មន្ត្រីសុខាភិបាល បានចុះអប់រំ ផ្សព្វផ្សាយ និងដាក់ថ្នាំអាបែតនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីបង្ការជំងឺគ្រុនឈាម

 វិទ្យុជាតិកម្ពុជា៖ ស្រីផល ៣០,០៦,២០២២

                            MC៖ ខណៈដែលជម្ងឺគ្រុនឈាមមានការកើនឡើង មន្ត្រីសុខាភិបាល បានចុះអប់រំ ផ្សព្វផ្សាយ និងដាក់ថ្នាំអាបែតនៅតាមផ្ទះប្រជាពលរដ្ឋ ដើម្បីបង្ការជំងឺគ្រុនឈាម កុំឱ្យមានករណីឆ្លង និង ស្លាប់ដោយសារជំងឺនេះ។

មន្ត្រីសុខាភិបាលបានចុះអប់រំណែនាំ និងដាក់ថ្នាំអាបែតដើម្បីបង្ការជំងឺគ្រុនឈាម នារដូវវស្សានេះ ដោយសារជំងឺគ្រុនឈាមបានកើតមានឡើងច្រើនទៅលើកុមារ និងប្រជាពលរដ្ឋដែលមានវ័យចាស់ មួយចំនួន។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មន្ត្រីសុខាភិបាលបាន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅដល់សហគមន៍ងាយរងគ្រោះ និងកន្លែងកម្មករស្នាក់នៅ ដើម្បីធ្វើ ការអប់រំផ្សព្វផ្សាយ សម្អាតអនាម័យបរិស្ថាន និងចែកថ្នាំអាបែតដើម្បីបង្ការជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិតបានបន្តថា ក្រោយពីទទួលបាននូវសម្ភារៈបរិក្ខារ និងថ្នាំអាបែតពីក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើការបែងចែក និងប្រគល់ថ្នាំអាបែត ព្រមទាំងសារអប់រំសុខភាព ជូនទៅដល់ការិយាល័យស្រុកប្រតិបត្តិទាំងអស់ ដើម្បីយកថ្នាំអាបែតទៅដាក់នៅក្នុងពាងទឹកសម្លាប់ដង្កូវទឹក និងលុបបំបាត់ជម្រកមូសខ្លាតាមសហគមន៍ដែលងាយរងគ្រោះ។ 

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រុមការងារគ្រូពេទ្យបានធ្វើដំណើរដើរពីផ្ទះមួយទៅកាន់ផ្ទះមួយ របស់ ប្រជាពលរដ្ឋ នៅក្នុងរដ្ឋបាលខណ្ឌចំនួន៩ជាយរាជធានីភ្នំពេញ ដោយក្នុងនោះ សរុបការផ្តល់ជូននូវថ្នាំ អាបែតនេះ គឺមានចំនួន១១តោន។ 

សំឡេង៖ ការិយាល័យស្រុកប្រតិបត្តិ គាត់បានយកទៅបែងចែកទៅតាមមណ្ឌលសុខភាព ហើយមណ្ឌល សុខភាព យកទៅបែងចែកតាមភូមិគោលដៅ ដោយក្នុងនោះមាន ខណ្ឌច្បារអំពៅ មានជ័យ ដង្កោ ពោធិសែនជ័យ ខណ្ឌកំបូល ព្រែកព្នៅ សែនសុខ ឫស្សីកែវ និងខណ្ឌជ្រោយចង្វារ ហើយក្នុងនោះ មណ្ឌលសុខភាពបានចុះអប់រំសហគមន៍ អំពីការលុបបំបាត់ជម្រកមូសខ្លា ហើយការលុបបំបាត់ជម្រក មូសខ្លានៅតែជាសកម្មភាពចម្បង សម្រាប់ចូលរួមចំណែកទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម។

គួរជម្រាបថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានណែនាំដល់មន្ទីរសុខាភិបាលរាជធានីខេត្តទាំងអស់ ត្រូវត្រៀមលក្ខណៈទុកជាមុន និងមានផែនការច្បាស់លាស់ សម្រាប់អន្តរាគមន៍ចាត់ចែងការផ្តល់សេវា និងកន្លែងសម្រាកព្យាបាលជំងឺគ្រុនឈាម នៅក្នុងមន្ទីរពេទ្យឲ្យបានល្អ និងត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ផ្សេងទៀត ក្នុងករណីអ្នកជម្ងឺមានសភាពធ្ងន់ធ្ងរ ដើម្បីឱ្យពួកគាត់អាចពិនិត្យ និងព្យាបាលបានទាន់ ពេលវេលា៕IMG_20220630_122505_104IMG_20220630_122509_433

Comments

Related posts