វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសន្និបាតបូកសរុបការងារកម្មសិទ្ធិបញ្ញា ឆ្នាំ ២០២១ និងទិសដៅការងារកម្មសិទ្ធិបញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម
អ៊ុក ប្រជា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្មបានផ្សាយតាមបណ្តាញសង្គមថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្តមរដ្ឋ លេខាធិការបានផ្តល់អនុ សាសន៍ណែនាំសំខាន់មួយ ចំនួនក្នុងសន្និបាត ដើម្បីពង្រឹងស្មារតីឱ្យការអនុវត្តទិសដៅការងារឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត និងឱ្យស្របតាមទិសដៅការងារអាទិភាពឆ្នាំ២០២២របស់ក្រសួងពាណិជ្ជកម្ម។ អនុសាសន៍សំខាន់ៗទាំងនោះរួមមាន៖ (១)-ត្រូវបន្តអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ សំដៅពង្រឹងក្រមសីលធម៌ស្អាតស្អំ និងជំនាញវិជ្ជាជីវៈរបស់មន្រ្តី រាជការក្នុងការបំពេញការងារ តួនាទីប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់ (២)-ត្រូវបង្កើនល្បឿនកែទម្រង់ឱ្យបានស៊ីជម្រៅ និងធានាអភិបាលកិច្ចល្អ (៣)-បន្តអភិវឌ្ឍថ្នាលបច្ចេកវិទ្យាដែលមានលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអេឡិចត្រូនិក និងការគ្រប់គ្រងរំហូរទិន្នន័យឱ្យមានភាពច្បាស់លាស់ (៤)-សិក្សាពីឧត្តមានុវត្តន៍អន្តរជាតិក្នុងការពិនិត្យ និងវាយតម្លៃ ឈានទៅរកការកាត់បន្ថយនីតិវិធី និង ឯកសារ ឬការតម្រូវមិនចាំបាច់ (៥)-ខិតខំទាញប្រយោជន៍ជាអតិបរមាពីអនុស្សរណៈ នៃការយោគយល់គ្នាដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចុះកិច្ចព្រមព្រៀងរួចរាល់ (៦)- កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់បានចូលជាធរមាន លើកទឹកចិត្តឱ្យមានការសិក្សាតាមដានពីការអនុវត្តផ្នែកកម្មសិទ្ធិបញ្ញា ដើម្បីផ្តល់មតិយោបល់ជូនថ្នាក់ដឹកនាំ និងជាមូលដ្ឋានក្នុងការចរចាកិច្ចព្រមព្រៀងដទៃទៀត (៧)-ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី នាយកដ្ឋានកម្មសិទ្ធិបញ្ញាត្រូវពិនិត្យលទ្ធភាពរៀបចំកម្មវិធីសិក្សា និងរៀបចំវគ្គបណ្តុះ បណ្តាលជូនមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានីខេត្ត ៕
Comments