គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌាជាមួយលទ្ធផលល្អប្រសើរ

     វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

   ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានអញ្ជើញដឹកនាំ គណៈប្រតិភូអន្តរសភាអាស៊ាន ត្រឡប់មកដល់មាតុភូមិវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមតំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា (AIPA) លើកទី៤៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានចូលរួមទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភាបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាឥណ្ឌា ដោយនៅក្នុងដំណើរ ទស្សនកិច្ចនេះ គណៈប្រតិភូដឹកនាំសមាជិកអន្តរសភាអាស៊ានដទៃទៀត ចូលរួមកម្មវិធី សំខាន់ៗមួយចំនួន។

ឯកឧត្តមបានបន្តថា ក្នុងអំឡុងពេល បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានជួបសវនាការ និងសំដែងការគួរសមជាមួយថ្នាក់ ដឹកនាំសំខាន់ៗ នៃសាធារណ រដ្ឋឥណ្ឌា ដែលមានជាអាទិ៍៖ អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា, រដ្ឋមន្ត្រីកិច្ចការបរទេស, ប្រធានរដ្ឋសភា, និងជួបពិភាក្សា ការងារទ្វេភាគីជាមួយអនុប្រធានព្រឹទ្ធសភា។

សំឡេង៖ «កិច្ចពិភាក្សាទ្វេ ភាគីនេះបានកត់សម្គាល់ពីទំនាក់ទំនងអាស៊ានឥណ្ឌា ដែលផ្តោតសំខាន់លើមូល ដ្ឋានការប្តេជ្ញាចិត្ត នៃការភ្ជាប់ទំនាក់ទំនងទៅវិញទៅមក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាស៊ាន ភាពបើកចំហ តម្លាភាព បរិយាប័ន្ន អភិបាលកិច្ចល្អ ការគោរពសាមគ្គីភាព និងការមិនធ្វើអន្តរាគមន៍ ។ ជាដៃគូអាស៊ានគឺមានលក្ខណៈទូលំទូលាយ និងចូលរួមក្នុងវិស័យយុទ្ធសាស្ត្រជាច្រើន ហើយជាការពិតតម្លៃពាណិជ្ជកម្មរវាងអាស៊ាន និងឥណ្ឌាបានឈានដល់ជិត១០០ពាន់លានដុល្លារ»។

  ជាមួយគ្នានេះ ក៏បានជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះ បណ្តាលសភាសម្រាប់លទ្ធិប្រជាធិបតេយ្យ, ចូលរួមផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍របស់ឥណ្ឌា, គោរពវិញ្ញាណក្ខន្ធនៅវិមានបញ្ចុះសព Humayun, ទស្សនាទីកន្លែង និងប្រាសាទសំខាន់មួយចំនួន ដូចជា៖ វិមានជ័យជម្នះ Qutab Minar សម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភា មជ្ឈមណ្ឌល និង សាលអានរបស់សមាជិកសភា បណ្ណាល័យសភា និងសារមន្ទីរសភា ប្រាសាទតាជីម៉ាហាល់ និងប្រាសាទបន្ទាយអាហ្ក្រា។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចក្នុងនាមប្រធានអាយប៉ារបស់កម្ពុជា ទៅកាន់សាធារណរដ្ឋឥណ្ឌា នៅពេលនេះ បានធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ឥណ្ឌា ក៏ដូចជា អាយប៉ា និងសភាឥណ្ឌា កាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសក្នុងឱកាសខួប អនុស្សាវរីយ៍ ៣០ឆ្នាំអាស៊ាន-ឥណ្ឌា ក្នុងជំហានឆ្ពោះទៅកាន់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ នៅលើវេទិកាអន្តរសភា នៅក្នុងតំបន់ និងសកលលោក៕IMG_20220815_134425_453IMG_20220815_134423_891IMG_20220815_134422_312IMG_20220815_134418_514IMG_20220815_134409_470IMG_20220815_134411_581

Comments

Related posts