កម្ពុជាត្រូវធ្វើការងារអាទិភាពចំនួន៤ ដើម្បីប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ 

 

              វិទ្យជាតិកម្ពុជា ៖ យី វិច្ឆិកា ០៧ ០២ ២០២២

                        ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បី អនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់បាន ត្រូវធ្វើការងារអាទិភាព ចំនួន៤។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖ ....

ថ្លែងក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សានិងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គោលដៅរបស់វិទ្យាស្ថានក្នុងការបណ្ដុះបណ្ដាលកូនខ្មែរឱ្យមានសមត្ថភាព មានចំណេះ ជំនាញច្បាស់លាស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សំណង់ កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ព្រមទាំងឱ្យកូនខ្មែរមានទាំងចំណេះដឹងទូលំទូលាយ មានអត្តចរិត និងសីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ដើម្បីឱ្យកូនខ្មែរជំនាន់ ក្រោយក្លាយជាអ្នកបន្តវេនប្រកបដោយសក្តានុពលច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលដៅនៃការអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យមានការរីកចម្រើន និងប្រកបដោយភាព សម្បូរបែប គឺដើម្បីប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតជោនាយករដ្ឋមន្ត្រី។ 

ឯកឧត្តមបញ្ជាក់ថា « ដើម្បីយើងអនុវត្តផែនការ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥បាន ដើម្បីឱ្យ ប្រទេសជាតិយើងប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់បាន យើងត្រូវមានការងារអាទិភាពចំនួន៤ ដែលត្រូវធ្វើ ទី១.ត្រូវ បញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាបទើបទាក់ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជាយើងបាន ទី២. ត្រូវមានធនធានមនុស្សល្អ គ្រប់គ្រាន់ ដើម្បីចូលរួមកសាងប្រទេសជាតិ ទី៣.ត្រូវបញ្ចុះតម្លៃភស្តុភារកម្ម និងដឹកជញ្ជូន ដើម្បីទាក់ទាញអ្នកវិនិយោគមកដាក់ទុន នៅកម្ពុជាយើងបាន និងទី៤. រៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ទើបយើងអាចឈានទៅរក គោលដៅ របស់យើងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ » ។

សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានដាក់ចេញចក្ខុវិស័យ ឆ្ពោះទៅកាន់គ្រឹះស្ថានឧត្តមសិក្សា សាធារណៈឈានមុខគេ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយគុណភាព ការច្នៃប្រឌិត និងសីលធម៌វិជ្ជាជីវៈ និងមានបេសកកម្ម បណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវលើវិស័យសំណង់ស្ពាន ថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវដែក កំពង់ផែ និងវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងភស្តុភារកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ដែលមានការទទួលស្គាល់ពីថ្នាក់ជាតិ តំបន់ និងអន្តរជាតិ៕IMG_20220207_213455_137IMG_20220207_213502_259

Comments

Related posts