កម្ពុជា ឥណ្ឌាពន្លឿនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាឱ្យបានឆាប់

វិទ្យុជាកម្ពុជា

 

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការពន្លឿនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌាឱ្យបានឆាប់ ដើម្បីពង្រីកកំណើនដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែមានទំហំធំ។

សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុង ឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ណារិនដ្រា​ ម៉ូឌី​ (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៨ ខែឧសភា  ឆ្នាំ២០២២។ 

ក្នុងជំនួបនោះសម្ដេចតេជោបានគូសបញ្ជាក់ថា  ពាក់ព័ន្ធនឹងទំហំ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាលកូវីដ-១៩ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ៣០០ លានដុល្លារ។ សម្ដេចតេជោក៏បានស្នើដល់ប្រទេសឥណ្ឌា ២ចំណុច ដោយជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឱ្យបានឆាប់ ដើម្បីពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ។ 

សម្ដេចក៏បានលើកឡើងអំពីវិស័យទេសចរណ៍ដែលសម្ដេចបានស្នើសុំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ក្នុងការជំរុញធ្វើយ៉ាងណាឱ្យទេសចរមានការកើនឡើងរវាងប្រទេសទាំងពីរ ហើយជាពិសេសទៀត ដោយសារកម្ពុជា ឥឡូវនេះ បានបើកចំហសម្រាប់ទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ ដោយពុំបានទាម ទារឱ្យមានការធ្វើតេស្តPCR ឬធ្វើតេស្តរហ័សពេលមកដល់ជាដើម ដូច្នេះក្នុងន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌាជួយជំរុញការងារនេះ។ 

 

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចតេជោ បានមានប្រសាសន៍ថា ចំពោះវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន និងឥណ្ឌា ដោយកម្ពុជាស្វាគមន៍ការកំណត់យកឆ្នាំ២០២២នេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ដែលបានឯកភាពគ្នាលើកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ជាពិសេស ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី ៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កន្លងមកនេះ ហើយកម្ពុជា ទន្ទឹងរង់ចាំក្នុងការប្រារព្ធ និងអនុវត្តសកម្មភាពដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តន៍គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ ។ 

សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ឥណ្ឌាចំនួន១លានដុល្លារដល់អាស៊ាន ឆ្លើយតបជាមួយនឹងកូវីដ-១៩ ហើយកម្ពុជា ក៏សូមលើកទឹកចិត្តដល់ឥណ្ឌាឲ្យបន្តគាំទ្រប្រព័ន្ធសុខាភិបាលសាធារណៈជាតិរបស់កម្ពុជា ជាពិសេសការកសាងសមត្ថភាពអ្នកជំនាញសុខាភិបាលផងដែរ។ សម្ដេចក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលប្រទេសឥណ្ឌាបានផ្ដល់ឲ្យកម្ពុជា តាមរយៈគម្រោងទទួលផលឆាប់រហ័សក្រោមគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍ជនបទ ការលើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌ ដូច្នេះសម្ដេចតេជោ ស្នើសុំឱ្យឥណ្ឌាបន្តការគាំទ្រសំណើគម្រោងឆាប់ទទួលបានផលរបស់កម្ពុជាបន្ថែមទៀតដល់បណ្ដាឆ្នាំ ខាងមុខ ។ 

 

ជាការឆ្លើយតប  ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា  បានគូស បញ្ជាក់ពាក់ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា ។ នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការ តភ្ជាប់មកអាស៊ាន។ ឯកឧត្តមបានបញ្ជាក់ថា ឥណ្ឌា និងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។

ឯកឧត្ដមបានគូសបញ្ជាក់ថា កម្ពុជា គឺអាចបានទទួលផល ប្រយោជន៍ពីគម្រោងឆាប់រហ័ស ជាគម្រោងផង តាមរយៈអាហារូបករណ៍ផងដែរ ហើយកន្លងមកនេះ ឥណ្ឌា ក៏មានបេក្ខភាពក្នុងក្របខណ្ឌអន្តរជាតិជាពិសេស ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ហើយជា ពិសេស អរគុណកម្ពុជា ដែលគាំទ្រដល់បេក្ខភាពរបស់ប្រទេសឥណ្ឌា ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅក្នុងក្របខ័ណ្ឌកំណែទម្រង់នេះ។ ចំពោះបញ្ហាអន្តរជាតិ ឯកឧត្តមបានគូសបញ្ជាក់ថា ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើយ៉ាងណា គាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសឥណ្ឌា ឲ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។

ជាងនេះទៅទៀត ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ឯកឧត្តម ពិតជាគាំទ្រកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផង និងគាំទ្រការឯកភាពផ្ទៃក្នុងរបស់អាស៊ានផង ក្នុងការដើរតួនាទីសំខាន់ ដោះបញ្ហានៅក្នុងតំបន់៕IMG_20220519_075801_952IMG_20220519_075804_168

Comments

Related posts