វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ បើតាមអាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីកំណត់ត្រាខ្ពស់ថ្មីនៃករណីកូវីដ-១៩ចំនួន ១៧១,៤៥២ នាក់ទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ដែលបង្កើន ចំនួនអ្នកឆ្លងសរុបក្នុងប្រទេសដល់ទៅ ២,៣២៩,១៨២ នាក់។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៣ ខែកុម្ភៈ។
ការផ្ទុះឡើងវិញនាពេលថ្មីៗនេះត្រូវបានឆ្លងនៅក្នុងតំបន់ទីក្រុងសេអ៊ូល ចំពេលមានការរីករាលដាលនៃវីរុស Omicron ។ ក្នុងចំណោមករណីថ្មី មាន ៤១,៣៨៩ នាក់ជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi មានចំនួន ៥៣,៥២៤ នាក់និងទីក្រុងកំពង់ផែភាគខាងលិច Incheon មានចំនួន ១១,០៦០ នាក់។ ក្នុងចំណោមករណីថ្មីនេះ មាន ១៨១ ករណីជាការនាំចូល ដែលធ្វើឲ្យចំនួននាំចូលសរុបកើនដល់ ២៨,៥៥៤ នាក់។ ចំនួនអ្នកឆ្លងដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមានចំនួន ៥១២ នាក់។ ការស្លាប់មានចំនួន ៩៩ នាក់ទៀតត្រូវបានបញ្ជាក់ ដោយចំនួនអ្នកស្លាប់សរុបកើនដល់ទៅ ៧,៦០៧ នាក់។ ប្រទេសកូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់មនុស្ស ៤៤,៨១៩,៨៩៧ នាក់ ឬ ៨៧,៣ ភាគរយនៃចំនួនប្រជាជនសរុប ហើយចំនួនអ្នកចាក់វ៉ាក់សាំងពេញលេញគឺ ៤៤,៣១៥,៩០៣ នាក់ឬ ៨៦,៤ ភាគរយនៃប្រជាជន៕
Comments