វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តកែប
ខេត្តកំពង់ឆ្នាំង៖ នៅសាលានគរ បាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង កាលព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានរៀបចំធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារសិក្សាអំណោយរបស់ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាល ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង លោកឧត្តមសេនីយ៍ត្រី តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯកមនោសែន អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា និង ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំគ្រូនគរបាលជាតិ សាលានគរបាលជាតិភូមិភាគ៦ និង សិស្សនគរបាលផងដែរ ។
ពិធីក្រុងពាលីត្រូវបានរៀបចំធ្វើឡើងតាមទំនៀមទម្លាប់សុំសិរីសួស្តីពុទ្ធិជ័យមង្គល ដើម្បីបួងសួងដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខសេចក្តីចម្រើនក្នុងពេលដំណើរការសាងសង់ អគារសិក្សា ។
លោក ឧត្តម សេនីយ៍ត្រីតុង អាន នាយកសាលានគរបាល ភូមិភាគ៦ មានប្រសាសន៍សំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល ដែលបានផ្តល់ អគារសិក្សា១ខ្នងកម្ពស់២ជាន់ បណ្តោយប្រវែង ៤៥ម៉ែត្រ និង ទទឹង១៣,៥ម៉េត្រ ដែលបានបញ្ចុះបឋមសិលាសាងសង់នាពេលនេះ ដល់សាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ។
លោក ឧត្តមសេនីយ៍ត្រី តុង អាន បានមានប្រសាសន៍បញ្ជាក់ទៀតថា កន្លងមកអគារសិក្សា នៅសាលានគរបាលភូមិភាគ៦នេះមានលក្ខណ:តូចចង្អៀតពុំអាចបម្រើនូវសេចក្តីត្រូវការបានសមស្រប ទៅតាមកំណើន របស់សិស្សនគរបាលបាន នោះទេ ។
ក្រោយពីបានសាងសង់រួច អគារ សិក្សានេះនឹងទទួលសិស្សនគរបាលកាន់តែបានច្រើនជាងមុន មកធ្វើការហ្វឹកហ្វឺន រៀនសូត្រ បានកាន់តែល្អប្រសើរបន្ថែមទៀត ។កន្លងមកសាលានគរបាលជាតិភូមិភាគ៦ក៏មានអគារសិក្សាដែរ ប៉ុន្តែអគារស្នាក់នៅទាំងនោះ នៅពុំទាន់អាចឆ្លើយតប សមស្របទៅតាមតម្រូវការ នៃការកើនឡើង របស់សិស្សនគរបាល តាមផែនការ និង គោលដៅ នៃការបណ្តុះបណ្តាលនោះបាននៅឡើយទេ ។
លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាលបាន បញ្ជាក់ថា ដើម្បីចូលរួមលើកស្ទួយ និង ការអភិវឌ្ឍន៍ធនធានមនុស្ស របស់នគរបាលជាតិ គណៈអភិបាលខេត្តកណ្តាលបានបរិច្ចាគនូវធនធានជួយ សាងសង់អគារសិក្សានេះ ដើម្បីឆ្លើយតប ទៅនឹងសេចក្តីត្រូវការរបស់សាលានគរបាលជាតិភូមិភាគ៦ ។ ការចូលរួមផ្តល់អគារសិក្សានាពេលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និង ចូលរួម យ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ នៅកម្ពុជា ដើម្បីឱ្យសិស្សនគរបាលដែលបានចេញពីសាលានេះមានគុណភាព ប្រសិទ្ធភាព ចូលរួមបម្រើប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ៕
Comments