ក្រសួងសាធារណការ កំពុងបង្កើតអេបដើម្បីតាមដានការសាងសង់ហេដ្ឋារចនា សម្ព័ន្ធនៅកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ០៣ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងកំពុងបង្កើតអេបដើម្បីតាមដានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងការរឹតបន្តឹងគុណភាពការងារការសាងសង់ ជួសជុលផ្លូវថ្នល់ និងស្ពានឱ្យមាននិរន្តរភាព។

    ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ(ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានជំនិះ(ឆៀក)ជំនាន់ទី២(techinspection.mpwt.gov.kh) នៅថ្ងៃទី២៨ ខែមីនា ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការបង្កើតឱ្យមានអេប ដើម្បីតាមដានការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺធានាការស្ថាបនាផ្លូវឱ្យមានគុណភាព មានភាពរឹងមាំ ខណៈដែលឯកឧត្តម មិនចង់លឺ ពាក្យថា ក្រសួងសាធារណ ការធ្វើផ្លូវជាប់រហូត ពោលគឺធ្វើមុខខូចក្រោយធ្វើក្រោយខូចមុខ ចាក់ស្តើងស៊ីក្រាស់ចាក់ក្រាស់ស៊ីស្តើងនោះទេ។ បន្ថែមពីនោះទៀត ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងក៏ត្រូវមានប្រព័ន្ធគ្រប់គ្រងតាម ដានឱ្យលំអិត ចំពោះអ្នកកសាងនិងអ្នកជួសជុល ដោយត្រូវធ្វើតាមលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវទើបព្រមទទួលយកពីអ្នកសាងសង់។

សំឡេង « បន្តិចទៀតនេះយើងមានអេបមួយទៀត ដែលតាមដានការសាងសង់ផ្លូវ តាំងពីយើងបើកការដ្ឋានឬមុនបើកការដ្ឋានផង រហូតដល់ផ្លូវធ្វើចប់សព្វគ្រប់ ត្រួតពិនិត្យហើយ យើងទទួលយក តាមដានមួយដំណាក់កាលៗ អ្នកណាធ្វើអ្វីខ្លះ ធ្វើតេស្តប៉ុន្មានដងរហូតដល់ការងារចប់។ សព្វថ្ងៃនេះយើងមិនទាន់មានប្រព័ន្ធហ្នឹងទេ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុង រៀបចំអេបនេះកំពុងតាមដានការងារក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ »។

គួរជម្រាបថា ការបង្កើតអេបដើម្បីតាមដានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ មានគោលបំណងតាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃ អនុវត្តគម្រោងនៅតាមការដ្ឋាន ដូចជាធនធានមនុស្ស សម្ភារគ្រឿងចក្រ តាមដានរបាយការណ៍វឌ្ឍនភាព ការងារសម្រេចបានប្រចាំខែ ប្រកបដោយប្រសិទ្ធភាព ចាប់តាំងពីការដំណើរការបើកការដ្ឋាន សាងសង់រហូតដល់ការសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ៕IMG_20220328_140755_106IMG_20220328_140756_960

Comments

Related posts