បទយកការណ៍៖ការចូលរួមរបស់់ស្ត្រីដើម្បីលើកកម្ពស់សីលធម៌សង្គម

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ ដោយលោកស្រី សន សាវិន

  ស្ត្រីមានតួនាទីសំខាន់ក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ ។ជាអ្នក រក្សាកិត្តិយសកេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។ ហើយការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែនាពេលនេះ ក៏ជាការជំរុញការផ្សព្វផ្សាយ លើកកម្ពស់មនសិការ និងស្មារតីចូលរួម ព្រមទាំងទទួលយកនូវចំណេះដឹងសំដៅជំរុញការគោរព ថែរក្សា អភិរក្ស ដើម្បីសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។

សីលធម៌នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ត្រូវបានមតិមួយចំនួនលើកឡើងថា៖ មានការធ្លាក់ចុះគួរឱ្យបារម្ភ។ ប៉ុន្តែទន្ទឹមនោះ ទោះជាយ៉ាងណាក៏ត្រូវបានមើលឃើញថា ស្ត្រីនៅតែមានចលនាយ៉ាងផុលផុសក្នុងការលើកស្ទួយ សីលធម៌ ទោះបីឋិតនៅក្នុងសកលភាវូបនីយកម្មក៏ដោយ។

 សូមលោកអ្នកនាងស្ដាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាដូចតទៅ៖

     «ប្ដីជាអ្នករកទ្រព្យធនបានមក ប្រពន្ធជាអ្នកទុកដាក់

        ចាស់ទុំបុរាណបានពោលបញ្ជាក់ ឱ្យនាងឱ្យអ្នកចងចាំគ្រប់ប្រាណ

        សំណាបយោងដី រីឯស្រីៗយោងប្រុសសាមាន្យ

        ទោះមាយាទខ្សោយក៏ដោយក៏បាន ស្រីមានសន្ដានខ្ជាប់ខ្ជួនមួនមាំ

        តែងបានចម្រើនទ្រព្យាកើតកើន ព្រោះស្រីថែទាំ

       ចាត់ចែងទុកដាក់ចេះលាក់សន្សំ សង្វាតខិតខំរក្សាឱ្យគង់។

 នេះជាកំណាព្យខ្លីមួយដែលដកស្រង់ចេញពីវចនានុក្រមពុទ្ធសាសនបណ្ឌិត ដែលបោះពុម្ព នៅឆ្នាំ១៩៦៧ សូត្រដោយឯ.ឧ គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ឯ.ឧ បានមានប្រសាសន៍ថា៖ តាមរយៈកំណាព្យនេះតាំងពីសម័យដូនតារបស់យើង ដែលបានតែងមកក្នុងន័យឱ្យតម្លៃស្ត្រីជាធំ ហើយរហូតមកដល់បច្ចុប្បន្ននេះ តម្លៃនេះនៅតែរក្សាដដែលមិនមានការប្រែប្រួលនោះទេ។

សំឡេងទី២«ទុកជាប្ដីមិនសូវល្អក៏ដោយ កាលណាប្រពន្ធគាត់ល្អ ជាស្ត្រីល្អគ្រប់លក្ខណ៍ ចេះធ្វើប្ដីនិងឱ្យ មានកិត្តិយសថ្កុំថ្កើន។ តាមរយៈខ្ញុំពិនិត្យមករហូតមកដល់ពេលនេះហើយ យើងមិនមានការប្រែប្រួលអ្វីច្រើននោះទេ គឺនៅដដែល។ អ្វីដែលនៅដដែលនោះ គឺមានចំណុច២ ខ្មែរយើងឱ្យតម្លៃខ្លាំងណាស់ទៅលើស្ត្រី។ ស្ត្រីមានតម្លៃ២យ៉ាងៗធំ គឺទី១ ខ្មែរយើងចាត់ទុកស្ត្រីខ្មែរជាអធិបតី ធំ និងតម្លៃទី២ ដែលកំពុងតែមានគឺជាមង្គល គេចាត់ទុកស្ត្រីជាមង្គលជាធំ ជាមង្គល ដូច្នេះតម្លៃ ២ នេះសង្គមខ្មែរយើង តាំងពីដើមមក យើងរក្សាទុកដដែល ហើយមើលទៅការប្រតិបត្តិរបស់ខ្មែរយើង សព្វថ្ងៃហាក់បីដូចឃើញនៅដដែល»។

ជួបលោកស្រីចាន់ នីម ជាជំទប់រងទី២សង្កាត់កោះដាច់ខេត្តកណ្ដាលបានឱ្យដឹងថា៖ លោកស្រីបានបែងចែកតួនាទី២ផ្សេងគ្នា ដោយនៅកន្លែងធ្វើការ លោកស្រីជាស្ត្រីទន់ភ្លន់ មានការគោរពសិទ្ធ ចំពោះអ្នកនៅជុំវិញខ្លួន រៀបចំទុកដាក់សម្ភារៈនៅកន្លែងធ្វើការ ដោយមិនប្រកាន់តួនាទី។ រីឯនៅផ្ទះ វិញលោកស្រីបានបំពេញតួនាទីជាម្ដាយ ជាភរិយា និងជាស្ត្រីមេផ្ទះដ៏ល្អ។ ការយល់ដឹងពីតួនាទីរបស់ខ្លួន ទើបធ្វើឱ្យគ្រួសារ និងសង្គមមានសុភមង្គល។ លោកស្រីបានបន្តទៀតថា៖ សមាជិកសង្កាត់តែងតែចុះទៅអប់រំណែនាំដល់ស្ត្រីនៅក្នុងមូលដ្ឋាន អំពីគុណតម្លៃរបស់ស្ត្រី ជាពិសេសស្ត្រីជាមេផ្ទះ។

សំឡេងទី៣«ខ្ញុំបានចុះអប់រំផ្សព្វផ្សាយ ដែលមានគោលការណ៍ពីរាជរដ្ឋាភិបាល ទី១ ឱ្យចេះយកចិត្ត ទុកដាក់ក្នុងគ្រួសារ ថែទាំគ្រួសារ មើលកូន មើលចៅ កុំដើរលេងផ្ទះគេ ហើយចេះអត់ធ្មត់ កុំឱ្យកើត អំពើហិង្សា ចេះគោរពប្ដី ថែទាំទុកដាក់លុយកាក់ទ្រព្យសម្បត្តិ កុំចាយខ្ជះខ្ជាយ។ ភាគច្រើននៅភូមិ កោះដាច់ មានការងារច្រើន យើងមានតម្បាញ ដូច្នេះស្ត្រី និងបុរស រកស្មើគ្នា អត់មានហូបលើកម្លាំង ប្ដីអត់ទេ គឺគាត់ខំត្បាញ លក់ដូរ អត់មានអ្នកណាទំនេរដែរទេ»។

ឯ.ឧគឹម ពីនន់ បានមានប្រសាន៍ថា៖ ទោះបីបច្ចុប្បន្នវប្បធម៌ប្រពៃណីបរទេសហូរចូល ដែលគេហៅថា សកលភាវូបនីយកម្ម បានបើកទូលាយយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើយើងជាខ្មែរគ្រប់រូបបានយល់ដឹងច្បាស់នូវអ្វីដែលជាអត្តសញ្ញាណជាតិរបស់ខ្លួន នោះវប្បធម៌បរទេសនឹងមិន មានឥទ្ធិពលដល់ជាតិរបស់យើងនោះទេ។សំឡេងទី៤«ទោះបីយើងមិនអាចទប់បានក៏ពិតមែន ប៉ុន្តែសព្វថ្ងៃយើងខំប្រឹងអប់រំខ្មែរយើង ធ្វើយ៉ាងណាឱ្យស្គាល់ច្បាស់នូវអត្តសញ្ញាណជាតិរបស់យើង ឱ្យយើងស្គាល់សម្បុរជាតិស្គាល់ខ្នាតជាតិយើងមានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់យ៉ាងម៉េច ។ បើយើងបានរៀបចំឱ្យស្គាល់ច្បាស់ នូវអ្វីដែលយើងមាន ។ ដោយឡែកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យើងកំពុងរកមធ្យោបាយច្រើនណាស់ ហើយយើងបានធ្វើហើយ។ហើយកាលពីឆ្នាំ២០១៦ ក្រសួងវប្បធម៌បានបង្កើតក្រមសីលធម៌ មួយហៅថាក្រមសីលធម៌សិល្បករ ដើម្បីឱ្យមាន យើងបានធ្វើការបញ្ជ្រាបផ្នែកអប់រំសិល្បៈប្រពៃណី ជាតិចូលទៅក្នុងប្រព័ន្ធអប់រំផងដែរ អ៊ីចឹងហើយយើងជាយុវវ័យទាំងអស់គ្នាត្រូវចូលរួម អ្វីទៅជារបស់ ខ្មែរ»។ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ លោកជំទាវចាន់ សុធាវី អគ្គាធិការ នៃក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ៖បច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ស្ថានភាពតួនាទីរបស់ស្ដ្រី ក៏ដូចជាការលើកកម្ពស់សីលធម៌សង្គម។ព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នមានច្បាប់ និង ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ក្នុងចំណោមនោះក៏មានច្បាប់ និងគោលនយោបាយមួយចំនួនដែលលើកកម្ពស់និងការពារផលប្រយោជន៍របស់ស្ត្រីផងដែរ។ លោកជំទាវបានបន្តថា៖ ទោះបីក្រសួងកិច្ចការនារី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ បានធ្វើការទប់ស្កាត់ជារឿយៗ អំពីការប្រើឥរិយាបទមិនសមរម្យរបស់ស្ត្រី នៅតាមប្រព័ន្ធ ផ្សព្វផ្សាយនាពេលបច្ចុប្បន្នក្តី ប៉ុន្តែសកម្មភាពបែបនេះនៅតែកើតមានជាហូរហែផងដែរ ដោយសារតែជាសម័យបច្ចេកវិទ្យា ។

សំឡេងទី៥«បើសិនជាគាត់បង្ហាញកេរ្តិ៍ភេទនៅតាមសាធារណៈឬ ធ្វើអ្វីដែលមិនសមរម្យ វាប៉ះពាល់តម្លៃកិត្តិយសស្ត្រីខ្មែរ យើងមានច្បាប់ដាក់ទណ្ឌកម្មគាត់ យើងមានធ្វើ ទាំងការអប់រំ ទាំងភាសា ទាំងឥរិយាបទរបស់គាត់ ធ្វើឱ្យគាត់យល់ថាអ្វីទៅជាសីលធម៌សង្គម បើសិនជាគាត់ធ្វើអ៊ីចឹងតើវាបង្កើតឱ្យមានបញ្ហាអ្វីកើតឡើងឬអត់? វាច្បាស់ជាមាន ដូចជាអំពើហិង្សា រំលោភបំពានផ្លូវភេទ ។ ធ្វើ ឱ្យតម្លៃស្ត្រីខ្មែរយើងធ្លាក់ចុះ ព្រោះនៅក្នុងគ្រួសារអ្នកណាក៏មានស្ត្រីដែរ »។

 លោកជំទាវបានបន្តទៀតថា ក្នុងនាមយើងជាខ្មែរមិនថាជាបុរស និងស្ត្រី ត្រូវស្វែងយល់ឱ្យ បានច្បាស់ថាតើតម្លៃខ្មែរនៅត្រង់កន្លែងណា?

សំឡេងទី៦«ដើម្បីរក្សាសីលធម៌សង្គមយើងបាន លុះត្រាតែយើងស្គាល់ឱ្យច្បាស់ថា តើខ្មែរយើង មានប្រពៃណី សាសនា វប្បធម៌យ៉ាងដូចម្ដេច? បើសិនជាយើងបានស្គាល់ខ្លួនឯងច្បាស់ថា តើយើង ជាខ្មែរ ត្រូវប្រកាន់នូវវប្បធម៌ សាសនា វប្បធម៌យ៉ាងម៉េចនោះ នោះយើងពិតជាបានចូលរួមចំណែក រក្សានូវតម្លៃសីលធម៌សង្គមហើយ ។ទី២ ក្នុងនាមជាស្ត្រី ត្រូវយល់ឱ្យច្បាស់អំពីតួនាទីរបស់ខ្លួនថា ក្នុងនាមយើងជាស្ត្រី តើយើងត្រូវធ្វើអ្វីដើម្បីរក្សាសន្តិភាព ក្នុងខ្លួនឯង គ្រួសារ ក៏ដូចជាក្នុងសង្គម»។

 ដើម្បីលើកតម្កើងសីលធម៌ក្នុងសង្គម ពលរដ្ឋគ្រប់រូបត្រូវស្វែងយល់ឱ្យដឹងថា៖ ប្រសិនបើវប្បធម៌ធ្លាក់ចុះ ជាតិក៏មិនផូរផង់ដែរ។ លោកជំទាវចាន់ សុធាវី បានសង្កត់ធ្ងន់ដូច្នេះថា៖

សំឡេងទី៧«អ្វីដែលចង់បាននិងផ្ញើសារទៅប្អូនៗដែលកំពុងប្រព្រឹត្ត និងអនុវត្តន៍ នៅតាមប្រព័ន្ធ បណ្ដាញសង្គម សូមមេត្តាធ្វើយ៉ាងម៉េច ចាប់ផ្ដើមផ្លាស់ប្ដូរឡើង ព្រោះតម្លៃស្ត្រីខ្ពង់ខ្ពស់ណាស់ តម្លៃពីរដែលមិនអាចកាត់ថ្លៃបាន ស្ត្រីគឺជាការគោរពរបស់គ្រួសារ ប្តីតែងតែមានការគោរព ទោះបីជា ប្តីនោះឃោរឃៅយ៉ាងណាក៏ដោយ នៅតែមានការគោរពភរិយា»។

 លោកអ្នកនាងស្ដាប់ជាទីមេត្រី!

 តើអ្វីទៅជាសីលធម៌? តាមវចនានុក្រមខ្មែរ រៀបរៀងដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា សីលធម៌ គឺជាកិរិយាមារយាទ សណ្ដាប់ធ្នាប់ ដំបូន្មាន ឬទម្លាប់នៃការប្រព្រឹត្តដែលប្រាសចាកអំពើអាក្រក់ ដោយប្រព្រឹត្តតែអំពើល្អ។ តាមន័យទូទៅ សីលធម៌ ដឹកនាំមនុស្សទៅរកផ្លូវល្អ ចៀសវាងផ្លូវអាក្រក់នៅក្នុងជីវិតរស់នៅ។ រីឯមនុស្សដែលមានសីលធម៌ គឺជាមនុស្សដែលប្រព្រឹត្តតែអំពើល្អនៅក្នុងការងារ និងជីវិតរស់នៅ ទាំងសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសម្រាប់សង្គម។

ការលើកកម្ពស់តម្លៃសីលធម៌សង្គម គឺជាការងារដ៏ចាំបាច់មួយ ដែលគេមិនអាចមើលរំលងបានទេ នៅក្នុងស្ថានភាពសង្គមកម្ពុជាសព្វថ្ងៃនេះ។យ៉ាងណាក៏ដោយ ការលើកស្ទួយសីលធម៌សង្គមឱ្យល្អប្រសើរមិនមែន ជារឿងងាយស្រួលនោះឡើយ ព្រោះថា សង្គមដែលមានសីលធម៌ គឺត្រូវការពលរដ្ឋដែលមានសីលធម៌៕IMG_20220815_104253_026IMG_20220815_104250_524

Comments

Related posts