បទយកការណ៍៖ សារសំខាន់នៃការបង្កើតឱ្យមានបន្ទប់ បំបៅដោះកូននៅកន្លែងធ្វើការ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ផលិតដោយ លោកស្រី ហៀង គន្ធា 

 

  ជាទូទៅម្តាយ និងអ្នកថែទាំកុមារមួយចំនួនបានផ្លាស់ប្តូរ ពីការបំបៅកូនដោយទឹកដោះ ម្តាយជំនួសមកវិញនូវការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្ត ពិសេសនៅអំឡុងពេលម៉ោងធ្វើការសម្រាប់កុមារដែលមានអាយុពី៣-៤ខែ។ ទាំងនេះជាការព្រួយបារម្ភមួយយ៉ាងខ្លាំងពីសំណាក់ស្ថាប័នដែលធ្វើការងារផ្នែកអាហារូបត្ថម្ភទាំងអស់ ព្រោះថានៅក្នុងប្រទេសកម្ពុជាមានស្ត្រីដល់ទៅជាង៧០ភាគរយ មានការងារធ្វើនៅក្នុងប្រព័ន្ធការងារផ្លូវការ។ ហេតុនេះ ប្រសិនបើមិនមានដំណោះស្រាយសមស្រប ក្នុងការលើកកម្ពស់ការបំបៅដោះកូនសម្រាប់ស្រ្តីបំរើការងារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការទេនោះ នឹងធ្វើឱ្យអត្រាការបំបៅកូនដោយទឹកដោះម្តាយ នឹងបន្តធ្លាក់ចុះថែមទៀតជាក់ជាមិនខាន។ ដោយមើលឃើញពីសារសំខាន់នៃទឹកដោះម្តាយនេះ រោងចក្រកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុនតានបៀនកំពង់ធំ ស្ថិតក្នុងខេត្តកំពង់ធំកាលពីថ្មីៗនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់បំបៅដោះកូន ដែលមានលក្ខណ:ស្តង់ដារ ដើម្បីឱ្យស្រ្តីជាម្តាយមានពេលវេលាគ្រប់គ្រាន់ក្នុងការបន្តបំបៅកូនដោយទឹកដោះ បន្ទាប់ពីត្រលប់មកពីមាតុភាពវិញ។ 

  ដើម្បីជ្រាបច្បាស់ពីបញ្ហានេះសូមលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិ កម្ពុជាស្តីពីសារសំខាន់នៃការបង្កើតឱ្យមានបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការដូចតទៅ៖

  ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របានរកឃើញថា ការលើកម្ពស់អាហារូបត្ថម្ភ ដោយមានរបបអាហារត្រឹមត្រូវដើម្បីសុខភាពនិងការចិញ្ចឹមទារកនៅកន្លែងធ្វើការ បានផ្តល់គុណតម្លៃនិងផលប្រយោជន៍ដល់និយោជកនិងនិយោជិតជាច្រើន។ ជាពិសេសការកើនឡើងនូវ

ផលិតភាពការងារ ប្រាក់ចំណូល បរិយាកាសការងារមានលក្ខណៈល្អប្រសើរ អារម្មណ៍បុគ្គលិករីករាយក្នុងការបំពេញការងារ និងធ្វើឱ្យសុខភាពបុគ្គលិកមានលក្ខណៈប្រសើរជាង មុន។

  លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា៖ ការបង្កបរិយាកាសសមស្របដូចជាការបង្កើតបន្ទប់បំបៅដោះកូនសមរម្យ ផ្តល់ពេលសម្រាកដល់ស្រី្តក្នុងការបំបៅដោះកូននៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការច្របាច់ឬបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅជាមួយនឹងការបំពាក់សម្ភារឧបករណ៍គ្រប់គ្រាន់ នឹងធ្វើឱ្យស្ត្រីមានការពេញចិត្ត មានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរទាំងខ្លួនគាត់ផ្ទាល់ កូន និងក្រុមគ្រួសារ ដែលជាបច្ច័យនាំមកនូវការកើនឡើងផលិតភាពការងារ និងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពបុគ្គលិកផងដែរ។

សំឡេង<<យើងទាំងអស់គ្នានឹងបានយល់ច្បាស់ពីគុណតម្លៃនៃទឹកដោះម្តាយ ដូចជាការលូតលាស់ផ្នែករាងកាយ សតិបញ្ញាស្មារតីរបស់កុមារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ យើងមិនចាំបាច់ចំណាយលុយកាក់អ្វីទាំងអស់ គ្រាន់តែយើងបំបៅកូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូង មានន័យថានៅពេលដែលយើងសម្រាលមកភ្លាម ដូចនេះឆ្មបតែងយកកូនមកដាក់ទ្រូងម្តាយ ដើម្បីឱ្យស្បែកប៉ះស្បែក អញ្ចឹងពេលនោះគឺទារកនឹងចាប់ផ្តើមបៅដោះម្តាយនៅម៉ោងដំបូង។ ហេតុនេះគ្រាន់តែយើងបំបៅកូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូង គឺយើងអាចទប់ស្កាត់មរណភាពទារកបាន២០ភាគរយ ។កិច្ចការនេះយើងត្រូវអនុវត្តទាំងអស់គ្នា ហើយក៏ដូចជាធ្វើយ៉ាងណាដើម្បីកាត់បន្ថយនៃការប៉ុនប៉ង ការចិញ្ចឹមកូន ក៏ដូចជាការផ្តល់អាហារសិប្បនិម្មិតផ្សេងៗផងដែរ។ ហើយយើងឃើញថាកុមារដែលទទួលបានទឹកដោះម្តាយតែមួយមុខគត់តាំងពីកើតដល់៦ខែគឺកាត់បន្ថយការរាគរូស១១ដងនិងជំងឺរលាកសួត១៥ដង>>។

  កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តថា នឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឱ្យបានដល់៨៥ភាគរយ នៅឆ្នាំ២០៣០។ ដោយសារតែអាត្រាការបំបៅកូនដោយទឹកដោះ ម្តាយ បានធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

   លោកជំទាវវេជ្ជបណ្ឌិតបានមានប្រសាសន៍ទៀតថា៖ ដើម្បីឱ្យការប្តេជ្ញាចិត្តនេះទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពិសេសបងប្អូនជាស្រី្ត។ 

សំឡេង<<ការដែលយើងចិញ្ចឹមកូនដោយអាហារផ្តេសផ្តាស ក៏ដូចជាអាហារសិប្បនិមិត្តមួយចំនួននឹងធ្វើឱ្យទារកងាយប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ហើយយើងឃើញហើយថាកាលណាកង្វះអាហារូបត្ថម្ភគាត់ងាយប្រឈមទៅនឹងការឈឺ រាគរូស រលាកផ្លូវដង្ហើម ក៏ដូចជាអាចស្លាប់បានប្រសិនបើយើងជួយមិនទាន់ទេ ហើយជាពិសេសទៀតនោះនឹងធ្វើឱ្យកូនរបស់យើងមានភាពស្គមស្គាំង ហើយនឹងក្រិសក្រិន ។ ចេះតែឆ្ងល់ថាហេតុអី្វស្រុកគេ កូនគេស្អាតៗម្ល៉េះ ខ្ពស់ល្អម៉្លេះ វាទាក់ទងនឹងបរិយាកាសទាក់ទងនឹងការចិញ្ចឹម ប្រសិនបើគាត់ធ្លាក់ខ្លួនទៅក្នុងបញ្ហាខ្វះអាហារូបត្ថម្ភហើយ អាចគាត់នឹងមានភាពក្រិសក្រិនហើយក្រិសក្រិនអស់មួយជីវិតគឺយើងមិនអាចស្តារបានទេ។ ក្នុងនាមជាមាតាបិតាគ្រប់រូបពពោះ៩ ខែ១០ថ្ងៃយូរណាស់យើងចង់ឃើញបុត្រធីតារបស់យើងមានសុខភាពល្អ មានរូបសម្រស់ស្រស់ស្អាត រៀនសូត្រពូកែ ហើយក៏ជាអនាគតមួយរបស់ក្រុមគ្រួសារក៏ដូចជាអនាគតរបស់ប្រទេសជាតិយើងផងដែរ>>។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី មានប្រសាសន៍បញ្ជាក់ថា៖ នៅចំពោះមុខបញ្ហានេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងលើកទឹកចិត្តស្រ្តីដែលធ្វើការទាំងអស់ ឱ្យបន្តការបំបៅកូនដោយទឹកដោះម្តាយ បន្ទាប់ពីត្រឡប់មកធ្វើការ វិញ។ ពិសេសបង្កើតឱ្យមានបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ ដែលជាកត្តាជំរុញឱ្យស្រ្តីមានឱកាសក្នុងការបំបៅដោះកូនបានពេញលេញផងដែរ។ លោកជំទាវសំណូមពរដល់ក្រសួងស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ម្ចាស់ជំនួយ អង្គការសហប្រជាតិ អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់សូមចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយនៅកន្លែងធ្វើការ ជាពិសេសសម្របសម្រួលឱ្យ មានបន្ទប់បំបៅដោះកូននៅគ្រប់កន្លែងធ្វើការទាំងអស់ ដើម្បីឱ្យស្រ្តីអាចបន្តការបំបៅដោះកូនដោយងាយស្រួលបន្ទាប់ពីត្រឡប់ចូលធ្វើការវិញ។

សំឡេង<<ការបង្កើតនូវបន្ទប់បំបៅដោះកូននេះ គឺរោងចក្រទទួលបានផលចំណេញច្រើនមែនទែន ទីមួយគឺមិនមានការអវត្តមានបុគ្គលិករបស់យើងមានន័យថាពីមុនគាត់អាចឈប់ញឹកញាប់ដោយសារតែបញ្ហាពេលវេលាមើលថែទាំកូន។ ប៉ុន្តែឥឡូវនេះប្រសិនបើយើងមានបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ អញ្ចឹងគាត់អាចមកធ្វើការបានជាប់លាប់ ដូចនេះសង្វាក់ផលិតកម្មរបស់គាត់ក៏មានការកើនឡើងមិនអាក់ខានដែរ។ អញ្ចឹងយើងគិតថាចំណេញទាំងអស់ទាំងសុខភាពស្ត្រី សុខភាពកុមារ ក៏ដូចជាចំណេញទាំងផលិតភាពការងាររបស់រោងចក្រ អញ្ចឹងយើងគួរតែសហការនិងគាំទ្រទាំងអស់គ្នា>>។IMG_20220519_175012_173

  បន្ទប់សម្រាប់បំបៅដោះកូន ពុំមែនផ្តល់ប្រយោជន៍សម្រាប់តែបុគ្គលិកជាស្រ្តី ឬម្តាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់សុខភាព និងការអភិវឌ្ឍន៍សម្រាប់កុមារ ដោយអនុញ្ញាតឱ្យមានការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងបន្តបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់និយោជក និងក្រុមការងារទាំងមូល ដែលជួយដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិផងដែរ។ 

  លោក ទ្បឹម ថាញ់ ភូ នាយកប្រតិបត្តិ រោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុនតានបៀនកំពង់ធំបានឱ្យដឹងថា៖ រោងចក្រកែច្នៃជ័រកៅស៊ូនេះ មានកម្មករសរុបចំនួនជិត១៥០០នាក់(១៤៨២) ក្នុងនោះមានកម្មការិនីសរុបចំនួន៥៧៨នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រ ។កន្លងមករោងចក្រនេះមិនមានបន្ទប់បំបៅដោះកូន ដែលមានលក្ខណ:ស្តង់ដារបំពាក់ដោយឧបករណ៍និងសម្ភារសម្រាប់ស្រ្តីបំបៅដោះកូននោះឡើយ។ ប៉ុន្តែក្រោយពីបានយល់ដឹងពីសារសំខាន់ជាច្រើននៃអាហារូបត្ថម្ភ និងការបំបៅកូនដោយទឹកដោះម្តាយ ទើបបង្កើតឱ្យមានបន្ទប់បំបៅដោះកូននៅរោងចក្រនេះតែម្តង ព្រោះទឹកដោះម្តាយមានគុណតម្លៃចំពោះសុខភាព ការលូតលាស់ផ្នែករាងកាយ ការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារ អាចទប់ស្កាត់មរណភាពទារក កាត់បន្ថយជំងឺរាគរូស និងជំងឺរលាកសួត ។ លោក នាយកប្រតិបត្តិ បានអះអាងថា៖ ការបង្កើតបន្ទប់បំបៅដោះកូននិងការអប់រំពីអាហារូបត្ថម្ភ ធ្វើឱ្យរោងចក្រក៏មានផលចំណេញច្រើនលើការកើនឡើងផលិតភាពការងារ និងប្រាក់ចំណូលដល់រោងចក្រព្រោះស្រ្តីមានអារម្មណ៍ល្អក្នុងការបំពេញការងារ និងមានសុខមាភាពល្អប្រសើរ។

  ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលឱ្យទទួលបានជោគជ័យ តម្រូវឱ្យមានការចូលរួមរវាងភាគីពាក់ពន្ធ័ទាំងអស់ ពិសេសម្តាយកំពុងបំបៅដោះកូនធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅរួមរបស់យើងឆ្ពោះទៅកាន់ការកសាងកម្ពុជាមួយប្រកបដោយវិបុលភាព។IMG_20220519_175042_540

  នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន នៅរោងចក្រកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន តានបៀនកំពង់ធំ លោកទូច សុខា អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតឱ្យមានបន្ទប់បំបៅដោះកូន។

សំឡេង<< ចំណេញទាំងពេលវេលា ថវិកា ចំណូលគ្រួសារ ចំណេញតាំងពីសុខភាពកូន និងសុខភាពម្តាយ ។ហើយខ្ញុំក៏លើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុនដទៃទៀត ដែលស្ថិតនៅក្នុងខេត្តកំពង់ធំសូមយកគំរូតាមក្រុមហ៊ុនតានបៀនអភិវឌ្ឍន៏កៅស៊ូនេះ ធ្វើយ៉ាងណាឱ្យមានបន្ទប់បំបៅកូនដូចគ្នាទាំងអស់ ហើយក៏សូមលើកទឹកចិត្តទៅដល់បងប្អូន ពិសេសកម្មការិនីដែលត្រូវបំបៅដោះកូនធ្វើយ៉ាងម៉េចបំបៅដោះកូនឱ្យបានយ៉ាងហោចណាស់ ៦ខែដើម្បីឱ្យកូនមានសុខភាពរឹងមាំ>>។IMG_20220519_175032_051

  នៅក្នុងពិធីនេះបើទោះបីមេឃកំពុងភ្លៀងខ្លាំងយ៉ាងណាក៏ដោយ សង្កេតឃើញថាកម្មករជាច្រើនពិសេសកម្មការិនីកំពុង យកចិត្តទុកដាក់ស្តាប់ទាំងទឹកមុខញញឹម។

  លោកស្រី យ៉ាង ហុន ជាកម្មការិនីនៅរោងចក្រតានបៀនកំពង់ធំ បានសំដែងការសប្បាយចិត្តនៅពេលកន្លែងធ្វើការមានបន្ទប់បំបៅដោះកូន ព្រោះអាចធ្វើឱ្យគាត់មានពេលវេលានៅក្បែរកូនច្រើនជាងមុន ។

សំឡេង<<និយាយរួមទៅដល់ពេលយើងមានកូន យើងមានពេលវេលាធ្វើការហើយយើងអាចបំបៅដោះកូននៅកន្លែងធ្វើការវាសុខភាពល្អ ជាងបៅទឹកដោះគោ ណាមួយកាត់បន្ថយចំណាយ យើងមានវេលាគ្រប់គ្រាន់មិនសូវចុះទឹកដោះគោ ហើយមានពេលវេលាមើលថែកូន មើលយើងឱ្យបៅទឹកដោះគោយើងត្រូវយកទៅស្រុក អញ្ចឹងយើងអត់បាននៅក្បែកូន បើយើងនៅទីនេះមានបន្ទប់មានអីស្រួល បាននៅជិតកូនបានមើលថែកូនដិតដល់>>។IMG_20220519_175018_300

ក្នុងពិធីនេះដែរ លោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការGIZ មានប្រសាសន៍ថា៖ កន្លែងធ្វើការ បានក្លាយទៅជាតួអង្គសំខាន់សម្រាប់អាហារូបត្ថម្ភ និងសុខភាពរបស់មាតា កុមារ ដោយសារសព្វថ្ងៃនេះ ស្រ្តី និងនិយោជិត ចំណាយពេលវេលាភាគច្រើនរបស់ពួកគេនៅទីនោះ។ លោកស្រីលើកឡើងបញ្ជាក់ថា៖ បន្ទប់សម្រាប់បំបៅដោះកូន ពុំមែន ផ្តល់ប្រយោជន៍សម្រាប់តែបុគ្គលិកជាស្រ្តី ឬម្តាយប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់សុខភាព និងការអភិវឌ្ឍន៍សម្រាប់កុមារ ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់និយោជក និងក្រុមការងារទាំងមូល ដែលជួយដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិប្រកបដោយចីរភាពផងដែរ។ IMG_20220519_175038_400

  ដោយមើលឃើញពីគុណតម្លៃដ៏ល្អឥតខ្ចោះរបស់ទឹកដោះម្តាយ ទើបប្រទេសកម្ពុជាយើងមានគោលនយោបាយ ផ្តោតសំខាន់លើបីចំនុចរួមមាន៖ ជំរុញការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល, ការបំបៅកូនដោយទឹកដោះម្តាយតែមូយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុបាន២ឆ្នាំឬលើស, និងការចាប់ផ្តើមផ្តល់អាហារបន្ថែមចាប់ពីអាយុ៦ខែ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានសុវត្ថិភាព សមស្របតាមអាយុរបស់ទារក និង កុមារ ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ដើម្បីបង្កើន អត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយ មុខគត់រយៈពេល៦ខែដំបូងនៃជីវិត ពីអត្រា៦៥ភាគរយនៅឆ្នាំ២០១៤ ឱ្យបានដល់៨៥ភាគរយនៅត្រឹមឆ្នាំ២០៣០។ ទន្ទឹមនេះដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការអនុវត្តការប្តេជ្ញាចិត្តខាងលើនេះ ក្រោមជំនួយថវិការបស់ អង្គការ GIZ និងគម្រោងMUSEFO អង្គការ Helen Keller សហការជាមួយភាគីពាក់ព័ន្ធបាននិងកំពុងអនុត្តន៏នូវគម្រោងសាកល្បងមួយឈ្មោះថា “គម្រោងលើកកម្ពស់អាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការ” ដែលមានទីតាំងគោលដៅចំនួន២៧កន្លែងរួមទាំងរោងចក្រកែច្នៃជ័រកៅស៊ូ តានបៀនកំពង់ធំនេះ ផង៕IMG_20220519_175049_245IMG_20220519_175022_529

Comments

Related posts