដេញថ្លៃរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះជំនួសការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ បន្ទាប់ពីការលុបចោលដោយម្ចាស់ផ្ទះដើម គឺវៀតណាម កាលពីឆ្នាំមុន។

ប្រទេសឥណ្ឌូណេស៊ី បានស្នើការប្រកួតនេះ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លើ១៣ប្រភេទកីឡា នៅទីកន្លែងផ្សេងៗគ្នា ជុំវិញទីក្រុង Solo។ ប្រធាន NPC Indonesia លោក Senny Marbun រីករាយចំពោះទំនុកចិត្តពីបណ្តាប្រទេសអាស៊ាន។ លោក Senny Marbun លើកឡើងថា ឥណ្ឌូណេស៊ី បានរៀបចំការប្រកួតកីឡាប៉ារ៉ាហ្គេមធំៗចំនួនពីរ ក្នុងរយៈ ពេល១០ឆ្នាំចុងក្រោយនេះ គឺ ASEAN Para Games លើកទី៦ នៅទីក្រុង Solo ឆ្នាំ២០១១ និង Asian Para Games ឆ្នាំ២០១៨ នៅទីក្រុង Jakarta ដោយលោកបានធានាថា រាល់សម្ភារៈបរិក្ខារ លក្ខខណ្ឌបច្ចេកទេស និងការត្រៀមរៀបចំ ASEAN Para Games លើកទី១១ ត្រូវបានត្រៀមរួចរាល់។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលដឹកនាំកិច្ចប្រជុំ ក្នុងនាមជាតំណាងប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន មានប្រសាសន៍ថា ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន ទុកពេលឲ្យឥណ្ឌូណេស៊ីបង្ហាញឯកសារពាក់ព័ន្ធមួយចំនួន និងទុកពេល១ខែសម្រាប់ការដេញថ្លៃ ដើម្បីទទួលបានសិទ្ធិផ្លូវការ ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ។ កិច្ចប្រជុំនេះ គឺដើម្បីរៀបចំការប្រកួតកីឡាជនពិការអាស៊ាននេះឡើងវិញ បន្ទាប់ពីម្ចាស់ផ្ទះចំនួនពីរ បានលុបចោល២លើក (រយៈពេល៤ឆ្នាំ) គឺម្ចាស់ផ្ទះ ហ្វីលីពីន លុបចោល កាលពីឆ្នាំ២០១៩ និងម្ចាស់ផ្ទះ វៀតណាម សម្រេច លុបចោលមិនរៀបចំ នៅឆ្នាំ២០២២នេះ (ដោយទទួលធ្វើម្ចាស់ផ្ទះតែ ស៊ីហ្គេម)។ ការលុបចោលចំនួន២ព្រឹត្តិការណ៍នេះ គឺជាក្តីបារម្ភរបស់អាស៊ាន ដែលអត្តពលិកពិការ រួមទាំងគណៈកម្មការបច្ចេកទេសមិនបានដុះខាត់សមត្ថភាពជំនាញរបស់ខ្លួន ព្រមទាំងជះឥទ្ធិពលមិនល្អ ដល់គុណភាពបច្ចេកទេសរបស់អត្តពលិក ក្នុងតំបន់ផងដែរ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ប្រសិនបើការប្រកួតកីឡាជនពិការអាស៊ាន លើកទី១១នេះ អាចដំណើរបាន នោះការបញ្ជូនអត្តពលិកពិការកម្ពុជា ក៏នឹងអាចចូលរួមប្រកួតប្រជែង ក្នុងការកសាងសមត្ថភាពបន្ថែម ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ បានកាន់តែល្អប្រសើរផងដែរ។ 

ឯកឧត្តមជឿជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្តល់ការលើកទឹកចិត្តអនុញ្ញាតឲ្យក្រុមអត្តពលិកពិការកម្ពុជា ចូលរួមប្រកួតប្រជែងមេដាយ និងមន្ត្រីគណៈកម្មការជំនាញនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏នឹងត្រូវចូលរួមដកពិសោធន៍នូវរបៀបរបបនៃប្រព័ន្ធប៉ារ៉ាឡាំពិក ដើម្បីជាចំណេះដឹងយកមកអនុវត្ត នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងនៅកម្ពុជា ឲ្យទទួលបានជោគជ័យដូចគ្នាផងដែរ៕IMG_20220120_113205_625IMG_20220120_113203_322IMG_20220120_113208_425IMG_20220120_113210_103IMG_20220120_113218_531

Comments

Related posts