វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ រដ្ឋាភិបាលឡាវមានបំណងចង់បានអតិរេកពាណិជ្ជកម្មយ៉ាងហោចណាស់ ១,៥៥ ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំ ២០២២ ទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចរបស់ប្រទេសបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ នេះបើយោងតាមការចេញផ្សយដោយសារព័ត៌មាន Xinhua។ ថ្មីៗនេះការិយាល័យនាយករដ្ឋមន្ត្រីឡាវ ដែលដកស្រង់ដោយកាសែត Vientiane Times ថា តម្លៃនៃការនាំចេញត្រូវបាន ព្យាករណ៍ថានឹងឈានដល់ ៧,៦ ពាន់លានដុល្លារអាមេរិក ខណៈដែលតម្លៃនៃការនាំចូលត្រូវបានព្យាករណ៍ថាមានចំនួន ៦,០៥ ពាន់លានដុល្លារអាមេរិក។ ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាលបានសន្យាជំរុញផលិតកម្មកសិកម្ម និងការកែច្នៃទំនិញ សម្រាប់ការនាំចេញ ជាពិសេសទៅកាន់ប្រទេសចិន ដែលទីផ្សាររបស់ពួកគេឥឡូវនេះ អាចទទួលបានកាន់តែងាយស្រួល តាមរយៈផ្លូវដែកចិន-ឡាវ។ នៅឆ្នាំ ២០២១ ឡាវបានកត់ត្រាអតិរេកពាណិជ្ជកម្ម ១ ពាន់លានដុល្លារអាមេរិក ដោយតម្លៃនៃការ នាំចេញមាន ៧ ពាន់លានដុល្លារអាមេរិក និងការនាំចូលមានតម្លៃ ៦ ពាន់លានដុល្លារ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលឡាវបានព្យាយាមបង្កើនការនាំចេញ ខណៈពេលដែលកាត់បន្ថយ ការនាំចូល ដើម្បីរកប្រាក់ចំណូលពីរូបិយប័ណ្ណបរទេសកាន់តែច្រើន។ ការនាំចេញសំខាន់ៗរបស់ប្រទេសឡាវបានមកពីឧស្សាហកម្មរុករករ៉ែ ក៏ដូចជាផលិតផលក្រដាស សរសៃឈើ សម្លៀកបំពាក់ កៅស៊ូ ដំឡូងមី ចេក និងផលិតផលកសិកម្មផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ការនាំចូលសំខាន់ៗមានដូចជា ប្រេងឥន្ធនៈ យានជំនិះ គ្រឿងយន្ត គ្រឿងបន្លាស់ ផលិតផលដែក ឱសថ ផលិតផលផ្លាស្ទិក គ្រឿងអគ្គិសនី អាហារ ឧបករណ៍កាមេរ៉ា និងផលិតផលឈើ៕
Comments