ជប៉ុនផ្តល់ជំនួយ៧២ម៉ឺនដុល្លារ ដល់កម្ពុជាពង្រឹងប្រព័ន្ធវេជ្ជសាស្រ្ដ និងបរិស្ថានតាមសហគមន៍

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ០១ ២០២២

 

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៧២៨.៥០១ដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងពង្រឹងប្រព័ន្ធវេជ្ជសាស្រ្ដដើម្បីអនុវត្តការវះកាត់កុមារ ការពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ និងការកែលម្អបរិស្ថានសិក្សាតាមរយៈការសាងសង់សាលាបឋមសិក្សា។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ ដល់អង្គភាពចំនួនបី ក្រោមគ្រោងការជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម បានឱ្យដឹងថា ថវិកាជំនួយជាង១២ម៉ឺន៥ពាន់ដុល្លារ ត្រូវបានផ្តល់ដើម្បីអនុវត្តគម្រោងសម្រាប់សល្យសាស្រ្តកុមារប្រចាំខេត្តក្រចេះ ឆ្នាំទី៣ ដោយផ្តោតលើការពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារ តាមរយៈការបណ្តុះបណ្តាលដល់បុគ្គលិក ពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តសុខភាពភូមិ ដើម្បីកែលម្អគុណភាពនៃការអនុវត្តន៍ការវះកាត់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ពង្រឹងបណ្តាញដឹកជញ្ជូនអ្នកជំងឺក្នុងខេត្ត និងបង្កើនការ យល់ដឹងអំពីការថែទាំវេជ្ជសាស្ត្រក្នុងសហគមន៍។ ជាមួយគ្នានេះ ថវិកាជាង២០ម៉ឺនដុល្លារ គាំទ្រដល់គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាមឆ្នាំទី ៣ សំដៅកាត់បន្ថយអត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ និងលើកកម្ពស់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារ តាមរយៈការអប់រំផ្នែកអាហារូបត្ថម្ភនិងការបង្កើនចំណេះដឹងរបស់អ្នកភូមិដែលមានកូនតូចៗ។ 

ដោយឡែក ចំពោះថវិកាជាង៤០ម៉ឺន២ពាន់ដុល្លារ គាំទ្រដល់ការអនុវត្តន៍គម្រោងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសិក្សា ដែលរួមមានបន្ទប់បណ្ណាល័យ បង្គន់អនាម័យ និងកន្លែងលាងដៃមួយ នៅសាលាបឋមសិក្សាចំនួនបី ក្នុងខេត្តបាត់ដំបង។ គម្រោងនេះ គាំទ្រដល់ការបើកសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព និងអាចឱ្យសិស្សានុសិស្សត្រឡប់ចូលរៀនវិញដោយរលូនក្រោយការបញ្ចប់នៃការបិទសាលារៀនអស់រយៈពេលជាយូរ។ 

កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍន៍និងស្ថាបនាប្រទេសកម្ពុជាឱ្យឡើងទៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំនោះមក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៤៥លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៣៨ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕IMG_20220120_113431_331IMG_20220120_113427_548IMG_20220120_113435_907

Comments

Related posts