ក្នុងឆ្នាំ២០២១ ក្រសួងសាធារណការរកចំណូលពីការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន បានជាង៣៨ប៊ីលានរៀល

 

 

             វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ០១ ២០២២

                                 ក្នុងឆ្នាំ២០២១កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំនួន ៥.២៩១ផ្លាក ដោយបានចំណូល៣៨ប៊ីលានរៀល ខណៈការចុះបញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បានជិត៣ម៉ឺនផ្លាក ក្នុងចំណូលជាង ៣០ប៊ីលានរៀល។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី២៧ ខែមករានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់តាំងពីបើកដំណើរការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ ដំណាច់ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន៩ពាន់ផ្លាក និងទទួលបានចំណូលជាង៧១ប៊ីលានរៀល។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតផ្លាកលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្តគ្រួសារ ការរក្សាផ្លាកលេខទុក ការផ្ទេរកម្មសិទ្ធិ និងសហកម្មសិទ្ធិ ដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីកៀរគរចំណូលថវិកាបន្ថែមជូនជាតិ។

លក្ខណៈសម្បត្តិរបស់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ "កម្ពុជា" នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នា នៃលេខឡាតាំង ឬអក្សរ ចាប់ពី១ ដល់៨ខ្ទង់នៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខ ពិសេសនេះ ក៏អាចរក្សាទុកបាននៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។

ប្រជាពលរដ្ឋ អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រឡាញ់ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចុះបញ្ជីរថយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕IMG_20220127_131622_202IMG_20220127_131619_732

Comments

Related posts