វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ០១ ២០២២
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ អំពីបញ្ហាអាស៊ានបច្ចុប្បន្ន កាលពីថ្ងៃទី១៩ខែមករាឆ្នាំ២០២២។ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា យើងទាំងពីរយល់ថា វិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ ពិតណាស់ ដំណោះស្រាយនេះ គឺត្រូវតែដឹកនាំដោយភាគីនៅមីយ៉ាន់ម៉ាខ្លួនឯង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងផងដែរថា ក្នុងនាមជាគ្រួសារអាស៊ាន យើងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដំណើរការនេះ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងបន្តចូលរួមជួយការងារនេះ ប្រកបដោយសុច្ឆន្ទៈ ខណៈដែលយើងខិតខំធ្វើយ៉ាងណា ឱ្យអាស៊ានបន្តបោះជំហានដើរទៅមុខ។ ឯកឧត្តមសូមថ្លែងអំណរគុណ ដល់ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ ដែល បានលើកទឹកចិត្ត ខណៈពេលដែលប្រទេសកម្ពុជា រែកអម្រែកដ៏ធ្ងន់មួយនេះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ៕
Comments