វៀតណាម ស្នើសភាកម្ពុជា ជួយសម្រួល និងបង្កើនយន្តការដល់សកម្មភាពធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ០១ ២០២២

 

ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើសុំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជួយសម្រួល និងបង្កើនយន្តការដល់សកម្មភាពធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទំាងពីរឱ្យកាន់តែមានកំណើនឡើង។

 

សំណើនេះ ធ្វើឡើងក្នុងពេលដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងឆ្លៀតពេលចូលជួបសំដែងការគួរសមសម្តេចពញាចក្រី ហេង សំរិន នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។

 

 ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនសម្តេច ហេង សំរិន ពីលទ្ធផលការងារជាច្រើនដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាឱកាសនេះ។ ជាមួយគ្នានេះ បានគោរពស្នើ សូមសម្តេចប្រធានរដ្ឋសភា ជួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នរដ្ឋសភាប្រទេសទំាងពីរ តាមការបង្កើនឱ្យមានដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ ទំាងក្នុងក្របខណ្ឌសមាជិកសភាវ័យក្មេង ក្រុមមិត្តភាពសភា និងសមាជិកសភាស្រ្តី។ 

 

ឯកឧត្តមក៏បានស្នើសូមសម្តេច ជួយសម្រួលនិងបង្កើនយន្តការដល់សកម្មភាពធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទំាងពីរឱ្យកាន់តែមានកំណើនឡើង។ ជាមួយគ្នានេះ ក៏បានស្នើសម្តេចប្រធានរដ្ឋសភា ជំរុញ និងលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរនៅលើវេទិការអន្តរជាតិនានា។

 

សម្តេចពញាចក្រី ហេង សំរិន បានទទួល យកសំណើរបស់ភាគីវៀតណាម និងបានសន្យាថា សម្តេចនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ។

 

សម្តេច ហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន នៅកម្ពុជា ជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទំាងពីរ ដែលមានជាយូរមកហើយនេះ ឱ្យកាន់តែប្រសើរខ្លាំងក្លាថែមទៀត៕IMG_20220120_185501

Comments

Related posts