កម្ពុជាត្រូវការថវិកាជាង៤០លានដុល្លារ សម្រាប់ផែនការអភិរក្សសត្វដំរីអាស៊ី ក្នុងរយៈពេល១០ឆ្នាំ

     វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៨ ២០២២

                        ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឱ្យដឹងថា តាមការប៉ាន់ស្មានផែនការ សកម្មភាពរយៈពេល១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនៅកម្ពុជា គឺត្រូវការថវិកាចំនួន៤០,៥លានដុល្លារ អាមេរិក ដែលគម្រោងថវិកានេះរំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

  ថ្លែងក្នុងឱកាសយុទ្ធនាការអន្ទាក់សូន្យនៅខេត្តកំពង់ធំ និងអបអរសាទរទិវាដំរីពិភពលោក នៅថ្ងៃទី១២ ខែសីហានេះ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយនៅក្នុងរយៈពេល១០ឆ្នាំ គិតចាប់ពី ឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ បានកំណត់នូវបញ្ហាអាទិភាពចំនួន៧ ក្នុងនោះរួមមានទី១. ការកាត់បន្ថយ ការបាត់បង់ទីជម្រក, ទី២. អភិរក្សនិងតភ្ជាប់ច្រករបៀងនិងហ្វូងដំរីព្រៃឡើងវិញ, ទី៣. ពង្រឹងការអនុវត្តន៍ ច្បាប់, ទី៤. បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម, ទី៥. បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស, ទី៦. អប់រំផ្សព្វផ្សាយ និងទី៧. សិក្សាស្រាវជ្រាវនិងតាមដានត្រួតពិនិត្យចំនួនដំរីអាស៊ី។ 

  ឯកឧត្តម បន្តថា តាមរយៈផែនការសកម្មភាពនេះ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានរកឃើញថា ដំរីចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់មួយចំនួនឡើងវិញ ដូចជានៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាដើម។ 

  ចំនួនសត្វដំរីអាស៊ីនៅកម្ពុជា ត្រូវបានប៉ាន់ ប្រមាណមានចន្លោះពី៤០០ទៅ ៦០០ក្បាល នៅក្នុងតំបន់ ការពារធម្មជាតិនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញ និងភាគឦសាន្ត។ ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថា មានប្រមាណជាង៧០ក្បាល៕IMG_20220813_161203_129IMG_20220813_161159_720IMG_20220813_161208_061

Comments

Related posts