វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២០.០១.២០២២
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជានៅឆ្នាំ២០២១ សម្រចបានប្រមាណ ៤៦,២៧ ប៊ីលានដុល្លារអាមេរិក ទោះបីក្នុងបរិការណ៍កូវីដ-១៩ ក៏ដោយ ជាមួយនឹងកំណើនប្រមាណ ២៩ភាគរយ បើធៀបនឹងឆ្នាំ២០២០ ។
ការលើកឡើងបែបនេះរបស់លោកជំទាវ បានធ្វើឡើងក្នុងឱកាសអញ្ជើញផ្តល់បទអន្តរាគមន៍ខ្លី ស្តីពី “អាទិភាពនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២” ក្នុងសិក្ខាសាលាស្តីពី “ទស្សនៈវិស័យសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន” (Cambodia’s Economic Outlook and ASEAN Chairmanship Opportunities) ដែលបាន រៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា(Sosoro Museum)កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ។
លោកជំទាវ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានសម្រេចនូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើតក្របខណ្ឌគោលនយោបាយ ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគី ដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ច វិនិយោគ បង្កើនទីផ្សារនាំចេញ និងជំរុញដល់ការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដែលអាចចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ ត្រឹមឆ្នាំ២០៥០ ។
លោកជំទាវរដ្ឋលេខាធិការ បាន បន្តទៀតថា ក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានកំណត់ដាក់ចេញនូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនីមួយៗ (PEDs) ដោយផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) ចំនួន៤គឺ៖ (១)លើកកម្ពស់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២)កាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍សំដៅទៅរកភាពប្រកួតប្រជែងអាស៊ាន (៣)អាស៊ានដែលប្រកបដោយ សមាហរណកម្មបរិយាប័ន្ន ការរួបរួមគ្នាជាធ្លុងមួយ ភាពធន់រឹងមាំ និងភាពប្រកួតប្រជែង និង(៤) សកលភាវូបនីយកម្មអាស៊ាន ដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។ តាមរយៈការដាក់ ចេញនូវគោលដៅយុទ្ធសាស្ត្រគន្លឹះទាំងនេះ កម្ពុជាមានសុទិដ្ឋិនិយមថានឹងអាចសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពសំខាន់ៗដទៃទៀតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
Comments