វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
ព្រះវិហារ ៖ ដេីម្បីរួមចំណែកលេីកកម្ពស់ជីវភាពរស់នៅដល់គ្រួសារយុទ្ធជនកម្ពុជាក្រីក្រនៅតាមព្រំដែន និងកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីនរបស់ប្រជា ពលរដ្ឋក្រីក្រផងនោះ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទ ក្រហមកម្ពុជា ជូនដល់គ្រួសារយុទ្ធជនកម្ពុជាក្រីក្រ និងប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនចំនួន ១០០គ្រួសារ (គ្រួសារនីមួយៗទទួលបានថវិកា ១លានរៀល) រស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្រាប់យកទៅប្រកបមុខរបរបង្កបង្កេីនផល ពង្រីកអាជីវកម្មខ្នាតតូច និងចិញ្ចឹមសត្វ និងបាននាំយកអំណោយសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយជួបការលំបាកសរុបចំនួន ២៣០ គ្រួសារ។ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ឃីតមួយ ជេល១ដប និងថវិកា ២០.០០០ រៀល ។
ក្នុងឱកាសជួបសំណេះ សំណាលនិងប្រគល់ប្រាក់កម្ចីនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទី បំផុត ជាពិសេសការគិតគូរពីជីវភាពរស់នៅ និងសុខុមាល ភាពរបស់ប្រជាពលរដ្ឋទាំងអស់ ។
ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើងដើម្បីការអភិវឌ្ឍរីកចម្រេីនរុងរឿងបន្តទៅមុខទៀត ហេីយក៏សូមលេីកទឹកចិត្តដល់គ្រួសារទទួល ផលទាំងអស់ឱ្យបន្តខិតខំពង្រីកមុខរបរ បង្កបង្កេីនផល ឬចិញ្ចឹមសត្វ ដេីម្បីលេីកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសេីរឡេីង ជៀសវាងការប្រកបរបរចូលព្រៃដូចមុនដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម។
ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងដោយមោទនភាពចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន ថែមទាំងដូសជំរុញ ទី៣ និងទី៤ រួមជាមួយការអនុវត្តវិធានការការពារ និងការរក្សាអនាម័យយ៉ាងល្អខ្ជាប់ខ្ជួន ដែលនេះគឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហេីយបេីកឱកាសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើង វិញផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមប្រុង ប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើនឡើងកំដៅខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមផងដែរ។ ជាមួយគ្នានេះ សូមអំពាវដល់ស្ត្រីជាមាតា ស្ត្រីមានផ្ទៃពោះទាំងអស់អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិចឱ្យបាន៤ដង ដេីម្បីដឹងពីស្ថានភាពសុខភាពទាំងម្តាយនិងទារក និងទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារកផងដែរ។
គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលតែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ និងសូមប្តេជ្ញាខិតខំពង្រីកមុខរបរ ដេីម្បីរួមចំណែកជំរុញកំណេីនសេដ្ឋកិច្ចរបស់ប្រទេសជាតិដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍនដូចសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ១.៥២២គ្រួសារ (ក្នុងនោះ គ្រួសារពិការ ២៩០គ្រួសារ) ដែលរស់នៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កេីនជីវភាព រស់នៅឱ្យល្អប្រសេីរឡេីង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ កាត់សក់ លាងម៉ូតូ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។
បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន ១២ ក្នុងខេត្តព្រះវិហារ៕
Comments