អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប​ បាន បេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងលើក ទិសដៅអនុវត្តបន្តឆមាសទី២ 

វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តកែប

 

​ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២​នេះ​ អនុគណ:កម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប​ បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​ និងជាប្រធានអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប និងមានការអញ្ចេីញចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍​ វរសេនីយ៍ឯក​ កងកម្លាំងទាំងបី​ អភិបាលក្រុង​ ស្រុក​ ប្រធាន​ អនុប្រធាន​ និងមន្ត្រីរាជការ​ជុំវិញខេត្ត មេឃុំ​ ចៅសង្កាត់​ មេភូមិ​ លោកគ្រូ​អ្នក​គ្រូ​ និងសិស្សានុសិស្សសរុបចំនួន​ ២៨៥នាក់។

​ តាមរបាយការណ៍​របស់​ លោក​ ម៉ម​ ទូច​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ និងជាប្រធានលេខាធិការ​ដ្ឋានគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប​ បានបញ្ជាក់ថា​ នៅក្នុងឆមាសទី១ កន្លងមកនេះមន្ត្រីជំនាញបានធ្វើការចុះបញ្ជីយាន្តយន្ត ផ្តល់បណ្ណបើកបរ ត្រួតពិនិត្យលក្ខណ: បច្ចេកទេសយាន្តយន្ត ការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពី ច្បាប់ចរាចរណ៍ផ្លូវគោក ដល់គ្រប់មូលដ្ឋាននានានៅក្នុងខេត្ត។ សម្រាប់ឆមាសទី១​ ឆ្នាំ២០២២​ នេះ​ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៣០លើក​(បាត់បង់ជីវិត​០៨នាក់​ របួស៦០ នាក់ (របួសធ្ងន់៣២នាក់))​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆមាសទី១​ ឆ្នាំ២០២១​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង១៤លើក​ ស្មើនឹង៨៨%(៣០លើក/១៦លើក)​ អ្នកស្លាប់កើនឡើង០៣នាក់​ ស្មេីនិង៦០%(០៨នាក់/០៥នាក់)​ អ្នករបួសកើនឡើង៣៨នាក់​ ស្មើនិង១៧២%(៦០នាក់/២២នាក់)។

​ មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសំដែងនូវការកោតសរសើរដល់មន្ត្រីជំនាញ ទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការចូលរួមធ្វើការ ផ្សព្វផ្សាយ និងអនុវត្តនូវវិធានការការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកមានប្រសិទ្ធភាពខ្ពស់ និងដាក់ចេញវិធានការបន្ថែមក្នុងការរឹតបន្តឹងទៅលើការប្រើប្រាស់រថយន្តកែច្នៃ ទោចក្រយាន្តយន្តកែច្នៃ​ សណ្តោងរុឺម៉ក និងគោយន្ត ដើម្បីបញ្ចៀសឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។

​ ឯកឧត្តម បានមានប្រសាន៍បន្តទៀតថា​ កន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បានបណ្តាលមកពីរថយន្តកែច្នៃ គោយន្តកែច្នៃ បើកបរលើស ល្បឿនកំណត់ ព្រមទាំងផ្ទុកមនុស្សឬទំនិញលើសចំនួនកំណត់ ពេលបើកបរសេគ្រឿងស្រវឹង​ និងមិនមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់។ 

​ ឯកឧត្តម ក៏បានសំណូមពរដល់គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងអនុគណ:កម្មការទាំងអស់​ ជាពិសេសមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ត​ បន្តសហការគ្នាជាមួយ អធិការដ្ឋាននគរបាល​និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង​ ស្រុកត្រូវចុះផ្សព្វផ្សាយ​ ស្តីពី​ ច្បាប់ចរាចរណ៍ផ្លូវគោក ចុះចងបដាអប់រំ​ ស្តីពី​ ច្បាប់ចរាចរណ៍ និងការរឹតបន្តឹងច្បាប់ចរាចរណ៍គ្រប់គោលដៅដែល បានកំណត់​ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍មួយចំនួនសម្រាប់យកទៅអនុវត្ត÷

១- សូមបន្តយកចិត្តទុកដាក់ និងត្រួតពិនិត្យឲ្យបានហ្មត់ចត់ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ​ ចុះណែនាំ​ និងតម្រង់ទិសដល់ម្ចាស់រថយន្តដឹកដីគ្រប់ប្រភេទ នៅគោលដៅដើមទី ពីបញ្ហា ល្បឿនបើកបរ ការវ៉ាជែង និងការដឹកមិនលើសទម្ងន់កម្រិតកំណត់នៃច្បាប់។

២- ត្រូវខិតខំបន្តចុះអប់រំ ផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមបណ្ដាគ្រឹះស្ថានរដ្ឋ និងឯកជន និងមូលដ្ឋានក្រុង/ស្រុក និងឃុំ/សង្កាត់ ជាពិសេស នៅតាមដងផ្លូវសំខាន់ៗ។

៣- បន្តការគាំទ្រ និងជំរុញដល់រចនាសម្ព័ន្ធរបស់គណៈកម្មការចម្រុះពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់អតិបរមា ជាពិសេស​លេខាធិការដ្ឋាន និងអនុគណៈកម្មការពាក់ព័ន្ធ ត្រូវខិតខំកែលម្អ ពង្រឹងយន្តការនិង បន្តកិច្ចសហការជាមួយ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យ បានដាច់ខាតនូវការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

៤- ខ្ញុំសូមបន្តគាំទ្រ និងជំរុញដល់សកម្មភាពគណៈកម្មការត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស​ ឲ្យមានភាពសកម្ម និងហ្មត់ចត់ ក្នុងការគ្រប់គ្រង យានដ្ឋាន ជួសជុលកែច្នៃយានយន្ត​ ការត្រួតពិនិត្យ ការកាត់តរថយន្តខុសបច្ចេកទេសរួមចំណែកក្នុងការគ្រប់គ្រងយានយន្តឲ្យបានរៀបរយ និងមានសុវត្ថិភាពល្អប្រសើរ​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាអតិបរមា។

៥- សូមបន្តយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យបានជោគជ័យផែនការយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយត្រូវបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់កាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាបបំផុត។

៦- សូមខិតខំបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន​ និងសហគមន៍អ្នកផ្ដល់ជំនួយ​ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីកៀរគរថវិកា យកមកបំពាក់ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវដែលមានការខ្វះខាតឱ្យសមនឹងស្ថានភាពជាក់ស្តែង៕IMG_20220728_093512_955IMG_20220728_093505_448IMG_20220728_093509_268

Comments

Related posts