រដ្ឋមន្ត្រីក្រសួងសាធារណការ សង្ឃឹមថា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះ សីហនុ នឹងអាចកសាងផ្លូវផ្សេងៗទៀតបាននៅកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា វ៉ែន សុវុទ្ធី ២៧ ០៤ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន សង្ឃឹមថា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងអាចកសាងផ្លូវផ្សេងៗទៀត នៅកម្ពុជា ដើម្បីជួយលើកកម្ពស់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត ខណៈដែលកម្ពុជានៅមានផ្លូវជាច្រើនទៀតដែលត្រូវស្ថាបនានិងជួសជុល។

   ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវ ល្បឿងលឿន ភ្នំពេញ ព្រះសី ហនុឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលមានម៉ាស៊ីន ឧបករណ៍ សម្ភារច្រើនបែប ដើម្បីត្រួតពិនិត្យលើគុណភាព វត្ថុធាតុដើមដែលយកមកកសាងផ្លូវល្បឿនលឿន ក្នុងការធានាគុណភាពផ្លូវឱ្យជាប់បានអាយុកាលដែលបានកំណត់។ 

   ឯកឧត្តមទេសរដ្ឋមន្ត្រី សូមអបរអរសាទ និងសំដែងការកោតសរសើរ ដល់ក្រុមហ៊ុនដែលបានរៀបចំ មន្ទីរពិសោធ ន៍កណ្តាល និងមានឧបករណ៍គ្រប់គ្រាន់ សម្រាប់ធ្វើតេស្តគុណភាពផ្លូវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

សំឡេង « យើងសប្បាយចិត្តដែលមានឧបករណ៍ ហើយបើឧបករណ៍នេះគាត់លែងត្រូវ ការប្រើ សូមបញ្ជូនឱ្យក្រសួង សាធារណការនិងដឹកជញ្ជូន ខ្ញុំទទួលយកទាំងអស់ ក្រែងពិបាកដឹកទៅស្រុកចិនវិញ ខ្ញុំទទួលយកក៏បានដែរ។ យើងមានផ្លូវច្រើនដែលត្រូវកសាង អ៊ីចឹងសង្ឃឹមថា China Road and Bridge Corporation (CRBC) អាចកសាងផ្លូវផ្សេងៗទៀតបាននៅកម្ពុជាយើងកុំដឹកគ្រឿងចក្រទៅវិញទុកនៅនេះហើយ ការងារច្រើនណាស់ »។

    តាមរយៈទិន្នន័យផ្លូវការពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ជាក់ថា ក្រុមអភិវឌ្ឍន៍បានសាងសង់រោងចក្រកែច្នៃកៅស៊ូក្រាលថ្នល់(asphalt) ដែលមានលក្ខណៈស្របតាមស្តង់ដាររោងចក្រ ហើយនឹងផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់កែច្នៃប្រភេទSBSសរុបប្រហែល ៥ ម៉ឺន៣ពាន់តោន សម្រាប់គម្រោងទាំងមូល។ គម្រោងប្រើប្រាស់សម្ភារថ្មីៗយ៉ាង សកម្ម និងនាំចូលនូវបច្ចេកវិទ្យាថ្មីៗដល់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍឧស្សាហកម្មហេដ្ឋារចនា សម្ព័ន្ធនៅកម្ពុជា។

    គួរជម្រាបថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសី ហនុ មានប្រវែង ១៨៧គីឡូ ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោង ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហ នុ ខេត្តព្រះសីហនុ។ផ្លូវនេះអនុវត្តការសាងសង់ដោយ ក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុម ហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក ៕IMG_20220427_095207_355-1IMG_20220427_095210_728-1

Comments

Related posts