វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ លោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា ការដាំព្រៃឈើឡើងវិញ ឲ្យបានច្រើន គឺមានសារៈសំខាន់សម្រាប់ប៉ាគីស្ថានដែលងាយរងគ្រោះព្រោះតែការប្រែប្រួលអាកាសធាតុ ដោយលោកបានជំរុញ ឱ្យពលរដ្ឋចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធានាបាននូវបរិស្ថានល្អសម្រាប់មនុស្សជំនាន់ក្រោយ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការដាំដើមឈើនិទាឃរដូវទូទាំងប្រទេស លោក Khan បាននិយាយថា ប្រទេសប៉ាគីស្ថានមិនអាច ទប់ទល់នឹងហានិភ័យនៃអាកាសធាតុ ជាពិសេសទឹកជំនន់ វាលខ្សាច់ និងរលកកម្ដៅ ដែលកាន់តែខ្លាំងឡើង ដោយសារការឡើង កម្ដៅផែនដី និងការកាត់បន្ថយគម្របដើមឈើឡើយ។លោកបានបន្តថា"អនាគតរបស់យើងត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រទេសប៉ាគីស្ថានបៃតង ហើយយើងទាំងអស់គ្នាត្រូវតែរួមដៃគ្នា ក្នុងការសម្រេចបាននូវគោលដៅនេះ"។លោកបានបន្ថែមថា វាជាទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការរួមចំណែក ការពារបរិស្ថាន ហើយរដ្ឋាភិបាលរបស់លោកបាននិងកំពុងចាត់វិធានការដើម្បីការពារបរិស្ថាន និងបានចាប់ផ្តើមគំនិតផ្តួចផ្តើម ជាច្រើនរួមទាំងកម្មវិធី Ten Billion Tree Tsunami ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ។ ប្រទេសប៉ាគីស្ថានបាន កំណត់គោលដៅដាំកូនឈើជាង ៥៤០ លានដើម ក្នុងនិទាឃរដូវបច្ចុប្បន្នចាប់ពីខែកុម្ភៈដល់ខែមេសា៕
Comments