វិទ្យុជាតិកម្ពុជា ៖ លោកចេម ហួត
តាកែវ៖ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង បានដឹកនាំគណៈប្រតិភូក្រសួងព្រះបរមរាជវាំងនិងក្រុមការងារចុះជួយមូលដ្ឋានឃុំពេជចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ទៅបំពេញទស្សនកិច្ចនៅភូមិមិត្តភាពកម្ពុជា-ចិនដើម្បីកាត់បន្ថយភាពក្រីក្រដែលស្ថិតនៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ឯកឧត្តមបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះផលដែលប្រជាជនទទួលបានពីគម្រោង ដូចទៅនឹងបទឧទ្ទេសនាមរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលជាអ្នកទទួលបន្ទុកសម្រប សម្រួលគម្រោងនេះបានជម្រាបជូនគណៈប្រតិភូថា ក្រោមការដឹកនាំពីសំណាក់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល គម្រោងនេះទទួលបានថវិកាប្រមាណ1,420,000 USDពីមូលនិធិចិនដើម្បីសន្តិភាពសម្រាប់រយ:ពេល៣ឆ្នាំនៃការអនុវត្តន៍គម្រោង។ គួរជម្រាបផងដែរថា ភូមិតាននមានប្រជាជន១២៥គ្រួសារ សរុបស្មើនឹង៥៦៥នាក់ គិតជាខ្នងផ្ទះមានចំនួន១០៧ខ្នងផ្ទះ។ ចាប់ពីខែមករា ឆ្នាំ២០២១មក ភូមិនេះបានអនុវត្តនូវគម្រោងអាទិភាពរួមមាន៖ ១-គម្រោងទឹកស្អាតដែលបានប្រើប្រាស់តាំងពីខែកញ្ញា ឆ្នាំ២០២១ ដោយឥតគិតថ្លៃ។ ២-គម្រោងផ្លូវបេតុងក្នុងភូមិប្រវែង៤៥២ម៉ែត្រ។ ៣-ប្រឡាយទឹកអមសងខាងផ្លូវបេតុងប្រវែងបណ្តោយ៩០៤ម៉ែត្រនិងទទឹង៧០សង់ទីម៉ែត្រ។ ៤-អំពូលដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន៦៨ដើម។ លោកបណ្ឌិតក៏បានបង្ហេីបបន្ថែមថា គម្រោងដែលគ្រោងនឹងបន្តគឺការសង់ផ្ទះជូនដល់ប្រជាជនដែលក្រីក្របំផុត គម្រោងកសិកម្មដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងគម្រោងសាងសង់ស្នាក់ការភូមិសម្រាប់បង្កើនសមត្ថភាពធនធានមនុស្សក្នុងភូមិ៕
Comments