បទយកការណ៍៖ សារៈសំខាន់នៃការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះ

វិទ្យុជាតិកម្ពុជា៖ដោយលោកស្រី ហៀង គន្ធា  

កំពង់ធំជាខេត្តដំបូងគេបង្អស់ដែលក្រសួងសុខាភិបាល គ្រោងផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះ ជំនួសគ្រាប់ថ្នាំជាតិដែកដោយឥតគិតថ្លៃ។ គម្រោងនេះនឹងធ្វើឡើងរយៈពេល២៤ខែ ដោយចាប់ផ្តើមពីខែកក្កដា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីធ្វើការវាយតម្លៃកត្តាដែលមានឥទ្ធិពលលើការប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិ ក្នុងចំណោមស្ត្រីមានផ្ទៃពោះនៅកម្ពុជា។ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានអនុម័តបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនេះ ទៅក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួនរួចរាល់ ហើយក៏អនុញ្ញាតឱ្យប្រទេសនីមួយៗរួមទាំងកម្ពុជាផងដែរ អាចបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនេះក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួនបាន។ 

ដើម្បីជ្រាបកាន់តែច្បាស់ពីសារៈសំខាន់នៃការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះនេះ សូមលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាដូចតទៅ ៖

គម្រោងសាកល្បងក្នុងការបន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនេះ នឹងជ្រើសរើសអ្នកចូលរួមចំនួន៧៤៥នាក់ រួមទាំងស្ត្រីមានផ្ទៃពោះនៅក្នុងមណ្ឌលសុខភាពចំនួន២០។ កាលពីកន្លងមក ស្ត្រីដែលមានផ្ទៃពោះ នឹងត្រូវទទួលប្រើក្រុមថ្នាំជាតិដែក ចំនួន៩០គ្រាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ប៉ុន្តែចាប់ពីខែកក្កដាឆ្នាំ២០២២នេះទៅ ស្ត្រីមានផ្ទៃពោះនឹងត្រូវទទួលបានក្រុមគ្រាប់ថ្នាំមីក្រូសារជាតិចំនួន ១៨០គ្រាប់ជំនួសថ្នាំជាតិដែក៩០គ្រាប់វិញ។

  លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះនៅកម្ពុជាបានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជានឹងធ្វើការសិក្សាសាកល្បងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្រ្តីមានផ្ទៃពោះ ដោយសិក្សាមើលការទទួលយកអត្រាគ្របដណ្តប់ ក្លិន រសជាតិ ផលប៉ះពាល់ និងតម្លៃក្នុងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ ជំនួសឱ្យគ្រាប់ថ្នាំជាតិដែកដល់ស្រ្តីមានផ្ទៃពោះ ដើម្បីធ្វើយ៉ាងណាឱ្យស្ត្រីទាំងអស់មានសុខភាពល្អ។ ជាពិសេសចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាស្លាប់របស់មាតា ទារក និងកុមារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សំឡេង ៖ « យើងឃើញថាបញ្ហាមីក្រូសារជាតិចម្រុះ គឺជួយបំពេញនូវមុខងារជាច្រើន រួមទាំងការផលិតនូវអង្គស៊ីមអ័រមូនក៏ដូចជាសារធាតុដទៃទៀត ដែលត្រូវការសម្រាប់ការលូតលាស់និងការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់មនុស្សយើង។ អ៊ីចឹងកង្វះមីក្រូសារជាតិចំពោះស្ត្រីមានផ្ទៃពោះនៅតែជាបញ្ហាសុខភាព សាធារណៈដ៏សំខាន់មួយ ដោយសារតែការកើនឡើងនៃតម្រូវការមីក្រូសារជាតិដ៏ច្រើន នៅក្នុងអំឡុងពេលមានផ្ទៃពោះ ក៏ដូចជាក្នុងអំឡុងបំបៅដោះកូនដែរ ដូច្នេះសម្រាប់ការផ្តល់បន្ថែមគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិកតែមួយមុខគត់នោះ មិនគ្រប់គ្រាន់ទេសម្រាប់ស្ថានភាពបច្ចុប្បន្ននេះ។ ហើយផលប៉ះពាល់នៃកង្វះមីក្រូសារជាតិចំពោះស្ត្រីមានផ្ទៃពោះ គឺមានទំហំធំធេង ការដែលយើងខ្វះនូវមីក្រូសារជាតិគឺអាចប៉ះពាល់ទៅដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ ធ្វើឱ្យទារកកើតមិនគ្រប់ខែ កើតមិនគ្រប់ទម្ងន់ ជាដើម ហើយក៏អាចធ្វើឱ្យប៉ះពាល់ទៅដល់ការស្លាប់ជុំវិញកំណើតផងដែរ » ។

ទោះបីបច្ចុប្បន្នស្ថានភាពកង្វះជីវជាតិA ក្នុងចំណោមស្រ្តី និងកុមារត្រូវបានកាត់បន្ថយ ក៏ដោយ ក៏សង្កេតឃើញថាក្នុង២ទសវត្សរ៍ចុងក្រោយនេះ បញ្ហាកង្វះមីក្រូសារជាតិមួយចំនួនទៀត នៅតែជាបញ្ហាសុខភាពសាធារណៈនៅក្នុងចំណោមស្រ្តីនិងកុមារ។

  លោកជំទាវវេជ្ជបណ្ឌិត បន្ថែមទៀតថា ៖ យោងលើលទ្ធផលនៃការអង្កេតថ្នាក់ជាតិកន្លងមកបានឱ្យដឹងថា ស្ត្រីចំនួន៦២ភាគរយ និងកុមារ៦៤ភាគរយមានបញ្ហាកង្វះជាតិស័ង្កសី ហើយស្ត្រី១៨ភាគរយកង្វះជាតិហ្វូលេត។ ដោយឡែក បញ្ហាកង្វះជីវជាតិD ក៏ជាបញ្ហាសុខភាពសាធារណៈកម្រិតមធ្យមនៅក្នុងប្រទេសផងដែរ ដែលប៉ះពាល់ដល់ស្ត្រីកម្ពុជា៣១ភាគរយ។ លើសពីនេះទៀត ស្ត្រីចំនួន ៧៨ភាគរយ និងកុមារ ៦៦ភាគរយ មានកំហាប់ជាតិអ៊ីយ៉ូតនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដារនៅឡើយ។ រីឯបញ្ហាកង្វះជីវជាតិB1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថាស្ថិតនៅកម្រិតដែលមានបញ្ហាផងដែរ។ លោកជំទាវលើកឡើងបញ្ជាក់ថា៖ ទោះបីជាអត្រានៃភាពស្លេកស្លាំងខ្ពស់ក្នុងចំណោមស្ត្រីកម្ពុជាក៏ដោយ ប៉ុន្តែសង្កេតឃើញថាមានស្ត្រីតែ៣ភាគរយប៉ុណ្ណោះមានបញ្ហាខ្វះជាតិដែក ហើយជាង៦០ភាគរយទៀតមានបញ្ហាអេម៉ូក្លូប៊ីនមិនប្រក្រតី ឬបញ្ហាgenetic។ ទាំងអស់នេះសបញ្ជាក់ច្បាស់ថា ស្រ្តីកម្ពុជាត្រូវការនូវមីក្រូសារជាតិមួយចំនួនផ្សេងទៀតដូចជា ជាតិស័ង្កសី ជាតិហ្វូលេត ជាតិអ៊ីយ៉ូត ជីវជាតិ D ជីវជាតិ B1ជាដើមក្រៅពីជាតិដែក។ សំឡេង<<បទពិសោធន៍ក៏ដូចជាការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញក៏ដូចជាអនុសាសន៍របស់អង្គការសុខភាពពិភពលោកយើងឃើញថា ប្រសិនបើយើងធ្វើការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនេះ ដល់ស្រ្តីមានផ្ទៃពោះនោះ យើងនឹងអាចស្រោចស្រង់អាយុជីវិត របស់ស្រ្តីឱ្យរួចផុតពីគ្រោះថ្នាក់នៅពេលសម្រាលក៏ដូចជាជួយដល់ការលូតលាស់របស់ទារកក្នុងផ្ទៃផងដែរ>>។លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ កន្លងមកនៅកម្ពុជា ធ្លាប់បានដោះស្រាយនូវភាពស្លេកស្លាំងទៅលើស្រ្តីមានផ្ទៃពោះដោយសារកង្វះជាតិដែក។ ប៉ុន្តែស្រ្តីមានផ្ទៃពោះមួយចំនួននៅតែជួបនូវបញ្ហាស្លេកស្លាំងដោយសារតែកង្វះនូវមីក្រូសារជាតិចម្រុះនេះ។ លោកជំទាវវេជ្ជបណ្ឌិតបានលើកឡើងបន្តថា៖គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ គឺមានសារសំខាន់ក្នុងការជួយដល់ស្ត្រីមានផ្ទៃពោះ កាត់បន្ថយនូវហានិភ័យមួយចំនួនដូចជា បញ្ហាទារកស្លាប់ក្នុងផ្ទៃ កើតមិនគ្រប់គីឡូ មិនឡើងទម្ងន់ ទារកកើតមិនគ្រប់ខែ និងហានិភ័យខ្ពស់នៃមរណភាពមាតាដែលមានបញ្ហាស្លេកស្លាំង។ 

សំឡេង<<ក្នុងនោះយើងឃើញថាស្រ្តីក្នុងវ័យបន្តពូជមួយចំនួនតែងមានទម្លាប់បរិភោគអាហារដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ទាំងមុនពេលមានផ្ទៃពោះ ពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន នេះជាបញ្ហាដ៏ធំ ហើយចំនួនដ៏ច្រើននៃស្រ្តីក្នុងវ័យបន្តពូជរបស់យើង ជាពិសេសក្នុងចំណោមកម្មការិនីរោងចក្រ ដែលយើងឃើញហើយថាការហូបចុកគឺមិនមានលក្ខណៈសមស្រប ហើយនឹងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ។ ឯពេលវេលានៅក្នុងការសម្រាកក៏មិនបានគ្រប់គ្រាន់ដែរ។ ដូចនេះនៅពេលដែលគាត់មានពេលសម្រាប់ចេញមករកអាហារ គិតតែថាធ្វើអ្វីហូបអ្វី រកអ្វី ដើម្បីតែឆ្អែតមួយភ្លែតគឺនឹងចូលធ្វើការទៀតហើយ។ ជាពិសេស គាត់ចូលចិត្តតែហូបម្ជូរ ឬក៏អាហារជ្រក់ ពពួកអាហារផ្អាប់ ដែលជាទម្លាប់របស់ប្រជាពលរដ្ឋយើង>>។

  លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍ឱ្យដឹងបន្ថែមទៀតថា៖ ស្រ្តីភាគច្រើននៅតែមានបញ្ហាស្លេកស្លាំង ដោយសារតែបញ្ហាកង្វះនូវមីក្រូសារជាតិ ផ្សេងៗទៀត ក៏ដូចជាមានបញ្ហាអ័រម៉ូន ឬហៅថាជំងឺgenetic ឬភាពមិនធម្មតានៃគ្រាប់ឈាមក្រហមពីកំណើតរបស់គាត់ ដែលធ្វើឱ្យអត្រាស្លេកស្លាំងមានចំនួនខ្ពស់។

សំឡេង<<យើងឃើញហើយថាបញ្ហាកង្វះមីក្រូសារជាតិ គឺមានច្រើនគឺមិនមែនតែជាតិដែកតែមួយមុខទេ គឺមានជាតិស័ង្កសី B1 វីតាមីនD វីតាមីនA ជាដើម ។ ប្រសិនជាលទ្ធផលនៃការសាកល្បងធ្វើបានជោគជ័យ ពីព្រោះថាយើងធ្វើហ្នឹងគិតទាំងពីសុវត្ថិភាព គុណភាព មើលពីក្លិន រស់ជាតិ ថាតើអាចទទួលយកបានទេ ។ ហើយទាក់ទងផងពីផលប៉ះពាល់វាយ៉ាងណាដែរ គឺយើងពិនិត្យទាំងអស់ រហូតដល់យើងថាអាចទទួលយកបាន គិតថាគ្រាប់នោះមានសុវត្ថិភាពដែលអាចទទួលយកបាន នោះទើបយើងចាប់ផ្តើមមកធ្វើការផ្តល់បន្ថែមទៅដល់ស្រ្តីជំនួសគ្រាប់ថ្នាំជាតិដែក>>។

បន្ទាប់ពីក្រសួងសុខាភិបាលគ្រោងផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះជំនួសគ្រាប់ថ្នាំជាតិដែក នៅពេលថ្មីៗនេះ អង្គការ ហេឡែន ខេលល័រ អន្តរជាតិ សហការជាមួយក្រសួងសុខាភិបាល អង្គការយូនីសេហ្វ និងអង្គការ Vitamin Angel បានរៀបចំសិក្ខាសាលា ក្នុងគោលបំណងផ្សព្វផ្សាយពីការសាកល្បងដាក់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនេះ ជំនួសឱ្យថ្នាំជាតិដែក។  IMG_20220815_132047_409

លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller បានលើកឡើងថា៖ សិក្ខាសាលានេះមានគោលបំណង៣សំខាន់ គឺទី១ ដើម្បីណែនាំជាផ្លូវការនូវគម្រោងសាកល្បងការផ្ដល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ ចំពោះស្រ្តីមានផ្ទៃពោះ ដល់សមាជិកគណៈកម្មការដឹកនាំនិងដៃគូពាក់ពន្ធ័នានា។ ទី២ ដើម្បីបង្កើនការយល់ដឹងរួមក្នុងចំណោមដៃគូអំពីគោលបំណង ក្រុមគោលដៅ វិធីសាស្ត្រ ទំហំសំណាក លទ្ធផលរំពឹងទុក និងពេលវេលារបស់គម្រោងសាកល្បងនេះ។ ទី៣ ដើម្បីបញ្ជាក់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មការដឹកនាំនិងដៃគូពាក់ព័ន្ធក្នុងការអនុវត្តន៍គម្រោងសាកល្បង ។ លោកបន្តថា៖ គម្រោងនេះ នឹងធ្វើឡើងរយៈពេល ២៤ខែ នៅស្រុកចំនួន ៣ក្នុងខេត្តកំពង់ធំ រួមមានស្រុកបារាយណ៍ ស្រុកសន្ទុក និងស្រុកស្ទោង។ សំឡេង<<មានការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តចំនួន២៦នៅទូទាំងសកលលោក នៅក្នុងរយៈពេលជាច្រើឆ្នាំកន្លងទៅនេះ ដែលការសិក្សាទាំងនោះបានរកឃើញថា ការផ្តល់គ្រាប់ថ្នាំបន្ថែមមីក្រូសារជាតិចម្រុះជំនួសគ្រាប់ថ្នាំជាតិដែកដល់ស្រ្តីមានផ្ទៃពោះនឹងជួយការពារក៏ដូចជាកាត់បន្ថយ នូវហានិភ័យជាច្រើនដូចជា បញ្ហាទារកស្លាប់នៅក្នុងផ្ទៃ កើតមិនគ្រប់គីឡូ ទារកក្នុងផ្ទៃមិនឡើងទម្ងន់ និងទារកកើតមិនគ្រប់ខែជាដើម។ ការសិក្សាក៏បានរកឃើញថា អត្រាស្លាប់របស់ស្រ្តីមានផ្ទៃពោះត្រូវបានកាត់បន្ថយជាអតិបរមា ហើយជួយកាត់បន្ថយនិងការពារស្រ្តីដែលមានផ្ទៃពោះដោយបញ្ហាស្លេកស្លាំងស្រាប់នោះ>>។ការសិក្សាសាកល្បង ផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្រ្តីមានផ្ទៃពោះជំនួសគ្រាប់ថ្នាំជាតិដែក ជាអាទិភាពខ្ពស់របស់ក្រសួងសុខាភិបាល ដូចដែលមានចែងនៅក្នុងឯកសារពង្រាងនៃផែនទីបង្ហាញផ្លូវដើម្បីពន្លឿនការលើកកម្ពស់អាហារូបត្ថម្ភ និងផែនការជាតិស្តីពីការគ្រប់គ្រងកុមារមានបញ្ហាស្គមស្គាំងផងដែរ។IMG_20220815_132057_615

.លោកស្រី Selamawit Negash អ្នកឯកទេសផ្នែកសុខភាព និងអាហារូបត្ថម្ភ នៃអង្គការយូនីសេហ្វមានប្រសាសន៍ថា៖ យូនីសេហ្វ មានការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងសាកល្បង គ្រាប់ថ្នាំមីក្រូសារជាតិ ដោយសារតែគ្រាប់ថ្នាំនេះ ត្រូវបានផ្តល់អាទិភាពនៅក្នុងផែនទីបង្ហាញផ្លូវជាតិសម្រាប់ពន្លឿនការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ពីព្រោះបញ្ហា កង្វះអាហារូបត្ថម្ភរបស់មាតា គឺជាកត្តាកំណត់ដ៏សំខាន់នៃលទ្ធផលក្នុងការមានផ្ទៃពោះមិនល្អ។ លោកស្រីបានបញ្ចាក់ថា៖ កង្វះអាហារូបត្ថម្ភរបស់មាតាមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺមាតា និងមរណភាពប៉ុណ្ណោះទេ ថែមទាំងហានិភ័យនៃការផ្តល់កំណើតដល់ទារក ដែលនាំឱ្យទារកស្ថិតក្នុងគន្លងនៃផលវិបាកអវិជ្ជមានរយៈពេលវែង រាប់ចាប់ពីការចុះខ្សោយនៃការលូតលាស់ និងការអភិវឌ្ឍន៍ក្នុងវ័យកុមារភាពរហូតដល់រ៉ាំរ៉ៃ និងជំងឺក្នុងវ័យជំទង់ជាដើម។ 

   អង្គការសុខភាពពិភពលោកបានសិក្សាស្រាវជ្រាវឃើញថា ស្រ្តីក្នុងអំឡុងពេលមានផ្ទៃពោះគឺតម្រូវការមីក្រូសារជាតិខ្ពស់ ហេតុនេះប្រសិនបើមិនបានផ្តល់បន្ថែមនូវគ្រាប់ថ្នាំមីក្រូសារជាតិទៅដល់ស្រ្តីទេ នឹងធ្វើឱ្យគាត់ជួបបញ្ហានៅពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល ដូចជាធ្វើឱ្យទារកក្នុងផ្ទៃលូតលាស់មិនគ្រប់គ្រាន់ មិនឡើងគីឡូ កើតមិនគ្រប់ខែ និងធ្វើឱ្យម្តាយមានគ្រោះថ្នាក់ដល់អាយុជីវិតជាដើម៕IMG_20220815_132043_569IMG_20220815_132049_980

Comments

Related posts