រយៈពេល៦ខែ ចាប់បាន និងពិន័យរថយន្តដឹកលើសទម្ងន់កំណត់ជាង១.៦០០គ្រឿង

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ០៧ ២០២២

 

  ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ ចាប់បាន និងពិន័យរថយន្តដឹកលើសទម្ងន់កំណត់ដោយច្បាប់ចំនួន១.៦៤៣ គ្រឿង ក្នុងនោះ២២០គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើស ពី២០ភាគរយ នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុកចំនួនមួយឆ្នាំ។

របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ចេញផ្សាយកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា បានបញ្ជាក់ថា រថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ ត្រូវបានពិន័យនេះ គិតជាទឹកប្រាក់សរុបប្រមាណ២,៨ពាន់លានរៀល។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវជាថ្មីម្តងទៀត ដោយសុំឱ្យអ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកទំនិញគោរពច្បាប់ ចរាចរណ៍ ទាំងអស់គ្នា សំដៅការពារផ្លូវកុំឱ្យឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ ចរាចរណ៍ដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំឭកដោយលើកឡើងនូវរូបមន្តជាឧទាហរណ៍ថា បើច្បាប់អនុញ្ញាតឱ្យដឹក៣០តោន ប៉ុន្តែបើដឹក៤០តោន គឺលើសដប់តោន នោះគេយក១០x១០ ស្មើនឹង១០០ យក១០០x១០ ស្មើ១០០០ យក១០០០x ១០ ស្មើនឹង១០.០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញ លើស១០តោន ស្មើនឹងឡាន ១០.០០០គ្រឿងដឹកទំនិញលើផ្លូវ ហើយនាំឱ្យផ្លូវឆាប់ខូចមុនអាយុកាល។

គួរកត់សម្គាល់ថា រថយន្តដែលដឹកលើសទម្ងន់កំណត់ដោយច្បាប់ភាគច្រើន គឺជារថយន្តធុនធ្ងន់ធ្វើអាជីវកម្មដឹកថ្ម ខ្សាច់ ដីដាក់តាមការដ្ឋាន សម្ភារសំណង់ ជាដើម។

បើយោងតាមច្បាប់ស្តីពីផ្លូវថ្នល់ បើក្នុងករណីយានយន្តបើកបរ លើដងផ្លូវផ្ទុកទម្ងន់លើសពី២០ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន១ឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន៣០ម៉ឺនរៀល ក្នុងទម្ងន់១តោន ព្រមទាំងដកបណ្ណបើកបរ និងព្យួរទុករយៈពេល ២ឆ្នាំ៕IMG_20220707_081922_496IMG_20220707_081920_244

Comments

Related posts