ឆ្លងកាត់បាន៥ខេត្ត! ភោជនីយដ្ឋានចំនួន៤៧ប្រកាសពហិការមិនលក់សាច់សត្វព្រៃ

      វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៣ ០៨ ២០២២

                    ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន៤៧កន្លែងហើយ ដែលប្រកាសមិនលក់មុខម្ហូបពីសាច់ សត្វព្រៃ ក្រោយពីរាជរដ្ឋាភិបាល និងអង្គការដៃគូ ធ្វើយុទ្ធនាការស្តីពីអន្ទាក់សូន្យ ដើម្បីលុបបំបាត់ការដាក់ អន្ទាក់ បញ្ឈប់ការជួញដូរសត្វព្រៃ លុបបំបាត់តម្រូវការសាច់សត្វព្រៃ និង ផលិតផលសត្វព្រៃនៅកម្ពុជា។ ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងនោះមានទីតាំងនៅតាមខេត្តដូចជាក្រចេះ មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ។

  នៅក្នុងឱកាសធ្វើយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តកំពង់ធំ ដែលជាយុទ្ធនាការលើកទី៥ បន្ទាប់ពីខេត្ត ស្ទឹងត្រែង ព្រះវិហារ ក្រចេះ និងមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែសីហា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានផ្សេងទៀត ក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ចូលរួមបញ្ឈប់រាល់ការទិញ លក់ និងបរិភោគសត្វព្រៃ ដើម្បីជាប្រយោជន៍ ទុកសម្រាប់ទាក់ទាញវិស័យអេកូទេសចរណ៍ និងទុកសម្រាប់មនុស្សជំនាន់ក្រោយៗទៀតបានស្គាល់។ ជាមួយគ្នានេះ បានជំរុញឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់ ដែលជាដើមចមនៃការធ្វើឱ្យ វិនាសផុតពូជដល់ពពួកសត្វព្រៃ ខណៈប្រភេទសត្វមួយចំនួនត្រូវបានចាត់បញ្ចូលក្នុងថ្នាក់កម្រិត និង ជិតផុត ពូជ នៅលើភពផែនដី។ ឯកឧត្តមមានប្រសាសន៍ថា ការទទួលទានសត្វព្រៃមិនធ្វើឱ្យសុខភាពមនុស្សប្រសើរ ឡើងនោះទេ។ សាច់សត្វព្រៃ និងផ្នែកផ្សេងៗនៃសត្វព្រៃ មិនគួរប្រើប្រាស់សម្រាប់ធ្វើជាឱសថនោះទេ ដោយការកត់សម្គាល់ថា ការកើនឡើងនៃការប៉ះពាល់មនុស្សទៅសត្វ បង្កហានិភ័យនៃការរីករាលដាល មេរោគ និងជំងឺផ្សេងៗទៀត។

ម្ចាស់ និងតំណាងភោជនីយដ្ឋានចំនួន៥នៅទីរួមខេត្តកំពង់ធំរួមមាន៖ ភោជនីយដ្ឋានម្លប់ស្វាយធំ, ភោជនីយដ្ឋាន ឡូវ គឹមសេង, ភោជនីយដ្ឋាន អរុណរះ, ភោជនីយដ្ឋាន ដងស្ទឹងសែន, ភោជនីយដ្ឋាន ជ្រោះពេជ្រចិន្តា បានប្រកាសជំហរដោយប្តេជ្ញាចិត្តការពារ អភិរក្សធនធានធម្មជាតិ សត្វព្រៃ និងចូលរួម លុបបំបាត់អន្ទាក់ ទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ 

បើតាមប្រសាសន៍របស់លោកស្រី Rebecca Black នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា សត្វព្រៃនៅទូទាំងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ត្រូវបានជាប់អន្ទាក់ បំពុល និងបាញ់សម្លាប់។ លោកស្រី ថ្លែងថា «បើមិនមានវិធានការរួមគ្នាទាន់ពេលវេលាទេ ព្រៃឈើកម្ពុជា នឹងមិនមានសល់សត្វព្រៃទៀតឡើយ។ ដូច្នេះ យុទ្ធនាការប្រឆាំងការដាក់អន្ទាក់ក្នុងខេត្តកំពង់ធំ គឺជាជំហាន ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការយល់ដឹង ដើម្បីដោះស្រាយវិបត្តិនេះ។ យើងក៏ត្រូវតែបន្តផ្តល់សិទ្ធិដល់សហគមន៍មូលដ្ឋាន ក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ មូលដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់ ក៏ដូចជាការជួញដូរសត្វព្រៃខុសច្បាប់»។ 

ចំណែកលោក Pablo Sinovas នាយកអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ហៅកាត់FFI ប្រចាំប្រទេស កម្ពុជា មានប្រសាសន៍ថា «អន្ទាក់ គឺជាការគំរាមកំហែងដ៏ធំបំផុតដល់សត្វព្រៃនៅក្នុងព្រៃរបស់កម្ពុជា។ អន្ទាក់ដែលមានតម្លៃថោក ងាយស្រួលដាក់ពង្រាយ ពិបាករក និងមើលមិនឃើញ ហើយអន្ទាក់កំពុងបំផ្លាញ តំបន់ការពារធម្មជាតិរបស់សត្វព្រៃ ដែលត្រូវបាននិងកំពុងការពារ។ ដូច្នេះ យើងត្រូវចាត់វិធានការពីឥឡូវនេះ ដើម្បីកាត់បន្ថយតម្រូវការសាច់សត្វព្រៃដែលជំរុញឱ្យមានការដាក់អន្ទាក់ និងពង្រឹងការអនុវត្តន៍ច្បាប់»។

ស្រដៀងគ្នានេះ លោក ស៊ុម ភារុណ ប្រធានគម្រោងអភិរក្សតំបន់ទេសភាពបឹងទន្លេសាប នៃអង្គការសមាគម អភិរក្សសត្វព្រៃ ហៅកាត់ WCS) ប្រចាំប្រទេសកម្ពុជា លើកឡើងថា ការដោះស្រាយវិបត្តិការដាក់អន្ទាក់ នៅ ទូទាំងតំបន់ការពារធម្មជាតិរបស់កម្ពុជា ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធចាប់ពីថ្នាក់ មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។

របាយការណ៍របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ មន្ត្រីឧទ្យានុរក្សបានដោះ អន្ទាក់ចំនួនជាង៦ម៉ឺនអន្ទាក់ ពីក្នុងតំបន់ការពារធម្មជាតិ ដើម្បីជួយសង្គ្រោះសត្វព្រៃពីជនល្មើស។ ជាមួយគ្នានេះ ក៏បានធ្វើការដកហូតកាំភ្លើងកែច្នៃសម្រាប់ការប្រមាញ់សត្វព្រៃសរុប៧៥៨ដើមផងដែរ។ 

សូមបញ្ជក់ថា ក្រសួងបរិស្ថាន និងអង្គការអន្តរជាតិដៃគូ បានរៀបចំយុទ្ធនាការអន្ទាក់សូន្យ ដើម្បីសង្រ្គោះជីវិត សត្វព្រៃដែលកំពុងប្រឈមនឹងការវិនាសផុតពូជ នៅខេត្តនៃតំបន់ការពារធម្មជាតិរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងខេត្តរតនគិរី ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីផលប៉ះពាល់ ដោយសារអន្ទាក់ទៅលើជីវិតសត្វ និងជីវិតមនុស្ស អំពីការអនុវត្តន៍ច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាត់ការជួញដូរសាច់សត្វព្រៃ៕IMG_20220813_161354_194IMG_20220813_161401_669IMG_20220813_161408_027IMG_20220813_161409_596

Comments

Related posts