រដ្ឋមន្រ្តីក្រសួងកសិកម្មកោតសរសើរសកម្មភាពដែលរដ្ឋបាលព្រៃឈើអនុវត្តកន្លងមក ក្នុងការអនុវត្តន៍គោល នយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២០.០១.២០២២

 

រដ្ឋមន្រ្តីក្រសួងកសិកម្មបានកោត សរសើរសកម្មភាពដែលរដ្ឋបាល ព្រៃឈើអនុវត្តកន្លងមក ក្នុងការអនុវត្តន៍គោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជ រដ្ឋាភិបាល ដោយបានដាក់ចេញនូវបទបញ្ជាសំខាន់ ៣ គឺ៖ ១- ការគ្រប់គ្រងធនធានព្រៃឈើ ព្រៃបម្រុងទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក រួមចំណែក ទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ ពិសេសការប្រែប្រួលអាកាសធាតុ ការត្រួតពិនិត្យ និងគ្រប់គ្រងការធ្វើអាជីវកម្ម ព្រៃឈើ ២-ការពារធនធានធម្មជាតិ ជីវៈចម្រុះ និងប្រភេទឈើជិតផុតពូជ និង៣- លើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើដោយឆន្ទៈ ម្ចាស់ការ និងតម្លាភាព។ 

  ការលើកឡើងបែបនេះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលព្រៃឈើ នា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ ឈរលើឧត្តមភាពនៃចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ដើម្បីការពារ និងអភិរក្សព្រៃឈើដែលជាសម្បត្តិរបស់ជាតិ ។ កិច្ចប្រជុំនេះ ជាឱកាសសម្រាប់យើងទាំងអស់គ្នាចូលរួមពិភាក្សាចែករំលែកទស្សនៈ និងផ្តល់នូវធាតុចូលជាគំនិតថ្មីៗលើលទ្ធផលការងារ កាលានុវត្តភាព និងបញ្ហាប្រឈមផ្សេងៗដែលយើងបានជួបប្រទះក្នុងការអនុវត្តន៍ការងារកន្លងមក និងត្រូវរួមគ្នារិះរកគ្រប់មធ្យោបាយ ដើម្បីកំណត់បណ្តាសកម្មភាពជាអាទិភាព ឈានឆ្ពោះទៅរកការអភិវឌ្ឍន៍វិស័យព្រៃឈើឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព ជាពិសេស នៅក្នុងបរិការណ៍ដែលប្រទេសជាតិយើងកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចអំពីសារប្រយោជន៍នៃធនធាន ព្រៃឈើដែលជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ ហើយបាននិងកំពុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិ និងទេសចរណ៍ ជាប្រព័ន្ធការពារទីជម្រាល ការពារជីវៈចម្រុះ ផ្តល់ជម្រក និងអាហារសម្រាប់ជីវិតរស់នៅរបស់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ។ ដូច្នេះ ការគ្រប់គ្រងធនធានធម្មជាតិទាំងអស់នេះឱ្យបានគង់វង្ស ចីរភាព និងនិរន្តរភាព និងជាពិសេសការខិតខំប្រឹងប្រែងរួបរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ទន្រ្ទានយកដីកាន់កាប់ខុសច្បាប់ ការធ្វើអាជីវកម្មឈើ និងសត្វព្រៃខុសច្បាប់ ការប្រើប្រាស់សម្បទានដីសេដ្ឋកិច្ចខុសពីគោលការណ៍ ភាពឆកល្វែងនៃការអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ 

ជាថ្មីម្តងទៀត ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រនិងលើកទឹកចិត្តដល់រដ្ឋបាល ព្រៃឈើ ឱ្យបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការបំពេញតួនាទី និងភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗបន្ថែម ទៀត ៕IMG_20220121_101536_699IMG_20220121_101539_017

Comments

Related posts