វិទ្យុជាតិកម្ពុជា៖ហាន់ ស្រីណា ២០.០១.២២
MC: វិស័យជលផលសមុទ្រជួយបង្កើនជីវភាពប្រជាពល រដ្ឋក្នុងមូលដ្ឋានបានប្រសើរជាងមុន តាមរយៈផលនេសាទ ខណ:បច្ចុប្បន្ននេះគ្រឿងសមុទ្រមានតម្រូវការច្រើននិងមានតម្លៃខ្ពស់។
លោក កែវ មុនីរិទ្ធ នាយអធិការរដ្ឋបាលជលផលសមុទ្របានឱ្យដឹងថា វិស័យជលផលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ចសន្តិសុខស្បៀងអា ហារនិងអាហារូបត្ថម្ភដែលរួមមានផលទឹកសាប ទឹក សមុទ្រ និងវារីវប្បកម្ម ក្នុងនោះសមុទ្ររបស់កម្ពុជាក៏ផ្តល់ទិន្នផលខ្ពស់និងសំបូរដោយធនធានជលផលសមុទ្រជា ច្រើនដល់អាជីវកម្មនេសាទខ្នាតតូចនិងមធ្យម។
លោកបន្តទៀតថា បច្ចុប្បន្ននេះ ផលនេសាទដែលប្រជា ពលរដ្ឋរកបានគឺមានទីផ្សារល្អនិងមានតម្លៃខ្ពស់ ដែលជួយជីវភាពពួកគាត់ឱ្យមានជីវភាពធូរធារនិងកាត់បន្ថយការចំណាកស្រុក។
សំឡេង៖«ខ្ញុំសូមជម្រាបថាវិស័យជលផលសមុទ្រ បានរួមចំណែកកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋានគឺមានពីរកត្តា កត្តាទីមួយតាម រយៈការនេសាទ តាមរយៈការនេសាទគឺអ្នកនេសាទសមុទ្រ ឥឡូវនេះគាត់មានជីវភាពប្រសើរណាស់ ដោយសារផលនេសាទសមុទ្រមានតម្រូវការច្រើន ហើយតំបន់ឆ្នេរ នឹងជាតំបន់ទេសចរណ៍ អ៊ីចឹងផលនេសាទដែលពួកគាត់នេសាទបានមិនដែលសល់ទេត្រូវបានគេទិញទាំងអស់»។
លោកបញ្ជាក់ថា ដើម្បីអាចឆ្លើយតបនឹងកំណើនតម្រូវការក្នុងស្រុកនិងសម្រាប់ការនាំ ចេញការនេសាទពីធម្មជាតិមួយមុខមិនគ្រប់គ្រាន់ សម្រាប់តម្រូវការអតិថិជនឡើយដូច្នេះការធ្វើវារីវប្បកម្ម ក៏ជាកត្តាដ៏សំខាន់ដើម្បីបំពេញតម្រូវការទីផ្សារបានគ្រប់គ្រាន់ ហើយក៏ដូចជាបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា ផលិតផលជលផលកាលពីឆ្នាំ២០២១ រួមមាន: ផលិតផលទឹកសាបថយចុះ ៧.៣០%នាំឱ្យបរិមាណប្រចាំឆ្នាំ ២០២១ សរុប៣៨៣,០៥២តោន។ ផលិតផលសមុទ្រកើនឡើង ១.៨៧% នាំឱ្យបរិមាណប្រចាំឆ្នាំ២០២១ សរុប ១២៥,០០០តោន ។ ផលិតផលវារីវប្បកម្មថយចុះ ១៣% នាំឱ្យបរិមាណប្រចាំឆ្នាំ ២០២១សរុប៣៤៨,៣៤៨តោន៕
Comments