វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តដាក់ប្រទេសក្នុងភាពអាសន្នដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យមានកិច្ចពិភាក្សាដើម្បីដោះស្រាយស្ថានការណ៍ស្របតាម "ឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន"។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែកុម្ភៈ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានព្រមព្រៀងគ្នាដោយឯកច្ឆន្ទដើម្បីប្រារព្ធខួបនៃរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូបបានអំពាវនាវម្តងទៀតឱ្យដោះលែងអ្នកទាំងអស់ដែលនៅតែត្រូវបានឃុំខ្លួនដោយបំពាន រួមទាំងមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi និងប្រធានាធិបតី Win Myint ។
បើយោងតាមតួលេខការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា រដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្កឱ្យមានកូដកម្ម និងការតវ៉ាដែលនាំឱ្យជនស៊ីវិលប្រហែល ១,៥០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាប និងប្រហែល ១១,៨០០ នាក់ត្រូវបានឃុំខ្លួនដោយខុសច្បាប់។ ក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សាទាំងអស់នៅទូទាំងប្រទេស និងឱ្យជនស៊ីវិលត្រូវបានការពារ។ សមាជិកក្រុមប្រឹក្សាសន្តិសុខបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហឹង្សាថ្មីៗបន្ថែមទៀតនៅក្នុងប្រទេស។ ពួកគេបានថ្កោលទោសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងកន្លែងថែទាំសុខភាព និងការអប់រំ។ របបយោធាមីយ៉ាន់ម៉ាឥឡូវនេះកំពុងប្រឈមមុខនឹងការតស៊ូប្រដាប់អាវុធពីក្រុមជីវពល និងក្រុមឧទ្ទាមជនជាតិភាគតិចដែលចងសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលស្រមោល៕
Comments