កីឡាប៊ីយ៉ា និងស្នូកឃ័រ ត្រៀម១០វិញ្ញាសា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

   វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៥ ០៨ ២០២២

                      ភ្នំពេញ៖ ប្រភេទកីឡាប៊ីយ៉ា និងស្នូកឃ័រ បានកំណត់ត្រៀមចំនួន១០វិញ្ញាសា សម្រាប់ការ ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំទីលានប្រកួត នៅសណ្ឋាគារសុខា ភ្នំពេញ ខណៈព្រឹត្តិការណ៍ទាំងមូល នឹងបើកជាផ្លូវការ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គនាយករង ទទួលបន្ទុក ផ្នែកបច្ចេកទេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅក្នុងឱកាសបើកការប្រកួតកីឡាប៊ីយ៉ាភូល ពានរង្វាន់ LUX98-POOL 9-Ball នៅព្រឹកថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២២ នៅក្លិបកីឡាប៊ីយ៉ា LUX98 ស្ថិតនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ គូសបញ្ជាក់ថា ពាក់ព័ន្ធការកំណត់វិញ្ញាសាសម្រាប់ប្រភេទកីឡាប៊ីយ៉ា និងស្នូកឃ័រ ត្រៀមស៊ីហ្គេម ២០២៣នេះ គឺសហព័ន្ធបានរៀបចំ១០វិញ្ញាសា ក្នុងនោះបុរស៦ និងនារី៤វិញ្ញាសា។ ដូច្នេះ ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជាត្រូវការយ៉ាងតិចក៏កីឡាករឆ្នើមៗ ១០នាក់ដែរ ដើម្បីចូលរួមប្រកួតស៊ីហ្គេមនេះ។ តាមរយៈព្រឹត្តិការណ៍ប្រកួតពានប៊ីយ៉ាភូល Lux98 នេះ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា សហព័ន្ធនឹងស្វែង រកបានធនធានពូកែៗ ដើម្បីយកទៅហាត់ហ្វឹកហ្វឺនបន្ថែម សម្រាប់គោលដៅស៊ីហ្គេម ២០២៣។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានវាយតម្លៃខ្ពស់ចំពោះការខិតខំរៀបចំព្រឹត្តិការណ៍ ដើម្បីផលិតធនធានកីឡាករ ឆ្នើមៗ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ របស់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា និងសហការ ជាមួយក្លិប។ ឯកឧត្តមបន្តថា ប្រភេទកីឡាប៊ីយ៉ានិងស្នូកឃ័រ ត្រូវបានដាក់បញ្ជូល ក្នុងស៊ីហ្គេម ២០២៣ រួចហើយ នៅក្នុងចំណោម៣៩ប្រភេទកីឡា និងកីឡាសម្តែង១ប្រភេទ។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចជា សហព័ន្ធត្រូវត្រៀមលក្ខណៈឧបករណ៍ សម្ភារៈ ឲ្យបានគ្រប់គ្រាន់ លើវិញ្ញាសាសរុបទាំងអស់ សម្រាប់បណ្តាប្រទេសចូលរួមប្រកួតទាំង១១ប្រទេស រួមទាំង ម្ចាស់ផ្ទះកម្ពុជា។ ចំពោះមន្ត្រីបច្ចេកទេស សម្រាប់ការរៀបចំ និងកាត់សេចក្តី ត្រូវរៀបចំចំនួនឲ្យបានរួចរាល់​ទៅតាមវិញ្ញាសា និងចំនួនកីឡាករ កីឡាការិនីដែលនឹងចូលរួម។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានថ្លែងថា ការប្រកួតកីឡា ប៊ីយ៉ាភូល LUX98-POOL 9-Ball នេះ គឺជាព្រឹត្តិការណ៍ដ៏ធំជាផ្លូវការសម្រាប់កម្ពុជា ដែលសហការជាមួយ ក្លិប LUX98 ដោយជ្រើសរើសបានកីឡាករចំនួន១៦នាក់ ក្នុងនោះមានកីឡាករខ្មែរ១២នាក់ និងបរទេស ៤នាក់ ជាជនជាតិហ្វីលីពីន វៀតណាម ចិន និងបារំាង។ លោកជឿជាក់ថា តាមរយៈការប្រកួតនេះ កីឡាករ ទាំងអស់ នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទេពកោសល្យ ដែលខ្លួនមាន ដើម្បីឲ្យសហព័ន្ធសម្រិតសម្រាំង បានកីឡាករឆ្នើមៗ ត្រៀមជ្រើសរើសឆ្ពោះទៅចូលរួមការប្រកួតប្រជែង ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន៕IMG_20220815_104659_401IMG_20220815_104702_716

Comments

Related posts