វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ លោក Xi Jinping ប្រធានាធិបតីចិនកាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមាន "ការអត់ធ្មត់ជាអតិបរមា" នៅក្នុងប្រទេសអ៊ុយក្រែន ហើយបាននិយាយថា ប្រទេសចិន "ឈឺចាប់នៅពេលដែលឃើញអណ្តាតភ្លើងនៃសង្រ្គាមបានឆាបឆេះឡើងវិញនៅអឺរ៉ុប"។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមីនា។
លោក Xi បាននិយាយនៅក្នុងកិច្ចប្រជុំនិម្មិត ជាមួយប្រធានា ធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថា ប្រទេសទាំងបីគួរតែរួមគ្នាគាំទ្រកិច្ច ចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើតាមការ ផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។ លោក Xi បានពិពណ៌នាអំពីស្ថានភាពនៅ ក្នុងប្រទេសអ៊ុយក្រែនថា "គួរឱ្យព្រួយបារម្ភ" ហើយបាននិយាយថា អាទិភាពគួរតែការពារ កុំឱ្យវាកើនឡើង ឬ "វិលចេញពីការគ្រប់គ្រង"។ លោកក៏បាននិយាយផងដែរថា ប្រទេសបារាំង និងអាល្លឺម៉ង់គួរតែខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃវិបត្តិ ហើយបានសំដែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃទណ្ឌកម្ម លើស្ថិរភាពនៃហិរញ្ញវត្ថុសកល ការផ្គត់ផ្គង់ថាមពល ការដឹក ជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ប្រទេសចិនដែលបានបដិសេធមិនថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន បានសំដែងការប្រឆាំងម្តងហើយម្តងទៀត ចំពោះអ្វីដែលខ្លួនពិពណ៌នាថា ជាទណ្ឌកម្មខុសច្បាប់លើរុស្ស៊ី។
មិត្តភាពរបស់ចិន ជាមួយរុស្ស៊ីបានពង្រឹង កាលពីខែមុន នៅពេលដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ ទីក្រុងមូស្គូបានពណ៌នាអំពីសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនថា ជា "ប្រតិបត្តិការពិសេស" ដើម្បីដកហូតអាវុធអ្នកជិត ខាង និងមេដឹកនាំដែលរុស្ស៊ីហៅថា ពួកណាហ្ស៊ី។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច ហៅការលើកឡើងរបស់រុស្ស៊ីថា ជាលេសគ្មានមូលដ្ឋានសម្រាប់ការលុកលុយ ដើម្បីដណ្តើមយកប្រទេសដែលមានប្រជាជនចំនួន ៤៤ លាននាក់៕
Comments